កាំកុងត្រូល​ខេត្ត​ប៉ៃលិន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គ្មាន​គុណភាព​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​ ​ ​

កន្លងមក លោក សាន វិជ្ជា​សា​រ៉ា​វុ​ទ្ធ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​ថ្លែងថា លោក​ទទួលស្គាល់ថា ទំនិញ​ខ្លះ​ពុំមាន​ការត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​មែន ប៉ុន្តែ​ខាង​លោក​ធ្លាប់​ដឹង​ពី​អ្នក​ដឹក អ្នកលក់ មាន​ប្រវត្តិ​ល្អ ឬ​អាក្រក់​រួចរាល់​អស់ហើយ ដូច្នេះ​គ្មាន​បញ្ហា​អ្វី​នោះទេ ហើយ​ក្នុងករណី​មួយចំនួន​មន្ត្រី​កាំកុងត្រូល​បាន​ចុះទៅ​ត្រួតពិនិត្យ​ដល់​ឃ្លាំង​ផ្ទាល់​តែម្តង​។ បើទោះជា​លោក សាន វិជ្ជា​សា​រ៉ា​វុ​ទ្ធ បាន​ព្យាយាម​ថ្លែង​ការពារ​ខ្លួន​យ៉ាង​ដូច្នេះ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន​បាន​រាយការណ៍​ថ្មីៗ​នេះ​ថា បទល្មើស​សេដ្ឋកិច្ច​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​នៅតែ​បន្ត​កើតមាន​នៅឡើយ ហើយ​មន្ត្រី​ជំនាញ​មិន​ខ្វល់​ពី​ការរិះគន់​នោះទេ​។​ ​

អាជីវករ​លក់ដូរ​តាម​ផ្សារ​នានា​នៅក្នុង​ខេត្ត​ប៉ៃលិន​បាន​ត្អូញត្អែរថា​ពួកគាត់​មានការ​អាក់អន់ស្រពន់ចិត្ត​យ៉ាងខ្លាំង​ចំពោះ​មន្ត្រី​កាំកុងត្រូល​នៅ​ខេត្ត​ប៉ៃលិន ដែល​បាននាំគ្នា​ចុះទៅ​ត្រួតពិនិត្យ និង​ដកហូតយក​ទំនិញ​លក់ដូរ​របស់គាត់ ខណៈ​ទំនិញ​មួយចំនួន​ទើបតែ​លើក​មកពី​ស្តង់​ធំ ដាក់លក់​ថ្មីៗ លុះ​គេ​ពិនិត្យមើល​ស្រាប់តែ​ឃើញ​ហួស​ថ្ងៃ​កំណត់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​តាម​ភូមិ​ដកហូត​ទំនិញ​ហួស​កាលបរិច្ឆេទ​គឺ​ល្អ​ហើយ ប៉ុន្តែ​សុំឱ្យ​ធ្វើការ​ដោយ​តម្លាភាព ត្រូវ​ពិនិត្យ​នៅ​ច្រកទ្វារ ដែល​នាំចូល​ជាមុន​ដំបូង បន្ទាប់មក​ត្រូវ​ពិនិត្យមើល​ស្តង់​លក់ដូរ​ចែកចាយ​ធំៗ ឱ្យបាន​ដិតដល់ ព្រោះ​ពួកគាត់​លើក​មកពី​ទីនោះ​ដែរ បើ​ដើរ​ចាប់យក​ពី​អាជីវករ​លក់​តាម​ផ្សារ​បែបនេះ វា​អយុត្តិធម៌​ណាស់​សម្រាប់​អាជីវករ​តាម​ផ្សារ​។​ ​

​ជុំវិញ​បញ្ហា​ខាងលើនេះ ក្រុមកម្មករ​អូស​រទេះ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​បាន​បង្ហើប​ថា ក្រោយ​ទំនិញ​ផ្ទេរ​ចូលដល់​ដី​ខ្មែរ​ឈ្មួញ​បាន​ដឹកទំនិញ​យកទៅ​ចែកចាយ​បន្ត​តាម​ផ្សារ​នានា និង​ភូមិ​ជាច្រើន​ក្នុង​ខេត្ត​ប៉ៃលិន និង​ស្រុក​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង​ដែល​បញ្ហា​នេះ​កំពុង​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​សុខភាព ខណៈ​មន្ត្រី​កាំកុងត្រូល​នៅ​ប្រចាំការ​ច្រកទ្វារ​ខាងលើ គ្មាន​វិធានការ​ទប់ស្កាត់​អ្វី​ឡើយ ហើយ​គិតតែ​រកលុយ​ប្រមូល​ដាក់​ហោប៉ៅ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បទល្មើស​សេដ្ឋកិច្ច​បានកើត​ឡើង​រាល់ថ្ងៃ ហើយ​ប្រព័ន្ធ​សារព័ត៌​មានបាន​ផ្សព្វផ្សាយ​រិះគន់​ពី​ភាពមិនប្រក្រតី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ជា​បន្តបន្ទាប់​ផងដែរ តែ​ជា​លទ្ធផល​គ្មាន​ប្រសិទ្ធភាព​នោះទេ​៕

1414812