ត្រៀមកម្លាំង​ជិត​៤​ពាន់​​ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ

រាជធានី​ភ្នំពេញ ៖ នា​​ព្រឹក​​ថ្ងៃ​ទី​១៥ មីនា ២០១៦ នៅ​សាលា​រាជធានី​ភ្នំពេញ មាន​រៀបចំ​បើក​កិច្ចប្រជុំ​ពិភាក្សា ដើម្បី​ត្រៀមនិង​ដាក់​កម្លាំង​​ការពារ​សុវត្ថិភាព​​ជូន​ប្រជាពលរដ្ឋ​ នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរប្រពៃណីជាតិ​​នា​ពេល​ខាង​មុខ ដែល​កិច្ចប្រជុំ​នេះ ស្ថិត​ក្រោម​អធិបតី​ភាព​​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ។

ក្នុង​ឱកាស​នោះ លោក​ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​មាន​ប្រសាសន៍​លើក​​ឡើង​ថា កម្លាំង​​គឺ​មាន​ជិត​៤​ពាន់​​នាក់ ដើម្បី​ត្រៀម​ដាក់​តាម​បណ្តា​រមណីយដ្ឋាន​ ដែល​ជា​កន្លែងសប្បាយ​​ៗចំនួន​១៥​ទីតាំង និង​តាម​​បណ្តា​វត្ត​ចំនួន​១៤៩​ផង​ដែរ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​ភាព​កក់ក្តៅ ។