​លោក កឹម សុខា បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជំរុញ​កម្ពុជា​ឲ្យ​មាន​ប្រជាធិបតេយ្យ​រឹងមាំ​

​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ កឹម សុខា ថ្មីៗ​នេះ បាន​ថ្លែងថា​គណបក្ស​សង្គ្រោះ​ជាតិ​បាននិងកំពុង​ជំរុញ​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ​ពិតប្រាកដ ពិសេស​ការគោរព​សិទ្ធិមនុស្ស និង​នី​តី​រដ្ឋ​។ ការបញ្ជាក់​របស់លោក កឹម សុខា គឺ​ស្រប​នឹង​ស្ថានភាព​នៅ​កម្ពុជា​បច្ចុប្បន្ន​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​វាយតម្លៃថា​ជា​ប្រទេស​មិនទាន់មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅឡើយ ពិសេស​ប្រព័ន្ធយុត្តិធម៌​នៅតែ​ត្រូវបាន​អ្នកមានអំណាច​ជ្រៀតជ្រែក​ធ្ងន់ធ្ងរ​។​

​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​ការរួបរួម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​ស្មើនឹង​ការរួបរួម​អ្នកស្នេហាជាតិ និង​ជាម​ហា​ចលនានយោបាយ​ដ៏​ធំ​មួយ ដើម្បី​ប្រមូលផ្តុំ​អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​ធ្វើ​បន្តបន្ទាប់​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ការតស៊ូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​អនុវត្ត​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​ឲ្យ​បាន​ពេល​លេញ​មិនខានឡើយ​។​

ក្នុងឱកាស​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​មន្ត្រី​គណបក្ស​មួយចំនួនទៀត កំពុងតែ​ជួបជុំគ្នា នៅ​ទីក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ថ្លែង​កោតសរសើរ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​ជាន់ថ្នាក់​ដែល​ជំនះ​គ្រប់​ឧបសគ្គ​ដើម្បី​បុព្វ​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ការលះបង់​ពេលវេលា ធនធាន របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​និមិត្តរូប​ដ៏​មានតម្លៃ​មួយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​កន្លងមក​ថា គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រឹមតែ​ការពារ និង​សង្គ្រោះ​ទឹកដី ដីធ្លី ព្រៃឈើ ទ្រព្យសម្បត្តិ​ជាតិ និង​ទ្រព្យសម្បត្តិ​ប្រជារាស្ត្រ​ទេ យើង​ត្រូវ​សង្គ្រោះ​អនាគត​កូនចៅ​យើង​ផងដែរ ឲ្យ​គ្នា​រួច​ផុតពី​អំពើពុករលួយ និង​អំពើ​អយុត្តិធម៌ ដើម្បី​ឲ្យ​គ្នា​ចៀសវាង​ភាពក្រីក្រ ភាព​គ្មាន​ការងារ​ធ្វើ ឬ​ជីវិត​ដ៏​លំបាក​របស់​ពលករ​ខ្មែរ ដែល​ត្រូវ​បង្ខំចិត្ត​ចំណាកស្រុក​ដូច​សព្វថ្ងៃ​៕

11988662_1060973393959393_2306941338515748026_n