ឡៅ ស៊ី​ណាត លក់​នំ​ក្មេង​ៗ​នៅ​កំពង់ស្ពឺ​ផ្សំ​តម្រូវការ​ជីវភាព​ប្រចាំ​ថ្ងៃ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​ស្ថានភាព​មិន​ទាន់​ជា​សះស្បើយ​ជើង​ដែល​បាក់​នៅឡើយ  កីឡាករ​ឡៅ ស៊ី​ណាត បាន​អះអាង​ថា ខ្លួន​កំពុង​អាស្រ័យ​នឹង​ជីវភាព​លក់​នំ​ឲ្យ​ក្មេង​ៗ​នៅ​ខេត្តកំពង់ស្ពឺ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល ។ ក្នុង​នោះ​លោក​ក៏​បាន​បង្ហាញ​ពី​បំណង​ប្រា​ថា្ន​ចង់​ត្រឡប់​មក​ជំនាញ​ចាស់​របស់​ខ្លួន​ផង​ដែរ ប៉ុន្តែ​មិនមែន​ប្រដាល់​នៅ​លើ​សង្វៀន​ទេ គឺ​ចង់​បើក​ក្លិប​ប្រដាល់​ប្រសិនបើ​ខ្លួន​មាន​លទ្ធភាព ។

ថ្លែងប្រាប់​ពី​ខេត្តកំពង់ស្ពឺ​លោក​ឡៅ ស៊ី​ណាត បាន​អះអាង​ថា ក្រោយ​របួស​ជើង​មិន​អាច​ប្រកួត​ទៀត​បាន លោក​ក៏​ចេញ​ទៅ​រស់នៅ​ស្រុក​កំណើត​ស្ថិត​នៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ភ្នំ​តូច ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ ដោយ​ទាំង​ប្រពន្ធ និង​កូន​ទាំង​២​នាក់​របស់​លោក​ក៏​ចេញ​ទៅ​រស់នៅ​ជុំ​គ្នា​នៅ​ទីនោះ​ដែរ ។ ហេតុផល​ដែល​នាំ​ឲ្យ​មានការ​រើ​បង្វេច​ទៅ​នៅ​ស្រុក​កំណើត​អស់ទាំង​គ្រួសារ​នោះ គឺ​ដោយសារ​តែ​ភរិយា​របស់​លោក​ក៏​ទើបនឹង​សម្រាលកូន​ក្នុងអំឡុងពេល​លោក​បាក់ជើង ដែល​មាន​ន័យ​ថា​ទាំង​លោក និង​ភរិយា​គឺ​សុទ្ធតែ​ទាល់​ដៃ​ទាល់​ជើង​ដែល​ត្រូវ​តែរ​ត់ទៅ​ស្រុក ។ លោក​និយាយ​ថា​៖«​បើ​កុំ​តែ​មក​នៅ​ស្រុក​ពិតជា​ស្លាប់​មិន​ខាន​ទេ​ព្រោះ​ខ្ញុំ​បាក់ជើង ហើយ​ប្រពន្ធ​ខ្ញុំ​ក៏​សរសៃ​ខ្ចី​ផង​!» ។ លោក​ថា ជើង​របស់​លោក​បាន​បាក់​កាលពី​ថ្ងៃ​ទី​១៧ មក​រា ក្នុង​ឆ្នាំ​២០១៦ នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន ហើយ​ក្នុង​ពេល​នោះ គឺ​ភរិយា​របស់​លោក​ទើបនឹង​សម្រាល​បានកូន​ប្រុស​២​ខែ​ប៉ុណ្ណោះ ។ លោក​ថា មក​ទល់​ពេល​នេះ កូនប្រុស​ពៅ​របស់​លោក​មាន​អាយុ​ជិត​៤​ខែ​ហើយ តែ​មិន​អាច​ឲ្យ​ភរិយា​លោក​ចេញ​ប្រកបការងារ​អ្វី​បាន​នោះ​ទេ ក្រៅពី​ត្រូវ​មើល​កូន​តូច​ប្រុស​២​ស្រី​១ និង​ត្រូវ​មើលថែ​លោក​ដែល​ដើរទៅ​ណា​មិន​រួច​នោះ​ផង​។ ដោយសារ​តែ​ស្ថានភាពរ​កអី​មិន​បាន​ទាំង​ប្ដី​ទាំង​ប្រពន្ធ​នោះ​ហើយ ទើប​លោក​សម្រេចចិត្ត​ទិញ​នំ​យក​មក​លក់​ដើម្បី​កុំ​ឲ្យ​អផ្សុក​ពេល​នៅ​មួយ​កន្លែង​ផង និង​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​គ្រាន់​បាន​ទិញ​ម្ហូប​ហូប​ផ្សំគ្នា​ផង​។

