រថយន្ត២គ្រឿងបុកគ្នា​ដូចរឿងកុន ​សពមនុស្សមើល​លែងស្គាល់

ខេត្តពោធិ៍សាត់ ៖ រថយន្ត​២​គ្រឿង​​​​​​បុក​គ្នា​លាន់​កក្រើក បណ្ដាល​ឱ្យ​អ្នក​បើក​ម្នាក់​កៀប​ជាប់​ក្នុង​រថយន្ត​ស្លាប់​មើលទៅ​គួរ​ឱ្យ​រន្ធត់​ដែល​ហេតុ​ការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ មីនា ២០១៦ ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូរ​អាចម៍កុក ឃុំ​អូរ​សណ្ដាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បើករថយន្ត​ដឹក​អង្ករ មាន​ទីលំនៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ម្ខាង​ទៀត មិន​ស្គាល់​អត្តសញ្ញាណ បាន​ចុះ​ពី​រថយន្ដ​គេចខ្លួន​បាត់ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​អង្ករ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-2301 ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ។ លុះដល់​ចំណុច​កើតហេតុ បាន​រេ​ចង្កូត​ទៅ​ឆ្វេង​បុក​រះ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ទៀត ពណ៌​.​ស ដូច​គ្នា​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7818 ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឱ្យ​រថយន្ត​ដឹក​អង្ករ​ដាច់​ជញ្ជាំង​រថយន្ត​ធ្លាក់​ដល់​ដី​ធ្លាយ​ការុង​អង្ករ​ធ្លាក់​ពេញ​ថ្នល់ ។ រីឯ​អ្នក​បើករថយន្ត​ខ្ទេច​ដូច​ជាន់​មីនតោន​សុះសាច់ ដូច​ច្រៀក​ត្រីងៀត កៀប​ជាប់​ក្នុង​រថយន្ត​ក្បាល​ចុះ​ក្រោម ។

រថយន្ត​ទាំង​២​គ្រឿង សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ៕