នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​បញ្ហា​កើតឡើង​មិន​អស់​មិន​ហើយ​ដោយសារ​មន្ត្រី​អាជ្ញាធរ​គិតតែ​រឿង​ផលប្រយោជន៍​

​ក្រោយពេល​លោក យន្ត មីន ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ ជំនួស​លោក ឈិ​ត សុខុន រួចមក​ពុំមាន​ការកែទម្រង់​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះទេ ផ្ទុយទៅវិញ​ករណី​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​និង​ករណី​ចាក់ដី​លុប​ព្រៃកោងកាង​នៅតែ​កើតឡើង​យ៉ាង​រាលដាល​ដូច​មុន​ដដែល​។ ឥឡូវនេះ​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ បាន​រិះគន់​អាជ្ញាធរខេត្ត​ថា ប្រគល់​ទីតាំង​សួនច្បារ​មហោស្រព​សម្រាប់​លំហែកាយ​នៅ​ចំ​កណ្ដាល​ក្រុង ឲ្យ​ទៅ​ឈ្មួញ​ឯកជន​យក​ធ្វើជា​ចំណតរថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​និង​ដឹកជញ្ជូន​ទំនិញ​ជា​ផលប្រយោជន៍​បុគ្គល​។ ប្រការនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ក្រុង​ទេសចរណ៍​មាត់សមុទ្រ​។

​សូមបញ្ជាក់ថា​ការរិះគន់​របស់​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ធ្វើឡើង​បន្ទាប់ពី​លោក យន្ត មីន អនុញ្ញាត​ឲ្យ​ឈ្មួញ​ឬ​អ្នកដេញថ្លៃ​ចំណតរថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​អាច​យក​ទីតាំង​សួនច្បារ​មហោស្រព​ធ្វើជា​ចំណតរថយន្ត​។ ហេតុនេះហើយ​ទើប​មានប្រតិកម្ម​ខ្លាំងៗ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្លា​ប់យក​សួនច្បារ​មហោស្រព​សម្រាប់​អង្គុយលេង​ឬ​ជួបជុំ​ហាត់ប្រាណ​ដើម្បី​សុខភាព​។ ឥឡូវនេះ​សួនច្បារ​ទាំងមូល​ត្រូវគេ​ឈូសឆាយ​ធ្វើជា​ចំណតរថយន្ត​និង​ជីក​កកាយ​ធ្វើ​បង្គន់​អនាម័យ​នៅលើ​សួនច្បារ​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​បំផ្លាញ​សោភ័ណភាព​ក្រុង​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​សួនច្បារ​មហោស្រព បាន​អំពាវនាវ​ឲ្យ​លោក យន្ត មីន រក​កន្លែង​ផ្សេង​សម្រាប់​ធ្វើជា​ចំណតរថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ ដឹកជញ្ជូន​ទំនិញ កុំ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ក្រុង​តទៅទៀត​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​កាលពី​ជំនាន់​លោក ស្បោង សា​រ៉ា​ត នៅ​ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ បាន​ពុះ​ច្រៀក​ដី​សួនច្បារ​មហោស្រព​លក់​ឲ្យ​ឯកជន​អស់​មួយ​ចំហៀង ហើយ​ដី​ដែល​លក់​នោះ​ត្រូវគេ​សង់​ជា​ផ្ទះល្វែង​រាប់រយ​ល្វែង​ធ្វើ​ឲ្យ​សួនច្បារ​ដែល​នៅសល់​មាន​សភាព​តូចចង្អៀត​យ៉ាងខ្លាំង​។ ឥឡូវនេះ​ស្រាប់តែ​លោក យន្ត មីន បានអនុញ្ញាត​ឲ្យ​ឈ្មួញ​យក​ទីតាំង​សួនច្បារ​មហោស្រព​នោះ​សម្រាប់​ធ្វើជា​ចំណតរថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ និង​ដឹកជញ្ជូន​ទំនិញ​បង្ក​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​កណ្ដាល​ក្រុង​ទេសចរណ៍ ហើយក៏​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​។ បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញថា អភិបាលខេត្ត​ព្រះសីហនុ ដែល​ផ្លាស់ប្ដូរ​ពីមួយ​ទៅមួយ​គឺ​ពួកគេ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស ហើយ​មិនដែល​ខ្វល់​ពី​ផលប្រយោជន៍​ជាតិ​និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទាល់តែសោះ​៕

yun-620លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ រងការរិះគន់ពីប្រជាពលរដ្ឋ
316e6a32-4708-4fba-9c40-cedbe16f1bde​ ​