សម្តេច​តេ​ជោ​សែន ខកចិត្ត​នឹង​តុលាការខេត្ត​កំពង់ស្ពឺ​ដែល​ចាប់​តំណាង​ពលរដ្ឋ​២​នាក់​ឃុំខ្លួន

រាជធានី​ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សំដែង​ការ​ខកចិត្ត​ខ្លាំង​ណាស់ ដែល​តុលាការខេត្ត​កំពង់ស្ពឺ ចាប់​តំណាង​ប្រជាជន​២​នាក់​ឃុំខ្លួន បន្ទាប់​ពី​សម្តេច​បាន​ទទួល​នេះ​ភ្លាម​ៗ ។

នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ទៀត​ថា "​ខ្ញុំ​បាន​បញ្ជា​ទៅ​អភិបាលខេត្ត​ឱ្យធ្វើ​ការ​ជាមួយ​តុលាការ​ទាំង​យប់​ដើម្បី​សុំ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ ។ កូនប្រុស​ខ្ញុំ​២​នាក់ ហ៊ុន ម៉ា​និ​ត និង ហ៊ុន ម៉ា​នី កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តកំពង់ស្ពឺ​ដើម្បី​ជួយ​ប្រជាជន​ក្នុង​រឿង​នេះ​។ សង្ឃឹមថា ព្រះរាជអាជ្ញា​នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​ទាំង​២​នាក់​បាន​នៅ​ក្រៅ​ឃុំ​។ ប្រ​សិន​មិន​ទុកចិត្ត សុំ​អស់លោក​ឃុំ​កូន​ខ្ញុំ​ទាំង​២​នាក់​ជំនួស​វិញ​ចុះ ។ សូម​ក្រសួងយុត្តិធម៌​ពិនិត្យ​ករណី​នេះ​បន្ទាន់​"

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៤ មីនា​ម្សិលមិញ ប្រជាពលរដ្ឋ​ជាង​៧០​នាក់ តំណាង​ឱ្យ​៦៥​គ្រួសារ​ដែល​មក​ពី​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​មក​ដល់​មុខ​រដ្ឋសភា ដើម្បី​យក​ញត្តិ​ដាក់​ជូន​រដ្ឋសភា​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ ខេត្តកំពង់ស្ពឺ​ឱ្យ​ដោះ​លែង​ស្ត្រី​២​នាក់ ដែល​ជា​តំណាង​ពួក​គាត់ ១-​ឈ្មោះ យូ រ៉​ន និង​២-​ឈ្មោះ អ៊ិ​ត រុំ ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១១ មីនា ២០១៦ ។

ពួក​គាត់​បាន​អះអាង​ថា ជុំវិញ​ករណី​អាជ្ញាធរ​ចាប់ខ្លួន​ស្ត្រី​ទាំង​២​នាក់​ខាងលើ​នេះ ក្រោយ​ពី​ពួក​គាត់​ទាំង​៦៥​គ្រួ​សារបាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ជា មួយ​អាជ្ញា​មូលដ្ឋាន​រឿង​ដី​ចំនួន​៣៥០​ហិ​កតា ដែល​អាជ្ញាធរ​ភូមិ​ឃុបឃិត​គ្នា​យក​ទៅ​លក់​ឱ្យ​ក្រុម​ឈ្មួញ​នា​ពេល​កន្លង​មក ៕

សូមរំលឹកថា ពលរដ្ឋ​​​មក​ពី​ខេត្ត​កំពង់​ស្ពឺ​យក​ញត្តិ​ដាក់ជូន​រដ្ឋ​សភា​​​ឱ្យ​ជួយ​អន្តរាគមន៍ដោះ​លែង​ស្ត្រី​​២នាក់​