ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​កម្ពុជា ជាទី​ផ្សារ​ដែល​នាំ​ចូល​ផលិតផល​ពី​ក្រៅប្រទេស​ច្រើន​ជាង​នាំ​ចេញ កត្តា​ទាំង​អស់នេះ​ហើយ​ជា​បញ្ហា​ដែល​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​ត្រូវ​មានការ​បញ្ជាក់ និង​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ទៅ​លើ​ផលិតផល​ឱ្យ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ ។ កាលពី​រសៀល​ថ្ងៃ​ទី​១១ កុម្ភៈ សមាគម​អ្នក​ទីផ្សារ​កម្ពុជា ហៅ​កាត់​ថា MAC  បាន​រៀបចំ​វេទិកា​អន្តរជាតិ​មួយ​ដោយ​ប្រមូល​អ្នក​ទីផ្សារ​កម្ពុជា និង​អ្នក​ទីផ្សារ​អន្តរជាតិ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​បណ្តុះបណ្តាល​សមាជិក​អំពី​បទ​ពិសោធន៍​ពាណិជ្ជកម្ម ។

លោក គៀ បូ​រ៉ា ប្រធាន​សមាគម​អ្នក​ទីផ្សារ​កម្ពុជា បានឱ្យ​ដឹង​ថា ៖ « ប្រទេស​កម្ពុជា គឺជា​ប្រទេស​នៅ​ខ្ចី​នៅឡើយ​សម្រាប់​ទីផ្សារ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​អាស៊ាន ដោយ​សារ​ការ​នាំ​ចូល​ច្រើន​ជាង​ការ​នាំ​ចេញ តែ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​នាំ​ចេញ​ឱ្យ​បាន​ច្រើន​ផង​ដែរ ដូច​ជា​ដាក់​គោលដៅ​ជំរុញ​ការ​នាំ​អង្ករ​ចេញ​ទៅ​កាន់​បរទេស​ឱ្យ​បាន​ច្រើន ជាដើម​។ កន្លង​មក រដ្ឋមន្ត្រី​កម្ពុ​ជាមួយ​ចំនួន​ក៏​បាន​ខិតខំ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ផលិតផល​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ដើម្បី​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​ផ្សេង​ៗ និង​ដើម្បី​ឱ្យ​វិនិយោគិន​បរទេស​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក្នុង​នោះ​ដែរ រាជរដ្ឋាភិបាល​ក៏​បាន​បន្ធូរបន្ថយ​ផ្នែក​ច្បាប់​ជា​ច្រើន​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​របស់​បរទេស និង​បាន​បង្កើត​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​សម្រួល​ដល់​វិនិយោគិន​បរទេស​ងាយស្រួល​ធ្វើ​ឯកសារ​ពាក់ព័ន្ធ​នានា»។

លោក​បន្ត​ថា ៖ « អ្វី​ដែល​ប្រជាជន​កម្ពុជា ត្រូវ​ប្រឹងប្រែង​ដើម្បី​ឱ្យ​ផលិតផល​របស់​ខ្លួន​បាន​នាំ​ចេញ​ទៅ​ក្រៅ​ស្រុក​កាន់តែ​ច្រើន ជា​ទូទៅ ត្រូវ​គិត​ទៅ​លើ​គុណភាព ពីព្រោះ​គុណភាព គឺជា​រឿង​មួយ​ដែល​មាន​សារសំខាន់​បំផុត យើង​អាច​ធ្វើ​វា​បាន តែ​គុណភាព​យើង​អន់ ក៏​មិន​អាច​យក​ទៅ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​បាន​ដែរ ។ ម្យ៉ាងទៀត ទំនិញ​នៅ​ក្នុងស្រុក​ខ្មែរ នៅ​ពុំ​ទាន់​បាន​កំណត់​អំពី​ស្តង់ដា​គុណភាព​ឱ្យ​បាន​ខ្ពស់​នៅឡើយ​ទេ » ។

លោក​បន្ថែម​ថា ៖ « បើ​មើលទៅ​ប្រជាជន​កម្ពុជា នៅ​មិន​ទាន់​បាន​គាំទ្រ​ទំនិញ​ដែល​ផលិត​នៅ​ក្នុងស្រុក​បាន​១០០​ភាគរយ​នៅឡើយ​ទេ ដោយសារ​គិត​ថា ទំនិញ​ក្នុងស្រុក​គ្មាន​គុណភាព​ដូច​ទំនិញ​ដែល​នាំ​ចូល​មក ទាំងនេះ​ហើយ​ដែល​អ្នក​ផលិត​ក្នុងស្រុក​ត្រូវ​ពិនិត្យ និង​ធ្វើ​យ៉ាងណា​ឱ្យ​ទំនិញ​ក្នុងស្រុក​មានគុណ​ភាព​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំ​ចូល ។ ដើម្បី​ឱ្យ​ទំនិញ​ក្នុងស្រុក​យើង​មានការ​ទទួលស្គាល់ និង​ប្រើប្រាស់​ច្រើន​ពី​ប្រជាជន​កម្ពុជា ត្រូវ​តែ​មាន​ស្ថាប័ន​ស្ដង់ដា​ណាមួយ​សម្រាប់​ពិនិត្យ​មើល​គុណភាព​ទំនិញ​ដែល​ផលិត​ក្នុងស្រុក និង​ចេញ​ជា​លិខិតបញ្ជាក់​មួយ​ថា ទំនិញ​នោះ​ស្រប​តាម​ស្តង់ដា​ត្រឹមត្រូវ មាន​អនាម័យ និង​គុណភាព​ល្អ » ។

លោក​បញ្ជាក់​ថា ៖ « ចំពោះ​ការ​រៀបចំ​វេទិកា​ទីផ្សារ​លំដាប់​អន្តរជាតិ​នៅ​ពេល​នេះ គឺ​មាន​សារសំខាន់​ណាស់ ។ នៅ​រយៈពេល​ជាង​៣០​ឆ្នាំ​មក វេទិកា​បែប​នេះ​មិន​ដែល​មាន​ទេ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​អ្នក​ទីផ្សារ​ចំនួន​១៣​ប្រទេស​ចូលរួម ជា​ពិសេស អ្នក​ទីផ្សារ​មក​ពី​ប្រទេស​អាស៊ាន ដើម្បី​សិក្សា​ពី​សក្ដានុពល​ទីផ្សារ​របស់​កម្ពុជា » ៕