លោក​និយាយ​ថា​៖«​ប្រហែលជា​ប៉ុន្មាន​អាទិត្យ​ហ្នឹង ខ្ញុំ​បាន​សម្រេចចិត្ត​លក់​នំ​ឲ្យ​ក្មេង​ៗ ហើយ​មានអី​គឺ​បាន​ចំណេញ​គ្រាន់​ទិញ​ចំណី​ម្ហូប​ដែរ​តើ ចេះ​តែ​រក​ៗ​ទៅ​កុំ​ឲ្យ​ចេះ​តែ​ដេក​ចាយ​លុយ​ជំនួយ​!» ។ បើ​ទោះជា​លោក​សារភាព​ទទួល​បាន​ជំនួយ​ក្នុង​ពេល​សម្រាក​ព្យាបាល​ជើង​ច្រើន​គួរសម ប៉ុន្តែ​លោក​ថា ថវិកា​ទាំងនោះ​មិន​សល់​ច្រើន​ទេ ដោយសារ​ត្រូវ​ចំណាយ​ចិញ្ចឹម​កូន​-​ប្រពន្ធ​ក្នុង​ពេល​លោក​មិន​អាច​រក​ចំណូល​បាន ថែម​ទាំង​ចំណាយ​ថ្លៃ​ថ្នាំ​ព្យាបាល​ជើង​ដែល​បាក់​មិន​ទាន់​ជា​នោះ​ទៀត​ផង​។ លោក​បាន​ទទួល​តែ​ប្រាក់​ខែ​ទាហាន​ខាង​ផ្នែក​កីឡា​(​ក្លិប​កងទ័ព​ឆត្រយោង​)​ចំនួន​ពី​៥០​ទៅ​៦០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ ទើប​តម្រូវ​ឲ្យ​លោក និង​ភរិយា​ចេះ​តែ​បែកគំនិត​រក​នេះ​រក​នោះ​បន្ថែម ក្នុង​ពេល​ស្ថានភាព​រស់នៅ​របស់​លោក​មិន​ខុស​ពី​ជន​ពិការ​ម្នាក់ ។ លោក​ថា ជម្រើស​នៃ​ការ​លក់​បន្ថែម គឺជា​អ្វី​ដែល​លោក​ចេះ​តែ​ធ្វើ​ក្នុង​ពេលរ​កអី​មិន​បាន និង​ដើម្បី​ទទួល​បាន​ចំណូល​ខ្លះ​គ្រាន់​ឲ្យ​កូនស្រី​ច្បង​ទិញ​នំ​ញ៉ាំ និង​បាន​ទិញ​នេះ​ទិញ​នោះ​កុំ​ឲ្យ​ខាត​ច្រើន ។

លោក​និយាយ​ថា​៖ «​លក់​នំ​ក្មេង​អ​ញ្ចឹ​ង​វា​មិន​ចំណេញ​អី​ច្រើន​ទេ ប៉ុន្តែ​បើ​យើង​មិន​រក​ក៏​វា​មិន​បាន​ប្រហុក​អំបិល​គ្រាន់​ដោះស្រាយ​ដែរ​ព្រោះ​បើ​មិន​ប្រឹង​ដាច់​ពោះ​ស្លាប់​ហើយ បើ​ខ្ញុំ​ក៏​នៅ​តែ​មួយ​ន្លែ​ង ហើយ​ប្រពន្ធ​ក៏​ទ័ល​ដៃ​ទ័ល​ជើង​អ​ញ្ចឹ​ង​(​កូនខ្ចី​)!»​។ លោក​ថា នំ​ចំណី​ដែល​យក​មក​លក់ គឺ​បាន​ពី​ការ​ប្រើ​កូនក្មួយ និង​បងប្អូន​ទៅ​ទិញ​ឲ្យ​នៅ​កន្លែង​បោះ​ដុំ និង​មួយ​ផ្នែក​បាន​ពី​ការ​ដឹក​យក​មក​ឲ្យ​ដល់​ផ្ទះ ។ នំចំណី​ទាំងនោះ លោក​ថា​លក់ដាច់ បើ​ទោះជា​ប្រាក់​ចំណេញ​ដែល​បាន​ពី​ការ​លក់​នេះ​គឺ​វា​មិន​ច្រើន​ដូច​មុខរបរ​ផ្សេង ។ លោក​គ្រោង​បន្ត​អាជីព​លក់​នំ​ក្មេង​រហូត​ដល់​ជើង​អាច​ដើរ​បាន នឹង​ចេញ​ប្រកប​អាជីព​ផ្សេង​ដូច​ជា​រត់​ម៉ូតូឌុប ឬ​ធ្វើ​អី​ក៏​ដោយ​ឲ្យ​តែ​បាន​កម្រៃ ។  លោក​ថា ឥឡូវនេះ ស្ថាន​ភាព​ជើង​របស់​លោក​ចាប់ផ្ដើម​ដើរ​បាន​តិច​ៗ​បន្តិច​វិញ​ហើយ ក្រោយ​ពី​ការ​វះកាត់​ដាក់​ដែក​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​ក្រោយ​ពេល​បាក់ជើង​កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៦។

