ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃទី​១៥ មីនា ២០១៦ នេះ សមាគមន៍​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា (GMAC) និង​របប​សន្តិសុខ​សង្គម ហៅកាត់​ថា (បសស) បាន​រៀប​ចំ​ធ្វើ​សិក្ខា​សាលាផ្សព្វផ្សាយ​​ស្តីពី​ដំណើរ​ការ​នៃ​ការ​អនុវត្ត​​របប​សន្តិសុខ​សង្គម ផ្នែក​ថែ​ទាំ​សុខភាព​សម្រាប់​កម្មករនិយោជិត ​ដែល​រៀប​ចំ​​​ធ្វើ​ឡើងនៅ​សណ្ឋាគារ​ភ្នំពេញ ។

សិក្ខា​សាលា​ដើម្បី​ផ្សព្វផ្សាយ​​ស្តីពី​ដំណើរ​ការ​នៃ​ការ​អនុវត្ត​​របប​សន្តិសុខ​សង្គម​ខាង​លើ​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតេយ្យ​ភាព លោក ​អ៊ុក សមវិទ្យា នាយក​​របប​សន្តិសុខ​សង្គម ​និង​មាន​ការ​ចូល​រួម​ពី​​កម្មករ​​និយោជិត​​តំណាង​​​ឱ្យ​និយោជក ​​​សរុប​​ប្រមាណ​ជិត​២០០នាក់ ។​

ការ​​ធ្វើ​​សិក្ខា​សាលា​​​ខាង​លើនេះ​ ​ក្នុង​គោល​បំណង​​​រៀប​ចំ​អនុ​វត្ត​ជំហាន​ទី២ ផ្នែក​​ថែទាំ​សុខភាព​ និង​ធានា​​ការ​ការ​ពារ​សុខភាព​​ជូន​កម្មករនិយោជិត​២៤​ម៉ោង​លើ​២៤​ម៉ោង​ ដែល​រាជ​រដ្ឋាភិបាល​​បាន​ដាក់​ចេញ​នូវ​អនុក្រឹត្យ​​កាលពី​​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៦ ​​កន្លង​មក​នេះ ៕