អ្នកបើកបរ​រួមគំនិត​វះ​ទូ​កុងតឺន័រ​លួច​ទំនិញ​នាំ​ចេញ

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ដឹក​ទំនិញ​នាំ​ចេញ​១​គ្រឿង ពី​ភ្នំពេញ​ទៅ​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ ម្សិលមិញ​នេះ​បាន​ឃុបឃិត​គ្នា​លួច​យក​សម្លៀក​បំពាក់​អស់​៥០​ភាគរយ តាម​ដងផ្លូវ​ត្រូវ​បាន​ចាប់ខ្លួន ។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី បានឱ្យ​ដឹង​ថា ជនសង្ស័យ​លួច​សម្ភារ​ក្នុង​កុង​តឺ​ន​រ័​របស់​ក្រុមហ៊ុន​អ៊ុយ​នី​ញ៉ុ​ង ចំនួន​២​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផ្ទាល់ និង​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​ដែល​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ជា​អ្នក​ផ្សំ​គំនិត​ក្នុង​អំពើ​លួច​សម្ភារ​ក្នុង​កុង​តឺ​ន​រ័​នេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា​ចាប់​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១២ មីនា នៅ​ក្នុង​ព្រៃ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៤៤​និង​១៤៥ ក្នុងភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ។

លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ មីនា មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​មួយ​កើតឡើង​នៅ​ចំណុច​ផ្លូវ​ចូល​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ ។ តាម​ប្រភព​ព័ត៌មាន​ពី​ផែនការ​លួច​ទំនិញ​ក្នុង​កុងតឺន័រ​ត្រូវ​បានឱ្យ​ដឹង​ថា ឈ្មោះ​នី ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ និង​បក្សពួក​បាន​ធ្វើ​សកម្មភាព​ឡើង​ជិះ​រថយន្ត​កុងតឺន័រ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-4161 ដែល​មាន​សណ្តោង​រ៉ឺ​ម៉ក​អត់​ស្លាក​លេខ​ដឹក​ទូរ​កុងតឺន័រ ពណ៌​ឈាម​ជ្រូក ដែល​មាន​លេខ​ទូ​TEMU6162274(5) ទំហំ​៤០​ហ្វី​ត ផ្ទុក​សំលៀក​បំពាក់​សម្រាប់​នាំ​ចេញ​របស់​ក្រុម​អ៊ុយ​នី​ញ៉ុ​ង ។ ក្រុម​ជន​ទាំងនោះ​បាន​ឡើង​ជិះ​រថយន្ត​កុងតឺន័រ​ពី​កំ​បូល ខណៈ​រថយន្ត​មានដំណើរ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ ។ ការ​ឡើង​ជិះ​រថយន្ត​កុងតឺន័រ​នោះ ឈ្មោះ នី ឡើង​ជិះ​តែ​ម្នាក់ឯង ឯ​បក្សពួក​ពីរ​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ជិះ​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1993 តាម​ពីក្រោយ ដែល​សុទ្ធតែ​បក្សពួក និង​មាន​គម្រោង​ទុកជា​មុន ។

លុះ​ជិះ​មក​ដល់​ផ្លូវ​ចូល​ក្រុង​ច្បារមន​ឈ្មោះ នី បានឱ្យ​ឈ្មោះ ជួន បន ហៅ បេ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដែល​ជា​បើកបរ​រថយន្ត​អោយ​ក្រុមហ៊ុន​អ៊ុយ​នី​ញ៉ុ​ង ឈប់​រថយន្ត​កុងតឺន័រ រួច​ឱ្យ​ចុះ​ពីលើ​រថយន្ត​ឱ្យទៅ​ជិះ​រថយន្ត​កាម​រី​ឆ្លាម ដោយ​មាន​អ្នក​ការពារ​មិន​ឱ្យ​ចុះ​ទៅ​ណា​ទេ​។ រួច​ឈ្មោះ នី បាន​ឡើង​បើករថយន្ត​កុងតឺន័រ​ឆ្ពោះទៅ​ផ្លូវ​ឱ​រ៉ា​ល់​ដើម្បី​ធ្វើ​សកម្មភាព​គាស់​លួច​យក​សម្ភារ​ក្នុង​ទូ​កុងតឺន័រ ។

