ល្អមើលទៀត! ភ្នំពេញក្រោន ណាត់ណាហ្គាវើល សាកល្បង សមត្ថភាពសាជាថ្មី

ភ្នំពេញ៖ អ្នកគាំទ្រនឹងបាន ទស្សនាជំនួប ដ៏អស្ចារ្យសាជាថ្មី រវាងក្រុមការពារ តំណែងជើងឯក លីកកំពូលកម្ពុជា ភ្នំពេញក្រោន និងអតីតក្រុមជើងឯករងឆ្នាំចាស់ ណាហ្គាវើល នៅក្នុងជំនួប កម្ដៅសាច់ដុំសាកល្បង សមត្ថភាព នៅលើទីលានកីឡា RSN នាវេលាម៉ោង ៤ល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ ។

សូមរំឮកថា ក្រុមជើងខ្លាំងទាំងពីរ ធ្លាប់បានជួបគ្នា ជាផ្លូវការម្ដង រួចមកហើយ នៅក្នុងជំនួបជើងទី១ នៃការប្រកួតក្របខណ្ឌ លីកកំពូលកម្ពុជា កាលពីដើមខែកន្លងទៅ ប៉ុន្ដែជាលទ្ធផលនោះ គឺក្រុមណាហ្គាវើល ជាអ្នកឈ្នះដោយលទ្ធផល បច្ចេកទេស ២-១ ស្ទើមិនគួរឲ្យជឿឡើយ ។

ដោយមើលឃើញថា សមិទ្ធិផលទទួលបាន ពីការប្រកួតបើកឆាក ៣លើកកន្លងទៅ មិនសូវជាល្អប៉ុន្មាននោះ នៅចុងសប្ដាហ៍នេះ ថ្នាក់ដឹកនាំក្រុមភ្នំពេញក្រោន ក៏ណាត់ណាហ្គាវើល ប្រកួតជាថ្មី ក្នុងន័យលក្ខណៈមិត្តភាព ដើម្បីវាស់ស្ទង់ពី សមត្ថភាពរបស់ខ្លួន ដែលទើបផ្លាស់ប្ដូរគ្រូបង្វឹកថ្មី និងកីឡាករមួយចំនួននោះ ។

គួរបញ្ជាក់ថា ជាបណ្ដោះអាសន្ន សម្រាប់លទ្ធផល ៣ប្រកួតបើកឆាក លីកកំពូលកម្ពុជា រដូវកាលថ្មីនេះ ក្រុមភ្នំពេញក្រោន និងក្រុមណាហ្គាវើល គឺរកបាន ៤ពិន្ទុស្មើគ្នា បន្ទាប់ពីទទួលបានជ័យជម្នះម្ដង ចាញ់ម្ដង និងស្មើម្ដង ៕

ល្អមើលទៀត! ភ្នំពេញក្រោន ណាត់ណាហ្គាវើល សាកល្បង សមត្ថភាពសាជាថ្មី

ល្អមើលទៀត! ភ្នំពេញក្រោន ណាត់ណាហ្គាវើល សាកល្បង សមត្ថភាពសាជាថ្មី