ភ្លើង​ឆេះ​ព្រៃ​បង្ក​មហន្តរាយ​ធំ​ដូច​ដុត​រថយន្ត​ចោល​២៧​គ្រឿង

ភ្លើង​ឆេះ​ព្រៃ​បង្ក​មហន្តរាយ​ធំ​ដូច​ដុត​រថយន្ត​ចោល​២៧​គ្រឿង



ខេត្តពោធិ៍សាត់ ៖ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មីនា នេះ​ថា នៅ​រសៀល​ម៉ោង​ប្រហែល​ជិត​៤​រសៀល ថ្ងែ​ទី​១៣ មីនា មាន​ភ្លើង​ឆេះ​ព្រៃ​មួយ បាន​កើតឡើង​នៅ​ជិត​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ ។ នេះ​បើ​តាម​ការ​អះអាង​របស់​នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ ។ ភ្លើងព្រៃ​បាន​ឆេះ​រាលដាល​ដល់​ស្នាក់​ការ​របស់​លោក ហើយ​ថែម​ទាំង​មាន​ខ្យល់​ទៀត​ផង ធ្វើ​ឱ្យអំណាច​ភ្លើង​ឆេះ​ព្រៃ​នោះ ក៏​បន្ត​ឆេះ​រាលដាល​មក​ដល់​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ​តែ​ម្តង បណ្តាល​ឱ្យ​មានការ​ខូចខាត​វត្ថុ​តាង​រថយន្ត​ល្មើស​ដឹកឈើ​ដែល​បាន​ចាប់​រក្សា​ទុក​នៅ​ទីនោះ​អស់​ចំនួន​២៧ គ្រឿង និង​ខូចខាត​ស្នាក់​ការ​រោង​អស់​មួយ​ផ្នែក​ផង​ដែរ ។

ពេល​មាន​ភ្លើង​ឆេះ​ព្រៃ បាន​បន្ត​ឆេះ​រាលដាល​ដល់​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ កាលពី​រសៀល​ថ្ងៃ​១៣ មីនា នោះ ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព​ស្នងការដ្ឋាន នគរបាល​ខេត្តពោធិ៍សាត់ ទៅ​ជួយ​អន្តរាគមន៍​ចំនួន​២​គ្រឿង​ផង​ដែរ ។ ប៉ុន្តែ​ដោយសារ​ផ្លូវ​ឆ្ងាយ ដូច្នេះ​សភាពការណ៍​មិន​អាច​ជួយ​ឱ្យ​បាន​១០០% នោះ​ឡើយ ។ លោក​បញ្ជាក់​ទៀត​ថា រហូត​មក​ទល់​ពេល​នេះ ការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​មិន​ឱ្យ​មានការ​រាលដាល​បាន​ទទួល​ជោគជ័យ​ហើយ​។ មន្ត្រី​ព្រៃឈើ​មិន​បានឱ្យ​ដឹង​ទេ ថា​តើ​ភ្លើង​ឆេះ​ព្រៃ​បណ្តាល​មក​ពី​អ្វី​ឡើយ ។

មតិ​នានា​បាន​ថ្លែង​ថា ភ្លើង​ឆេះ​ព្រៃ​ដែល​ស្ថិត​ក្នុង​ការ​សង្ស័យ​នេះ បាន​បង្កើត​នូវ​មហន្តរាយ​ធំ​មួយ គួរ​ឱ្យ​សោកស្តាយ​ណាស់ ។ មិនធម្មតា​ទេ រថយន្ត​បទល្មើស​ដឹកឈើ​ដែល​ភាគច្រើន​ជា​រថយន្ត​ទំនើប​ៗ ត្រូវ​ចាប់​យក​មក​ទុក​ចោល ។ កន្លង​មក​គ្មាន​ការ​សម្រេច​ថា តើ​ត្រូវ​យក​វា​ទៅ​ធ្វើ​អ្វីខ្លះ​ដើម្បី​បាន​ចំណូល​ជាតិ ដូច​ជា​លក់​ឡាយឡុង​ជាដើម អត់​មាន​អំណាច​ណាមួយ​ចាត់ការ​សោះ ។ ទីបំផុត​ដូច​ទុក​ដុត​ចោល​។ តើ​ភ្លើង​ឆេះ​ព្រៃ​មែនឬ​ក៏​ព្រៃ​ឆេះ​ដោយ​ចេតនា​របស់​បុគ្គល ? គ្មាន​ព័ត៌មាន​ទេ តែ​គេ​ថា ឆេះ​ព្រៃ​គឺ​ឆេះ​ហើយ កុំ​សង្ស័យ​ថា​គេ​ដុត​ចោល​ដើម្បី​អ្វីមួយ នាំ​តែ​ខុស ៕