ព័ត៌មាន​ជាតិ &raquo ​នយោបាយ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែ​ម បុញ្ញ​ប្ញ​ទ្ឋិ បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដោយ​បញ្ជាក់​ថា គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) គឺ "​ដាំ​មិន​ឲ្យ​សល់​ដី មិនមែន​លក់​មិន​ឲ្យ​សល់​អ្វី​នោះ​ទេ​!” ។

បើ​តាម​លោក​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ប្រជាពលរដ្ឋ​ប្រមាណ ៨០% ជា​កសិករ ដែល​គាត់​ត្រូវការ ទឹក ទុន ទីផ្សារ ។ ទី​១ នយោបាយ​ទឹក យើង​មាន​ទន្លេ ស្ទឹង បឹង ដែល​អាច​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ ខ្នាត​តូច ខ្នាត​មធ្យម ខ្នាត​ធំ ទំនប់​ប្រឡាយ​ខ្វាត់ខ្វែង ទុក​ទឹក​ស្រោចស្រព​ស្រែ​បាន​គ្រប់​រដូវ​។ ទី​២ នយោបាយ​ទុន ដូច​ជា​ដីស្រែ ស្រូវពូជ បច្ចេកទេស​កសិកម្ម ។​ល​។ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ផលិត ។ ទី​៣ នយោបាយ​ទីផ្សារ ដើម្បី​ធានា​ក្នុង​ការ​លក់​កសិផល​របស់​ប្រជា​កសិករ​។

លោក យ៉ែ​ម បុញ្ញ​ប្ញ​ទ្ឋិ​បន្ត​ថា ការ​អភិវឌ្ឍ​ពិត​ពី​ជនបទ​តាម​រយៈ​គោលនយោបាយ ទឹក ទុន ទីផ្សារ នឹង​អាច​ជួយ​លើកកម្ពស់​ជីវភាព​គ្រួសារ តាម​រយៈ​ប្រាក់​ចំណូល សេដ្ឋកិច្ច​គ្រួសារ​។ ពេល​នោះ​កូន​កសិករ ក៏​មានឱកាស​បាន​រៀនសូត្រ ទទួល​បាន​ចំណេះ​ចេះ​ដឹងផង​ដែរ​។ ជា​ពិសេស គឺ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ កាត់​បន្ថយ​គម្លាត​រវាង​ទីក្រុង និង​ជនបទ  កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក តាម​រយៈ​ការ​បង្កើត​ការងារ និង​ការ​បង្កើន​ប្រាក់​ចំណូល​ទាំងនេះ ។

មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ជុំវិញ​សំ​ណេ​រ​របស់​លោក យ៉ែ​ម បុញ្ញ​ប្ញ​ទ្ឋិ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មីនា ២០១៦​ខាងលើ​នេះ ៕