កង្វះ​អាស៊ីតហ្វូលិ​ក ធ្វើឲ្យ​មាន​អារម្មណ៍​បាក់ទឹកចិត្ត​

កង្វះ​អាស៊ីតហ្វូលិ​ក ធ្វើឲ្យ​មាន​អារម្មណ៍​បាក់ទឹកចិត្ត​

​ការបាក់​ទឹកចិត្ត គឺជា​បញ្ហា​ផ្លូវចិត្ត​មួយ ដែល​កើតមាន​ជា​ញឹកញាប់​បំផុត ហើយ​អាច​ប៉ះពាល់ ដល់​ជីវិត​រស់នៅ​ទៀតផង​។ អាការៈ​របស់​បញ្ហា​មួយ​នេះ មានដូចជា នឿយហត់ លែង​ចាប់អារម្មណ៍ និង​លែង​សប្បាយ គេង​មិន​លក់ មិន​ឃ្លាន​អាហារ និង​មិន​អាច​ផ្ចង់អារម្មណ៍​បាន​។ តាមពិត ការសិក្សា​ជា​ច្រើន​រកឃើញថា ស្ត្រេ​ស និង​ការបាក់​ទឹកចិត្ត ក៏​អាច​បណ្តាលឲ្យមាន​បញ្ហា​ផ្លូវកាយ ក្នុង​រយៈពេល​យូរ​បាន​ដែរ​។

​ខណៈពេល​ដែល​អា​ការៈបាក់​ទឹកចិត្ត ច្រើន​តែ​អាច​ព្យាបាល ដោយ​ប្រើ​ថ្នាំ​ប្រឆាំងនឹង​ជំងឺ​បាក់​ទឹកចិត្ត និង​ការពិគ្រោះ​ជំងឺ​នោះ របប​អាហារ​អ្នក​ញ៉ាំ​រាល់ថ្ងៃ ក៏​អាច​ដើរតួនាទី​មួយ ក្នុង​ការប្រឆាំង​នឹង​បញ្ហា​ផ្លូវចិត្ត​មួយ​នេះដែរ​។ មធ្យោបាយ​មួយ សម្រាប់​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត​នោះ គឺ​ការបន្ថែម​អាហារ​បំប៉ន ប្រភេទ​អាស៊ីតហ្វូលិ​ក ទៅ​ក្នុង​របប​អាហារ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា កាលណា​ចំនួន​អាស៊ីតហ្វូលិក​ក្នុងឈាម​ថយចុះ ច្រើន​តែ​កើតមាន​លើ​មនុស្ស មាន​បញ្ហា​បាក់​ទឹកចិត្ត​។ ការ​សិក្សា​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Psychosomatic Research រកឃើញថា ការព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត ដោយ​ប្រើ​ថ្នាំ​អាស៊ីតហ្វូលិ​ក ២ មី​លី​ក្រាម ឃើញថា​មាន​ប្រយោជន៍​ច្រើន​។

តាមពិត កង្វះ​អាស៊ីតហ្វូលិក​ក្នុងឈាម ត្រូវបាន​អ្នក​ស្រាវជ្រាវ​រកឃើញ​ថា កើត​មាន​ស្មើរ​នឹង មួយ​ភាគ​បី​នៃ​អ្នកជំងឺ​បាក់​ទឹកចិត្ត​ទាំងអស់​ទៅ​ហើយ​។ អាស៊ីតហ្វូលិ​ក ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​វីតាមីន B9 គឺជា​របស់ ដែល​រាងកាយ​ត្រូវការ ដើម្បី​បង្កើត​ជា​គ្រាប់​ឈាមក្រហម ការលូតលាស់​របស់​កោសិកា និង​ការ​បំបែក​ខ្លួន ព្រមទាំង​មុខងារ​ផ្សេងៗ​ទៀត​។ គ្រូពេទ្យ​បាន​រកឃើញថា កង្វះ​អាស៊ីតហ្វូលិ​ក ក៏​អាច​នាំឲ្យ​មាន​ការឆ្លើយតប កាន់​ខ្សោយ​ទៅនឹង ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​ផងដែរ​។​

អាស៊ីតហ្វូលិ​ក ត្រូវបាន​គេ​រកឃើញ​ថា មាន​ប្រសិទ្ធភាព​ព្យាបាល អា​ការៈបាក់​ទឹកចិត្ត តាមរយៈ​ការចូលរួម បង្កើត​នូវ​សារធាតុ Serotonin, Dopamine និង Norepinephrine ជា​ប្រយោល ដែល​វា​ទាំងបី​នេះ​ជា​សារធាតុ​ចម្លង​សរសៃប្រសាទ ដែល​មាន​នាទី​ក្នុង​ការសម្របសម្រួល​អារម្មណ៍​របស់​មនុស្ស​។ ខណៈពេល​ដែល​អ្នកស្រាវជ្រាវ នៅតែ​មិន​អាច​រកឃើញ​ថា កម្រិត​អាស៊ីតហ្វូលិក​ប៉ុន្មាន​ប៉ុន្មាន​សម្រាប់​ព្យាបាល​នោះ តែ​ការប្រើ​ពី ១ ទៅ ២ មី​លី​ក្រាម​ទំនងជា​អាច​មាន​ប្រយោជន៍​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ​ផ្សេងៗ​ទៀត​ដែរ​នោះ អ្នក​គួរតែ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជា​សិន មុនពេល​ត្រូវ​ការប្រើ​ថ្នាំ​អាស៊ីតហ្វូលិ​កនេះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។