កូន​អ្នកមាន​ទ្រព្យ​និង​អំណាច​ពុល​ថ្នាំ​ញៀន​ក្នុង​ក្លិប

កូន​អ្នកមាន​ទ្រព្យ​និង​អំណាច​ពុល​ថ្នាំ​ញៀន​ក្នុង​ក្លិប



ខេត្តបាត់ដំបង ៖ ក្រុម​កូន​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ និង​កូន​មន្ត្រី​មាន​អំណាច​ខ្លះ​ក្នុង​ខេត្តបាត់ដំបង យ៉ាងតិច​១៦​នាក់ ក្នុង​នោះ​មាន​ស្រី​៤​នាក់​ផង ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ មីនា គ្រា​ដែល​ពួក​គេ​កំពុង​ពពាក់ពពូន​គ្នា​ចែកចាយ និង​សេព​ថ្នាំ​ញៀន​យ៉ាង​វក់វី​នៅ​ក្នុង​បន្ទប់​ខា​រ៉ា​អូ​ខេល្បីឈ្មោះ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

លោក​ឧត្ត​សេនីយ​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​ដែល​ដឹកនាំ​កិច្ច​ប្រតិបត្តិការ​នេះ​បានឱ្យ​ដឹង​ថា បាន​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។ លោក​ថា ក្លិប​ខារ៉ាអូខេ​យីហោ «​ប៉ា​ស៊ី​ហ្វិ​ក​ណៃ​ធ៏​ថេ​ស​ធ៏​» ដែល​មាន​ទីតាំង​ក្នុងភូមិ​-​សង្កាត់​ខាងលើ ត្រូវ​គេ​សង្ស័យ​ថា បើកដៃ​ឱ្យ​ក្រុម​អ្នក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់ ដែល​មាន​រយៈពេល​យូរ​ក្រែល​កន្លង​មក​ហើយ នេះ​បើ​តាម​ព័ត៌មាន​ដែល​បាន​បែកធ្លាយ ។

លោកស្នងការ​រង​មាន​ប្រសាសន៍​ថា ក្រោយ​ពី​ក្ដាប់​បាន​ព័ត៌មាន​ជាក់លាក់ នូវ​សកម្មភាព​ទាំងនេះ លោកស្នងការ​និង​លោក​ព្រះរាជអាជ្ញា​រង ក៏​បាន​បើក​កិច្ច​ប្រតិបត្តិ​តាម​ឃ្លាំមើល​រហូត​ឈាន​ដល់​ការ​បង្ក្រាប​តែ​ម្ដង ។ លោក​ថា កិច្ច​ប្រតិបត្តិការ​នេះ យើង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៦​នាក់ ក្នុង​នោះ​មាន​ស្រី​៤​នាក់ រួម​ទាំង​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ផង ដែល​ពួក​គេ​កំពុង​ប្រើប្រាស់​យ៉ាង​ភ្លើតភ្លើន​វក់វី នៅ​ក្នុង​ខារ៉ាអូខេ​ចំនួន​២​បន្ទប់​នៅ​ក្បែរ​គ្នា ។

បើ​តាម​ប្រភព​ព័ត៌មាន​ថា ម្ចាស់​ក្លិប​ខារ៉ាអូខេ​យីហោ​«​ប៉ា​ស៊ី​ហ្វិ​ក​ណៃ​ធ៏​ថេ​ស​ធ៏​» មាន​ថៅកែ​ឈ្មោះ រ៉េ​ន ហៅ ហ៊ា​រ៉េ​ន អាយុ​ជាង​៥០​ឆ្នាំ​។ ម្ចាស់​ក្លិប​នេះ​ល្បី​ថា​មាន​ខ្នង ឬ​ខ្សែ​ក្រាស់​គ្រាន់បើ​ដែរ ដូច្នេះ​ហើយ​ទើប​គាត់​ហ៊ាន​ប្រថុយ​បំពាន​ច្បាប់​ផ្ដល់​ទីតាំង​ក្លិប​ខារ៉ាអូខេ របស់​គាត់​ឱ្យ​ក្រុម​ទុច្ចរិត​ដែល​ខ្លះ​ជា​កូន​អ្នកមាន​អំណាច និង​ខ្លះ​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​យ៉ាង​អនាធិបតេយ្យ​បែប​នេះ​។ ប្រភព​ដដែល​បង្ហើប​ឱ្យ​ដឹង​ថា មិនមែន​មាន​តែ​ក្លិប​ខារ៉ាអូខេ​របស់​លោក​ថៅកែ​រ៉េ​ន​មួយ​ទេ ដែល​បើកដៃ​ឱ្យ​ក្រុម​ជន​ទុច្ចរិត​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​បែប​នេះ នៅ​មាន​ក្លិប​ខារ៉ាអូខេ និង​ក្លិប​កម្សាន្ត​ជា​ច្រើន​ទៀត​ក្នុង​ក្រុង​បាត់ដំបង ដែល​កំពុង​មាន​សកម្មភាព​ដូច​គ្នា​នេះ​ដែរ ។ 

