​មនុស្ស​ធំ​ខ្វះ​អាហារូបត្ថម្ភ មាន​អាការៈ​ដូច​ម្តេចទៅ​?

​មនុស្ស​ធំ​ខ្វះ​អាហារូបត្ថម្ភ មាន​អាការៈ​ដូច​ម្តេចទៅ​?

​កង្វះ​អាហារូបត្ថម្ភ គឺជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ ដែល​អាច​កើតឡើង នៅ​ពេល​របប​អាហារ មិន​មាន​ជីវជាតិ​ត្រឹមត្រូវ​។ នៅពេល​ដែល​អ្នក​ញ៉ាំ​ជីវជាតិ មិន​បាន​គ្រប់គ្រាន់ និង​ច្រើន​ពេក​នោះ សុទ្ធ​តែ​អាច​និយាយបាន​ថា ខ្វះ​អាហារូបត្ថម្ភ​ទាំងអស់​។

​អ្នក​ប្រហែលជា​ភ្ញាក់ផ្អើល​ហើយ ដែល​ដឹង​ថា ទោះបីជា​អ្នក​ធាត់​ជ្រុល​ហើយ​ក៏​ដោយ តែ​ក៏​អាច​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ដែរ​។ ពិតណាស់ របប​អាហារ​មាន​កាឡូរី​ខ្ពស់ តែ​កង្វះ​ជីវជាតិ គឺជា​កត្តា​ដ៏​សំខាន់​មួយ ដែល​នាំ​ឲ្យ​មនុស្ស​យើង​ធាត់​ជ្រុល​។

​អ្នក​ក៏​អាច​ត្រូវបាន​គេ​ចាត់ទុកថា ខ្វះ​អាហារូបត្ថម្ភ​ដែរ បើសិន​ជា​អ្នក​មាន​បញ្ហា ក្នុងការ​បឺត​ស្រូប​ជីវជាតិ​ពី​ចំណីអាហារ​។ រឿង​នេះ​អាច​ដោយសារតែ របៀប​រស់នៅ​បែប​ស៊ី​ដេកៗ មាន​បញ្ហា​សុខភាព​រយៈពេល​យូរ ឬ​មាន​ចំណូល​ទាប​។

កង្វះ​អាហារូបត្ថម្ភ អាចឲ្យនិយម​ន័យបាន នៅពេលដែល BM ទាប​ជាង ១៨,៥​។ ចំពោះ​កម្រិត​តិចតួច​ទៅ​មធ្យម គឺ​នៅ​ចន្លោះ ១៦,០ ទៅ ១៨,៥ ប៉ុន្តែ បើ​ធ្ងន់ធ្ងរ គឺ​ទាប​ជាង ១៦​។

កង្វះ​អាហារូបត្ថម្ភ​លើ​មនុស្ស​ធំ មាន​បី​ប្រភេទ ៖

  • ​ទាក់ទង​នឹង​ការ​មិន​ឃ្លាន​
  • ​មាន​ជំងឺ​ស្រួចស្រាវ ឬ​របួស​ដែល​ពាក់ព័ន្ធ​
  • ​មាន​ជំងឺ​រ៉ាំរ៉ៃ​។​

​ការសិក្សា​ថ្មី​បានបង្ហាញ​ថា ថ្វី​បើ​ការមិន​ឃ្លាន និង​ជំងឺ​ស្រួចស្រាវ ទាក់ទង​នឹង​កង្វះ​អាហារូបត្ថម្ភ អាច​រកឃើញ​ដោយ​ងាយ​ក៏ដោយ ក៏​ជំងឺ​រ៉ាំរ៉ៃ ទាក់ទង​នឹង​កង្វះ​អាហារូបត្ថម្ភ គឺ​ពិបាក​កត់សម្គាល់​ណាស់ ជាពិសេស អ្នកជំងឺ​ធាត់​ជ្រុល​តែម្តង​។

​អាការៈ​ភាគច្រើន នៃ​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​លើ​មនុស្ស​ធំ គឺ​ស្រក​ទម្ងន់​ពី ៥ ទៅ ១០ ភាគរយ នៃ​ទម្ងន់​រាងកាយ​សរុប រយៈពេល ៣ ទៅ ៦ ខែ​។

​ម្យ៉ាងវិញទៀត អា​ការៈនៃការ​ញ៉ាំ​ជីវជាតិ​ជ្រុល​វិញ​នោះ គឺ​ដោយសារតែ​ញ៉ាំ​ច្រើន​។ ពេលខ្លះ ការ​ញ៉ាំ​ជីវជាតិ​ពិសេស និង​អតុល្យភាព​ជីវជាតិ​ក្នុង​ខ្លួន ដោយសារ​តែ​របប​អាហារ ក៏​អាច​បណ្តាលឲ្យ​លើស​ជីវជាតិ​ដែរ​។ ដូច្នេះ អ្នក​គួរតែ​សម្រក​ទម្ងន់​វិញ​។

អាការៈ​ផ្សេងទៀត មានដូចជា ៖

  • ​ខ្សោយ​សាច់ដុំ​
  • ​មាន​អារម្មណ៍​អស់កម្លាំង​រហូត​
  • ​ងាយ​រង​ការបង្ក​រោគ​
  • ​វិលមុខ​
  • ​បាក់​ទឹកចិត្ត​
  • ​អារម្មណ៍​ប្រែប្រួល​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។