គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​ដាំ​មិន​ឲ្យ​សល់​ដី មិនមែន​លក់​មិន​ឲ្យ​សល់​អ្វី​នោះទេ​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ថ្មីៗ​នេះ​បាន​បញ្ជាក់ថា​គោលនយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ ដាំ​មិន​ឲ្យ​សល់​ដី មិនមែន​លក់​មិន​ឲ្យ​សល់​អ្វី​នោះទេ​។ ការបញ្ជាក់​របស់លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ត្រូវគេ​សង្កេតឃើញថា​ធ្វើឡើង​ស្របពេល​ដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​ពី​ភាពបរាជ័យ​នយោបាយ​កសិកម្ម និង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បណ្តាល​ឲ្យ​កសិករ​ខ្មែរ​ធ្លាក់ខ្លួន​កាន់តែ​ក្រីក្រ និង​ចំណាកស្រុក​ទៅ​បរទេស​រាប់សែន​នាក់​។​

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៨០​ភាគរយ​ជា​កសិករ ដែល​គាត់​ត្រូវការ ទឹក ទុន ទីផ្សារ​។ ទី​១-​នយោបាយ​ទឹក យើង​មាន​ទន្លេ ស្ទឹង បឹង ដែល​យើង​អាច​រៀបចំ​ប្រព័ន្ធធារាសាស្ត្រ ខ្នាតតូច ខ្នាត​មធ្យម ខ្នាត​ធំ ទំនប់​ប្រឡាយ​ខ្វាត់ខ្វែង ទុក​ទឹក​ស្រោចស្រព​ស្រែ​បាន​គ្រប់​រដូវ​។ ទី​២-​នយោបាយ​ទុន ដូចជា​ដីស្រែ ស្រូវពូជ បច្ចេកទេស​កសិកម្ម ។​ល​។ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ផលិត​។ ទី​៣-​នយោបាយ​ទីផ្សារ ដើម្បី​ធានា​ក្នុង​ការលក់​កសិផលរ​បស់​ប្រជាកសិករ​យើង​។​

ការអភិវឌ្ឍន៍​ពិត​ពី​ជនបទ តាមរយៈ​គោលនយោបាយ ទឹក ទុន ទីផ្សារ នឹង​អាចជួយ​លើកកម្ពស់​ជីវភាព​គ្រួសារ តាមរយៈ​ប្រាក់ចំណូល សេដ្ឋកិច្ច​គ្រួសារ នេះ​ជាការ​បញ្ជាក់​របស់លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បន្តថា​នៅពេល​នយោបាយ​កសិកម្ម​ដើរ​លើផ្លូវ​ត្រូវ​កូន​កសិករ ក៏មាន​ឱកាស​បាន​រៀនសូត្រ ទទួលបាន​ចំណេះ​ចេះដឹង​ផងដែរ​។ ជាពិសេស គឺ​ការកាត់បន្ថយ​ភាពក្រីក្រ កាត់បន្ថយ​គម្លាត​រវាង​ទីក្រុង និង​ជនបទ កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក តាមរយៈ​ការបង្កើត​ការងារ និង​ការបង្កើន​ប្រាក់ចំណូល​ទាំងនេះ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​បាន​មានប្រសាសន៍ថា​បរាជ័យ​នយោបាយ​កសិកម្ម​របស់​រដ្ឋាភិបាល ធ្វើ​ឲ្យ​កសិករ​ខ្មែរ​ធ្លាក់ខ្លួន​កាន់តែ​ក្រ​ទៅៗ ហើយ​ត្រូវ​ចំណាកស្រុក កាន់តែ​ច្រើនឡើងៗ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា មិនដែល​ឃើញ​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដែល​កសិករ​ខ្មែរ​រាប់សែន​នាក់ ត្រូវ​រត់ចោល​ដីស្រែ​ដីចម្ការ និង​ផ្ទះសម្បែង​របស់ខ្លួន ហើយ​ត្រូវ​ចាក​ចេញពី​ស្រុកកំណើត​របស់ខ្លួន​បែបនេះ​៕

944877_1084397848290346_1955504819788030104_n 12795517_1057463610977038_2131737851686865408_n