ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ គឺជា​ប្រភព​ចំណូល​របស់​មេ​គយ​ចល័ត​ផ្លូវជាតិ​លេខ​២ និង​លេខ​៣

​វិធានការ​កែទម្រង់រ​បស់​ស្ថាប័នគយ​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​មន្ត្រី​គយ​ចល័ត និង​មន្ត្រី​គយ​តាម​ច្រកព្រំដែន ក៏ដូចជា​ប្រធាន​សាខាគយ​តាម​បណ្ដា​ខេត្ត​នានា នៅតែ​បន្តសកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ជាក់ស្តែង​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដែល​ឈ្មួញ​នាំចូល​ពី​ស្រុក​យួន​តាម​ខេត្តតាកែវ និង​ខេត្តកំពត ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣ ត្រូវបាន​គេ​ដឹងថា ជា​ប្រភព​ចំណូល​របស់​មេ​គយ​ចល័ត​នៅលើ​ផ្លូវជាតិ​ទាំង​២​នេះ​។ ភ្នាក់ងារ​គយ​តូចតាច​នៅក្នុង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មេ​គយ​ចល័ត​ប្រចាំ​ផ្លូវជាតិ​លេខ​២​និង​លេខ​៣ ប្រមូល​លុយ​បាន​ច្រើន​ពាន់​ដុល្លារ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​បំផុត​។

ភ្នាក់ងារ​គយ​តូចតាច​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែលជា​មន្ត្រី​មានអំណាច​មួយចំនួន​បាន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​យួន​ចូល​តាម​ខេត្តតាកែវ ខេត្តកំពត ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ក្នុង​មួយថ្ងៃៗ​រាប់រយ​តោន​។ ក្នុងនោះ​មេ​គយ​ចល័ត​លើផ្លូវ​ជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣ ដែលមាន​រហស្សនាម​ថា គ្រូ​ចិន​ខ្សែ ហើយ​មានការ​បើកដៃ​ពី​លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តកណ្ដាល​ផង​នោះ កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​។ ក្នុងចំណោម​ទំនិញគេចពន្ធ​មានដូចជា គ្រឿងបន្លាស់​រថយន្ត ម៉ូតូ គ្រឿងបន្លាស់​អេឡិចត្រូនិក គ្រឿងសំណង់ និង​ទំនិញ​ចាប់ហួយ​ជាច្រើន​ប្រភេទ​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា មេ​គយ​ចល័ត​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ កំពុង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ពី​ឈ្មួញ​ដឹកជញ្ជូន​និង​នាំចូល​ត្រី​ខុសច្បាប់​ពី​ប្រទេស​យួន​ចូល​តាម​ច្រកព្រំដែន​ក្នុង​ខេត្តតាកែវ​។ មាន​សេចក្ដីរាយការណ៍​ថា ការនាំ​ចូល​ត្រី​ខុសច្បាប់​ឬ​ទំនិញ​ជា​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​ក្នុង​មួយថ្ងៃៗ​រាប់រយ​តោន ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣ ទោះ​មាន​លិខិតអនុញ្ញាត​ពី​ក្រសួងកសិកម្ម​យ៉ាងណាក៏ដោយ ក៏ត្រូវ​បង់លុយ​ឲ្យ​គយ​ចល័ត​លើផ្លូវ​ជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣ តាម​ការកំណត់​ដែរ​។ បើ​ឈ្មួញ​ណា​មិន​បង់លុយ​តាម​ការកំណត់​ទេនោះ ប្រាកដជា​ត្រូវ​ក្រុម​គយ​ចល័ត​ផ្លូវជាតិ​ទាំង​២​នេះ ទាមទារ​ពិនិត្យ​ឯកសារ​និង​រក​លេស​ធ្វើ​ការរំខាន​សព្វបែបយ៉ាង​ជាមិនខាន​។ បញ្ហា​នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ផងដែរ ព្រោះ​គយ​ចល័ត​លើផ្លូវ​ជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣ មិន​បង្ក្រាប​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ តាម​តួនាទី​របស់ខ្លួន​ម្តងណា​ឡើយ គឺ​ពួកគេ​គិតតែ​ពី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ក្នុង​រូបភាព​ពុករលួយ​ដល់​ឆ្អឹង​តែម្តង​៕

03លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ
WAT-140330