បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​ព្រះ​រកា នៅតែ​កើតមាន​យ៉ាង​រាលដាល​មន្ត្រី​ជំនាញ​មិន​បង្ក្រាប​

ប្រជាពលរដ្ឋ​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​នៅក្នុង​ព្រៃ​សហគមន៍​ព្រះ​រកា ជាបន្ទាន់​។ សេចក្ដីអំពាវនាវ​រប​ស់​ប្រជាពលរដ្ឋ​បានកើត​ឡើង​បន្ទាប់ពី​រថយន្ត​រ៉េវ​ដឹកឈើ​ហ៊ុ​ប​មូល​ប្រភេទ​ផ្ដៀក​បណ្ដោយ​ជាង​៦​ម៉ែត្រ និង​មុខកាត់​១,៣០​ម៉ែត្រ ត្រូវ​ប្រជា​សហគមន៍​៤៨​នាក់​ឃាត់ទុក​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ ការឃាត់ទុក​រថយន្ត​រ៉េវ​ដឹកឈើ​ហ៊ុ​ប​មូល​បាន​កើតឡើង​នៅពេល​ប្រជា​សហគមន៍​ព្រៃ​ព្រះ​រកា ល្បាត​ការពារ​ព្រៃឈើ​ក្នុងភូមិ​ក្រឡាពាស ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​នៅក្នុងពេល​ឃាត់ទុក​រថយន្ត​រ៉េវ​ដឹកឈើ​ហ៊ុ​ប​មូល​នោះ កម្មករ​អារឈើ​ចំនួន​៦​នាក់​និង​រណារយន្ត​ក៏ត្រូវ​ឃាត់ទុក​ដែរ ហើយ​កម្ម​ករទាំង​៦​នាក់​នោះ​ត្រូវគេ​ដឹងថា ជា​កម្មករ​អារឈើ​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​សម្បត្តិ ដែលមាន​មូលដ្ឋាន​នៅ​ឃុំ​យាម ស្រុក​ជាំ​ក្សាន្ត ក្នុង​តំបន់​គូលែន​ព្រហ្ម​ទេព គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​។ ឈើ​ហ៊ុ​ប​មូល​ប្រភេទ​ផ្ដៀក​១​ដើម​ធំ​នោះ ជាដើម​ច្បោះ​ជ័រ​កេរតំណែល​អ្នកភូមិ​រាប់រយឆ្នាំ​មកហើយ បែរជា​ត្រូវ​កម្មករ​ក្រុមហ៊ុន​រដ្ឋ​សម្បត្តិ អារ​រំលំ​លើកដាក់​លើ​រថយន្ត​រ៉េវ​ដឹក​ចេញពី​ព្រៃ​យ៉ាង​ស្រួលៗ​ទៅវិញ​។ ហេតុនេះហើយ​ទើប​ប្រជា​សហគមន៍​ធ្វើការ​ទប់ស្កាត់​ព្រោះ​ក្រុមហ៊ុន​រដ្ឋ​សម្បត្តិ បាន​បំពាន​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​ព្រះ​រកា ឬ​ព្រៃ​ការពារ​ព្រះវិហារ ដែលមាន​ទំហំ​ជិត​១​ម៉ឺន​ហិកតា​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​រដ្ឋ​សម្បត្តិ ដែលមាន​ម្ចាស់​ឈ្មោះ មិញ កញ្ញា​រ័ត្ន នៅតែ​បន្តសកម្មភាព​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​នៅពេល​យប់​ជ្រៅ​ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ តាមផ្លូវ​ជាតិ​លេខ​៦២ ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​នៅលើ​ដងផ្លូវ​ឡើយ​។ បញ្ហា​នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​ប្រព្រឹត្ត​ដោយ​ក្រុមហ៊ុន​រដ្ឋ​សម្បត្តិ ជាបន្ទាន់​ព្រោះ​ដើមឈើ​ធំៗ​ក្នុងព្រៃ​សហគមន៍​ព្រះ​រកា កំពុង​ប្រឈម​នឹង​ការ​កាប់រំលំ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​។ ការដែល​ក្រុមហ៊ុន​រដ្ឋ​សម្បត្តិ អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ទឹកដី​ខេត្តព្រះវិហារ ចូល​ទឹកដី​ខេត្តកំពង់ធំ តាមផ្លូវ​ជាតិ​លេខ​៦២​ត្រូវគេ​ដឹងថា មានការ​បើកដៃ​ពី​លោក អ៊ិត ភូមិ​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​បាល​ព្រៃឈើ​ខេត្តព្រះវិហារ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្តទៅ​យ៉ាង​រលូន​៕

08-12-2014_meet_australyលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ
Pic24 - Copy