ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​ដោយ​ជនល្មើស​ឃុបឃិត​ជាមួយ​មន្ត្រី​បរិស្ថាន​

​ថ្មីៗ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​បរិស្ថាន​គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​ជ្រៅ​ជាងគេ​ក្នុង​រឿងនេះ​។ ក្រោយពេល​ទទួលរង​នូវ​ការរិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ទើប​មន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេត្តពោធិ៍សាត់ ធ្វើជា​ភ្ញាក់រលឹក​បង្ក្រាប​បទល្មើស​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ហើយ​បំផ្លាញ​វត្ថុតាង​ចោល​នៅនឹងកន្លែង​ទៀតផង​។ ទោះជា​យ៉ាងណា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​បរិស្ថាន ជាពិសេស​ក្រុម​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពុង​ព្យាយាម​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​ក្រោយពេល​ប្រឈម​នឹង​ការរិះគន់​ជុំ​ទិស​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២១០៦ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្ថិតក្នុង​ឃុំ​ស​ន្ទ្រែ ឃុំរ​កាត ស្រុក​ភ្នំក្រវាញ​។ នៅក្នុង​ការបង្ក្រាប​នោះ​សមត្ថកិច្ច​ចម្រុះ​បាន​បំផ្លាញ​ទីតាំង​និង​ឧបករណ៍​ក្នុង​រោង​ម៉ាស៊ីន​អារឈើ​ចំនួន​៤​កន្លែង​ផ្សេងគ្នា និង​បាន​ត្រួតពិនិត្យ​ការ​រុករាន​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ផងដែរ​។ បញ្ហា​នេះ​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​តា​ម​ដាន​ដោយ​យកចិត្តទុកដាក់ ព្រោះ​ដឹង​ជាមុន​ថា​មន្ត្រី​បរិស្ថាន​កំពុងតែ​លេងល្បិច​ដើម្បី​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​ដែលជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ក្នុង​តំបន់​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បានកើត​ឡើង​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ជា​អ្នក​ឃុបឃិត​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ជនល្មើស ទើប​ក្រុម​ជនល្មើស​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​រទេះ រថយន្ត​កែច្នៃ គោយន្ត​កន្ត្រៃ​ចេញពី​ព្រៃ​យ៉ាង​រលូន​។ មានន័យថា ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កាលពី​ថ្ងៃទី​១២-១៣ ខែមីនា ឆ្នាំ​២០១៦ គ្រាន់តែ​ជា​មធ្យោបាយ​របស់​មន្ត្រី​បរិស្ថាន ដើម្បី​បិទបាំង​អំពើអាក្រក់​របស់​ពួកគេ​ប៉ុណ្ណោះ ព្រោះ​ការពិត​ឈើ​ក្នុង​តំបន់​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ស្ទើរតែ​វិនាស​ហិនហោច​ទៅហើយ​៕

e-3 e-1 e-5 e-4