កូរ៉េ​ខាងជើង​នឹង​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ព្រមទាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ

យោង​តាម YONHAP ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៥ មីនា ពី​ផែនការ​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ដើម្បី​បន្ត​ការ​បង្កហេតុ​ក្រោយ​ការ​សាកល្បង​របស់​ដែល​ហៅ​ថា គ្រាប់បែក​អុ​ី​ដ្រូ​ហ្សែ​ន​កាលពី​ថ្ងៃ​ទី​៦ មក​រា កន្លង​ទៅ​នេះ​មក ។

មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ថ្លែង​ថា ការ​សាកល្បង​បំផ្ទុះ​គ្រាប់​នុយក្លេអ៊ែរ និង​ការ​បាញ់​សាកល្បង​កាំជ្រួច​បាលី​ស្ទិ​ក​ច្រើន​ប្រភេទ ដែល​អាច​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នឹង​ធ្វើ​ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ ដើម្បី​ពង្រឹង​ថែម​ទៀត​ភាព​គួរ​ឱ្យ​ជឿជាក់​នៃ​សមត្ថភាព​វាយប្រហារ​នុយក្លេអ៊ែរ ។ នេះ​ជា​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA ។

លោក​គី​ម ជុង​អ៊ុ​ន ប្រកាស​បែប​នេះ​ពេល​លោក​ទៅ​ត្រួតពិនិត្យ​ការ​ធ្វើ​ត្រាប់​ចូល​ទៅ​កាន់​បរិយាកាស​នៃ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ។ លោក​គី​ម ជុង​អ៊ុ​ន ក៏​ចេញ​បញ្ជា​ផង​ដែរ​ឱ្យ​ធ្វើការ​សាកល្បង​មួយ ដើម្បី​វាយតម្លៃ​លើ​ស្ថានភាព​នៃ​កំ​ដៅ​របស់​ក្បាល​គ្រាប់​បំពាក់​នឹង​កាំជ្រួច​ផលិត​ដោយ​ការ​ខិតខំ​ប្រឹងប្រែង និង​បច្ចេកវិទ្យា​ក្នុងស្រុក ព្រមទាំង​លើ​សម្ភារ​ដែល​ធន់​នឹង​កំ​ដៅ ។

លោក​គី​ម ជុង​អ៊ុ​ន គូសបញ្ជាក់​ថា​យើង​សម្រេច​បាន​ប្រកបដោយ​មោទនភាព​នូវ​បច្ចេកវិទ្យា ហើយ​យើង​កំពុង​សម្រេច​បានការ​រីក​ចម្រើន​សំខាន់​ៗ​ក្នុង​បច្ចេកវិទ្យា​កាំជ្រួច​បាលី​ស្ទិ​ក ដែល​ជួយ​ពង្រឹង​ឯករាជ្យ​ភាព​នៃ​សមត្ថភាព​ការពារ ព្រមទាំង​ឧស្សាហកម្ម​គ្រឿង​សព្វាវុធ​របស់​ប្រទេស ។

កាលពី​ស​ប្តា​ហ៍​មុន មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​ចេញ​បញ្ជា​ឱ្យ​ត្រៀម​ធ្វើការ​វាយប្រហារ​នុយក្លេអ៊ែរ និង​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ថែម​ទៀត ។ លោក​ក៏​សន្យា​ផង​ដែរ ធ្វើការ​វាយប្រហារ​នុយក្លេអ៊ែរ​ប្រឆាំង​ពួក​សត្រូវ​ទោះ​នៅ​ទីណា​ក្តី ។

ទន្ទឹម​នឹង​នេះ លោក​គី​ម ជុង​អ៊ុ​ន អះអាង​ថា ប្រទេស​របស់​លោក​បាន​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តូច​ៗ ដើម្បី​អាច​បំពាក់​លើ​មី​ស៊ី​ល​បាលី​ស្ទិ​ក ៕