ឡៅ ស៊ី​ណាត បាន​បញ្ជាក់​ជា​ថ្មី​ថា ខ្លួន​មិន​អាច​ត្រឡប់​មក​កាន់​អាជីព​ប្រដាល់​ដូច​ដើម ព្រោះតែ​ជើង​ទម្រាំ​តែ​ជា​គឺ​ចំ​ពេល​កម្លាំង​របស់​ខ្លួន​ទៅ​លែង​រួច​នោះ​ផង ។ លោក​ថា ការ​ប្រដាល់​លោក​មិន​អាច​ដើរ​ជាន់​ដាន​ចាស់​ទៀត​ទេ ប៉ុន្តែ​លោក​នឹង​ត្រឡប់​មក​កាន់​អាជីព​ប្រដាល់​ក្នុង​តំណែង​ម្ចាស់​ក្លិប ឬ​ជា​គ្រូបង្វឹក​នៅ​ថ្ងៃ​ណាមួយ​។ លោក​និយាយ​ថា​៖ «​ប្រដាល់​នឹង គឺ​ទៅ​លែង​រួច​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ចោល​អាជីព​ប្រដាល់​ទេ ព្រោះ​ទោះ​ចង់រក​ស្អី​ក៏​វា​មិន​មាន​ជំនាញ អ​ញ្ចឹ​ង​បើ​មាន​លទ្ធភាព​ខ្ញុំ​នៅ​តែ​ចង់​បើក​ក្លិប​ប្រដាល់​!» ។ លោក​ថា ការ​បើក​ក្លិប​ប្រដាល់​គឺជា​ពន្លឺ​តែ​មួយ​ដែល​ធ្វើ​ឲ្យ​លោក​រំពឹង​សម្រាប់​ជីវិត​ក្រោយ​ពេល​ជា​ជើង ។ ប៉ុន្តែ​ក៏​ផ្ដល់​ឧបសគ្គ​ឲ្យ​លោក​ជា​ច្រើន​ផង​ដែរ ដោយសារ​តែ​លោក​មិន​មាន​ដើមទុន ហើយ​បើ​បើក​បាន​មែន ក៏​មិនដឹង​ថា​នឹង​មានឱកាស​បាន​គេ​ផ្គូផ្គង​កូនសិស្ស​ឲ្យ​ឡើង​រេញ ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន ឬ​អត់0x017d7 យ៉ាងណា​ក៏​ដោយ​លោក​ថា មុន​នេះ​បន្តិច​មាន​ខាង​សហព័ន្ធ​បាន​បញ្ជាក់​ប្រាប់​លោក​ហើយ​ថា ឲ្យ​តែ​លោក​បានជា​គឺ​នឹង​ឲ្យ​ធ្វើ​ជា​គណៈកម្មការ​ប្រដាល់​នៅ​ទូរទស្សន៍​បាយ័ន ដែល​មាន​ន័យ​ថាបើ​លោក​អាច​បើក​ក្លិប​ប្រដាល់​បាន គឺ​ពិតជា​កាន់តែ​ល្អ ។  

ឡៅ ស៊ី​ណាត បញ្ជាក់​ថា ស្ថានភាព​ជើង​បាក់​របស់​លោក គឺ​ទំនង​ជាមួយ​ឆ្នាំ​ក្រោយ​ឯណោះ​ទើប​អាច​ជា​សះ ហើយ​អាច​ប្រកប​របរ​បាន​ដូច​ដើម ៕