ល្បែង​បញ្ជល់មាន់​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​តាម​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង ខេត្តកណ្ដាល និង​ខេត្តកំពង់ស្ពឺ

​ថ្មីៗ​នេះ​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ​នៅ​តំបន់​វាល​ឥន្ទ្រី ភូមិ​ព្រះ​ស្រែ ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប ហើយ​ចាប់ខ្លួន​មនុស្ស​២​នាក់ ម៉ូតូ​១០​គ្រឿង តុ​បាញ់អាប៉ោង​ធំ​១ មាន់​ជល់​១​ក្បាល និង​សម្ភារៈ​ជាច្រើន​ទៀត​។ ក៏ប៉ុន្តែ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៦​នោះ ពុំមាន​ប្រសិទ្ធភាព​ទេ​ព្រោះ​មន្ត្រី​យោធា​ពាក់​ស័​ក្តិ៍​៤​ម្នាក់ ឈ្មោះ សូ ឆ​ង នៅតែ​អាច​បើក​សង្វៀន​បញ្ជល់មាន់​និង​បង្កប់​ល្បែង​បៀ​អាប៉ោង​ជា​បន្តបន្ទាប់​តាម​ព្រំប្រទល់​ក្នុង​ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និង​ខេត្តកណ្ដាល​។ ដូច្នេះ​ទាល់តែ​សមត្ថកិច្ច​ទាំង​៣​ខេត្ត សហការគ្នា​បង្ក្រាប​ទើប​អាច​លុបបំបាត់​ល្បែង​បញ្ជល់មាន់​របស់​មន្ត្រី​យោធា ឈ្មោះ សូ ឆ​ង ប្រកបដោយ​ប្រសិទ្ធភាព​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង និង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​នៅ​ភូមិ​ព្រះ​ស្រែ ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​រួចមក ឈ្មោះ សូ ឆ​ង បាន​ទៅ​បើក​សង្វៀន​បញ្ជល់​មាន់នៅ​ស្រុក​ពញាឮ ខេត្តកណ្ដាល​។ ប្រភព​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៦ ឈ្មោះ សូ ឆ​ង ទៅ​បើក​សង្វៀន​បញ្ជល់​មាន់នៅ​ក្រោយ​រោងចក្រ​មួយ​ខាងកើត​ផ្លូវជាតិ​លេខ​៥១ ភូមិ​ត្រពាំង​ពុទ្រា ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្ដាល ជាប់​ព្រំប្រទល់​ខេត្តកណ្ដាល ហើយ​គេ​ប្រកាស​លេខ​ពេញ​មួយ​សប្ដាហ៍​តែម្តង​ដោយ​មិន​ខ្លាច​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​បង្ក្រាប​ឡើយ​។ នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ ឈ្មោះ សូ ឆ​ង បាន​ទៅ​បើក​សង្វៀន​បញ្ជល់​មាន់នៅ​ចំណុច​ក្រោយ​វត្ត​សំណ ក្នុងភូមិ​ព្រះ​ស្រែ ឃុំ​លង្វែក​ដដែល គឺ​ជាប់​ព្រំប្រទល់​ខេត្តកណ្ដាល ហើយ​ពុំមាន​សមត្ថកិច្ច​ណា​ចុះទៅ​ពិនិត្យមើល​និង​ចាត់វិធានការ​បង្ក្រាប​នោះទេ​។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​លង្វែក បាន​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​រប​ស់​មន្ត្រី​យោធា​ពាក់​ស័​ក្តិ៍​៤ ឈ្មោះ សូ ឆ​ង បាន​បើក​លេងល្បែង​បញ្ជល់មាន់​និង​អាប៉ោង​ទ្រង់ទ្រាយ​ធំ ព្រោះ​បញ្ជល់មាន់​មួយគូៗ​មាន​ដាក់​ដើម​ថា​ន់​ពី​១០០០​ដល់​៥០០០​ដុល្លារ​។ សង្វៀន​បញ្ជល់មាន់​និង​បាញ់អាប៉ោង​របស់​ឈ្មោះ សូ ឆ​ង មាន​សមាសភាព​អ្នកចូលរួម​លេខ​ជា​ថៅកែ​ធំៗ​ជិះ​រថយន្ត​ទំនើបៗ ហើយ​ក៏មាន​សមត្ថកិច្ច​ស្លៀកពាក់​ឯកសណ្ឋាន​ទៅលេង​យ៉ាង​គគ្រឹកគគ្រេង​ផងដែរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និង​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​ខេត្ត​ទាំង​៣​នេះ បង្ក្រាប​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​របស់​មន្ត្រី​យោធា​ឈ្មោះ សូ ឆ​ង ឲ្យ​បាន​ឆាប់​បំផុត​ព្រោះ​បច្ចុប្បន្ន​អំពើចោរកម្ម​លួច​ឆក់​ប្លន់​និង​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​រាលដាល​យ៉ាង​ពេញបន្ទុក​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដោយ​សន្តិសុខ​សង្គម​៕

KA-05-02-2016-09-1 KA-05-02-2016-06-1-1 KA-05-02-2016-10-1 KA-14-03-2016-16