ក្រោយ​ពី​គាស់​លួច​យក​រួចរាល់ ម៉ោង​ប្រហែល​១១​និង​៣០​នាទី ឈ្មោះ នី បាន​បើករថយន្ត​កុងតឺន័រ​មក​ប្រគល់​ឱ្យឈ្មោះ ជួន បន វិញ​នៅ​ចំណុច​ផ្លូវ​ចូល​ក្រុង​ច្បារមន ព្រមទាំង​ប្រគល់​ប្រាក់​ចំនួន​៤.០០០​ដុល្លារ ដោយ​ប្រាប់​ថា អីវ៉ាន់​មិនសូវ​សំខាន់ ។ ក្រោយ​ពី​ទទួល​រថយន្ត​និង​ប្រាក់​រួច​ឈ្មោះ ជួន បន ក៏​បើករថយន្ត​បន្ត​ឆ្ពោះ​មក​ខេត្ត​ព្រះ​សីហ​នុ ។ លុះដល់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៥​និង​៥៦ ស្ថិត​ក្នុងភូមិ​ឡរ​.​ឃុំ​កា​ហែង​.​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​(​បឹង​ឈូក​) ក៏​ឈប់​រថយន្ត​ដើម្បី​ឱ្យ​គ្នីគ្នា​ម្នាក់​ឈ្មោះ ធូ រិ​ទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ឡើង​បើករថយន្ត​បន្ត​ឆ្ពោះ​មក​ខេត្ត​ព្រះ​សីហ​នុ ។ លុះដល់​ម៉ោង​១៣​និង​៣៦​នាទី​ថ្ងៃ​ទី​១២ មីនា លោក សឹ​ន សុធា មេការ​រថយន្ត​ក្រុមហ៊ុន អ៊ុយ​នី​ញ៉ុ​ង ដែល​រង់ចាំ​មិនឃើញ​រថយន្ត​ចូល​ដល់​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​តាម​ម៉ោង​កំណត់ ក៏​ទូរស័ព្ទ​មក​ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​តាមដាន ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២​ចំនួន​៦​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ស៊ឹ​ម សុខ​រឹទ្ធ បាន​ចេញ​ល្បាត​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ក៏​ជួប​រថយន្ត​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៤ និង​១៤៥ ស្ថិត​ក្នុងភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា​ក៏​បញ្ជា​ឱ្យ​អែប​ខាង​ឈប់​រថយន្ត ឈ្មោះ​ធូ រិ​ទ្ធី ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ។ ចំណែក​ឈ្មោះ ជួន បន ដែល​ជា​បក្សពួក​ចោរ​បាន​បើកទ្វា​រថយន្ត​ខាងស្តាំ​លោត​ចុះ រួច​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ប្រហែល​២០០​ម៉ែត្រ​ក៏​ត្រូវ​សមត្ថកិច្ច​ដេញចាប់​បាន ។

លោក​បាន​រៀបរាប់​បន្ត​ថា នៅ​រសៀល​ថ្ងៃ​ទី​១៣ មីនា ក្រោយ​ពី​មានការ​ពិភាក្សា​រវាង​គណៈកម្មការ​ចម្រុះ​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង រថយន្ត​កុងតឺន័រ​ត្រូវ​បាន​បញ្ជូន​ចូល​កំពង់​ផែ ធ្វើការ​ស្កែ​ន​ដើម្បី​ត្រួតពិនិត្យ និង​បន្ត​កាត់​សៀ​ល​ធ្វើការ​ពិនិត្យ​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៤ មីនា ។

វត្ថុ​តាង​ដែល​ដកហូត​ពី​ជនសង្ស័យ ជួន បន មាន​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់ និង​ឧបករណ៍​សម្រាប់​ជក់ ។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កសាង​សំណុំរឿង​តាម​នីតិវិធី និង​បង្កើត​ក្រុមការងារ​ដើម្បី​ត្រួតពិនិត្យ​ទូ​កុងតឺន័រ ដោយ​មានការ​ចូលរួម​ពី​លោក រស់ សា​រាំ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ពី​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ ដោយ​បើក​ទូ​កុងតឺន័រ​មើល​ទើប​ដឹង​ថា ទំនិញ​សម្លៀក​បំពាក់​ក្នុង​ទូ​បាត់​អស់​៥០​ភាគរយ ។

សមត្ថកិច្ច​កំពុង​តាមដាន​ស្រាវជ្រាវ​ស្វែងរក​ហើយ មិន​ទាន់​ដឹង​ថា ចោរ​ដឹក​យក​ទៅ​លក់​នៅ​ទីណា​នៅឡើយ​ទេ ដែល​សង្ឃឹមថា​ប្រាកដជា​រក​ឃើញ​មិន​ខាន ព្រោះ​លួច​បែប​នេះ​កើត​មាន​ច្រើន​ដង​ហើយ ៕