ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ប្រាប់​ពី​វិបត្តិ​ដែល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កំពុង​ជួប​ប្រទះ​

បើ​ទោះ​ចំនួន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ការ​រីក​ចម្រើន​យ៉ាង​ណា​ក្ដី តែ​គ្រឹះស្ថាន​ទាំង​នោះ​មួយ​ចំនួន​ជួប​បញ្ហា​ប្រឈម​ផង​ដែរ។ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា លោក ពុង ឃាវ​សែ បាន​មើល​ឃើញ​ពី​ការ​លំបាក​នោះ​ដូច​ជា៖

 

ការ​ស្វែង​រក​ប្រភព​ទុន​ក្នុង​ស្រុក​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រតិបត្តិការ​ឥណទាន​ហាក់​នៅ​មាន​កម្រិត។ ​បច្ចុប្បន្ន​ គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​ជា​ច្រើន​បាន​ពឹង​ផ្អែក​លើ​ប្រភព​ទុន​ពី​ខាង​ក្រៅ​ប្រទេស​ដែល​មាន​តម្លៃ​ថ្លៃ ​និង​មិន​មាន​ស្ថេរ​ភាព។ គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ ត្រូវ​ចំណាយ​ប្រតិបត្តិការ​ខ្ពស់​របស់​ខ្លួន ដោយសារ​ប្រព័ន្ធ​ប្រតិបត្តិការ​នៅ​តាម​ទី​ជនបទ​ឆ្ងាយ​ៗ រួម​ទាំង​ហេ​ដ្ឋា​រចនាសម័្ពន្ធ​មិន​គ្រប់​គ្រាន់។ ចំណុច​សំខាន់​មួយ​ទៀត គឺ​ពិបាក​ក្នុង​ការ​ស្វែង​រក​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ទៅ​បម្រើ​ការងារ​ដែល​ប្រតិបត្តិការ​ឆ្ងាយ​ៗ។

 

 

ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ប្រាប់​ពី​វិបត្តិ​ដែល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កំពុង​ជួប​ប្រទះ​

រូបតំណាង

 

 

យ៉ាង​ណា ទោះ​កន្លង​មក​មាន​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន ​បាន​វិភាគ​លើ​វិស័យ​ហិរញ្ញវត្ថុ​នេះ​អាច​នឹង​មាន​បញ្ហា​នៅ​ពេល​ខាង​មុខ ដោយ​គេ​កត់​សម្គាល់​ថា​ ការ​រីក​នៃ​ឥណទាន​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ទ្វេ​ដង​នៃ​ការ​រីក​ចម្រើន​របស់​ផល​ទុន​ជាតិ​សរុប​GDP​របស់​កម្ពុជា​ក្តី តែ​ក្នុង​ឱកាស​សន្និសីទ​ស្ដី​ពី​ការ​អភិវឌ្ឍ​វិស័យ​មី​ក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាល​ពី​ម្សិល​មិញ លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ហើយ​ប្រាកដ​ថា​ ការ​រីក​ចម្រើន​ឥណទាន​នៅ​កម្ពុជា​គឺ​ស្រប​តាម​តម្រូវ​ការ​ពិត​របស់​អ្នក​ប្រើ​ប្រាស់​ និង​ស្រប​តាម​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ​ពិត​ប្រាកដ។

 

 

ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​រូប​នេះ ​លើក​ទឹក​ចិត្ត​ដល់​គ្រឹះស្ថាន​ធនាគារ​ទាំង​អស់​ទាំង​ក្នុង​ស្រុក និង​សាខា​ធនាគារ​របស់​បរទេស សូម​បន្ត​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​ផ្ដល់​ឥណទាន​ជូន​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​គ្រឹះស្ថាន​ទាំង​នោះ​បន្ត​ពង្រឹង​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​តាម​ទី​ជនបទ​ដាច់ស្រយាល​ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​មាន​ឱកាស​ប្រើ​ប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ស្រប​ច្បាប់​ និង​ផ្លូវ​ការ។

 

បច្ចុប្បន្ន​នៅ​កម្ពុជា​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ចំនួន៤៨ បាន​ចុះ​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ និង​មាន​ការិយាល័យ​​៨​នៅ​តាម​ទី​ជន​បទ៕

 

 
អត្ថបទ៖ លឹម សុ​នា