ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យាន​បេសកកម្ម​រុ​ស្ស៊ី​-​អឺរ៉ុប EXOMARS 2016 កាលពី​យប់​ថ្ងៃ​ទី​១៤ មីនា បាន​បំបែក​ខ្លួន​ចេញពី​កាំជ្រួច​បញ្ជូន PROTON ហើយ​ពេល​នេះ​វា​កំពុង​ហោះហើរ​ឆ្ពោះទៅ​កាន់​ភព​ព្រះ​អង្គារ ដែល​នៅ​ទីនោះ​យាន​នេះ​ត្រូវ​រុករក​ភស្តុ​តាង​ជា​សក្តានុភាព​នានា​នៃ​សកម្មភាព​ជីវៈវិទ្យា​លើ​ភព​នេះ ។

បេសកកម្ម​រួម​នេះ​ត្រូវ​បាន​ធ្វើ ទោះបី​មាន​ភាព​តានតឹង​រវាង​សហភាព​អឺរ៉ុប និង​រុ​ស្ស៊ី ព្រមទាំង​ទណ្ឌកម្ម​ទៅ​វិញ​ទៅ​មក​ក្តី ។ វា​អាច​ឱ្យ​ពួក​អឺរ៉ុប​ងាក​មក​ធ្វើការ​ស្រាវជ្រាវ​ភព​ព្រះ​អង្គារ​ជា​ថ្មី បន្ទាប់​ពី​ជោគជ័យ​ដំបូង​កាលពី​ឆ្នាំ​២០០៣ ហើយ​ក៏​អាច​ឱ្យ​ពួក​រុ​ស្ស៊ី​បំពេញ​ក្តី​ស្រមៃ​ស្រាវជ្រាវ​ភព​នេះ​ក្នុង​ថ្ងៃ​ណាមួយ​ដែរ ។

ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA រាយការណ៍​ថា យាន​បេសកកម្ម EXOMARS បាន​បំបែក​ខ្លួន​ចេញពី​កាំជ្រួច​បញ្ជូន​ដូច​ការ​គ្រោងទុក ។ នា​វេលា​ម៉ោង​២១​និង​២៨​នាទី​ម៉ោង​សាកល​យាន​នេះ ដែល​អម​ដោយ​ឧបករណ៍​ចុះ​ចត​សាកល្បង​ឈ្មោះ SCHIAPARELLI ត្រូវ​បញ្ជូន​ជា​លើក​ដំបូង​នូវ​សញ្ញា​មួយ​ដល់ ESA ។

យាន​បេសកកម្ម EXOMARS ត្រូវ​បាន​បាញ់​បញ្ជូន​ដោយ​កាំជ្រួច PROTON នា​វេលា​ម៉ោង​៩​និង​៣១​នាទី​ម៉ោង​សាកល ចេញពី​ទីលាន​បាញ់​បង្ហោះ​បៃ​កូ​នួ​រ​ប្រទេស​កា​ហ្សា​ក់​ស្ថាន ។

យាន​បេសកកម្ម EXOMARS 2016 ត្រូវធ្វើ​ដំណើរ​រយៈពេល​៧​ខែ​ហោះហើរ​ក្នុង​ចម្ងាយ​ផ្លូវ​៤៩៦​លាន​គីឡូម៉ែត្រ ។ ឧបករណ៍​ចុះ​នឹង​បំបែក​ខ្លួន​ពី​យាន​នេះ នា​ថ្ងៃ​ទី​១៦ តុលា ដើម្បី​ចុះ​លើ​ភព​ក្រហម ។ បន្ទាប់​ពី​ទម្លាក់​ឧបករណ៍​ចុះ យាន TGO នឹង​ហោះ​ចូល​ក្នុង​តារាវិថី រួច​បន្ទាបខ្លួន​មក​កាន់​តារាវិថី​មួយ​ក្នុង​កម្ពស់​៤០០​គីឡូម៉ែត្រ ៕