ប្រភព​ពី​បុគ្គលិក​នៅ​ក្នុង​ក្លិប​ខារ៉ាអូខេ​នេះ​បាន​និយាយ​ថា នៅ​ពេល​ក្រុម​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ចូល​បន្ទប់​ខារ៉ាអូខេ​ម្ដង​ៗ ពួក​គេ​បាន​ម៉ៅ​ម៉ោង​ផ្ដាច់ ដោយ​មិន​អនុញាត​ឱ្យ​មាន​អ្នកបម្រើ​ការ​ចេញចូល​ឡើយ លើក​លេង​តែ​នារី​កំណាន់ចិត្ត​របស់​ពួក​គេ ដែល​បម្រើ​ការ​នៅ​ទីនោះ​ប៉ុណ្ណោះ ដែល​អាច​ឱ្យ​ចេញចូល​បាន ។ ឬ​ពួក​គេ​នាំ​នារី​កំណាន់ចិត្ត​ពី​ខាងក្រៅ​ចូល​ទៅ​រាំ​ក្រ​វី​នៅ​ក្នុង​បន្ទប់​តែ​ម្ដង ។ ប្រភព​នេះ​បញ្ជាក់​ថា ថៅកែ​ក្លិប​តែង​ណែនាំ​ដល់​បុគ្គលិក​ទាំងអស់​ឱ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ហាម​ដាច់ខាត​មិន​ឱ្យ​និយាយ​ផ្ដេសផ្ដាស់ ដែល​នាំ​ឱ្យ​បែកធ្លាយ​ពី​រឿង​ប្រើប្រាស់​ថ្នាំ​ញៀន​ក្នុង​បន្ទប់​ខា​រ៉ារ​អូ​ខេ​នេះ ។

ប្រភព​ដដែល​នេះ​និយាយ​ថា ក្លិប​ខារ៉ាអូខេ​«​ប៉ា​ស៊ី​ហ្វិ​ក​ណៃ​ធ៏​ថេ​ស​ធ៏​» បាន​បើក​ឱ្យ​មាន​សកម្មភាព​ប្រើប្រាស់​ថ្នាំ​ញៀន​នេះ​យូរហើយ ។ ភាគច្រើន​នៃ​អ្នកលេង​ថ្នាំ​ញៀន គឺ​សុទ្ធ​សឹង​ជា​កូនចៅ​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ និង​កូនចៅ​មន្ត្រី​មាន​អំណាច​ខ្លះ​នៅ​ក្នុង​ខេត្តបាត់ដំបង​តែ​ម្ដង ។ រីឯ​ថ្នាំ​ញៀន​ដែល​ពួក​គេ​ប្រើប្រាស់ ភាគច្រើន​ជា​ប្រភេទ​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក និង​ថ្នាំ​ក្រ​វី​) ។ ប្រភព​ដែល​គួរ​ឱ្យ​ទុកចិត្ត​នេះ បាន​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា តាម​បណ្ដា​ក្លិប​ខារ៉ាអូខេ និង​ក្លិប​កម្សាន្ត​ដែល​បើក​ឱ្យ​មាន​សេវា​ប្រើប្រាស់​ថ្នាំ​ញៀន​នេះ មិនមែន​ថា សមត្ថកិច្ច​មិនដឹង​នោះ​ទេ ប៉ុន្តែ​មន្ត្រី​ជំនាញ​មួយ​ចំនួន សុទ្ធតែ​ត្រូវ​ថ្នាំ​សណ្ដំ​ថៅកែ​ក្លិប​ទាំងអស់  ដូច្នេះ​ហើយ ទើប​អាច​ដំណើរការ​បាន​ដោយ​រលូន​រហូត​ដល់​ពេល​នេះ ។

ជុំវិញ​ការ​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ថ្នាំ​មាន​ប្រុស មាន​ស្រី​ទាំង​១៦​នាក់​ខាងលើ​នេះ បើ​តាម​លោក​ឧត្ត​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​ថា ពួក​គេ​ត្រូវ​បាន​ធ្វើតេស្ដ​ពិនិត្យ​ទឹកនោម ដើម្បី​រក​សារធាតុ​ញៀន​ហើយ​បើ​តាម​មន្ត្រី​ជំនាញ​បាន​រាយការណ៍​ថា ក្នុង​ចំណោម​១៦​នាក់ មាន​១៣​នាក់​រាប់​ទាំងស្រី​៤​នាក់​ផង បាន​រក​ឃើញ​ថា មាន​សារធាតុ​ញៀន​យ៉ាង​ពិតប្រាកដ ។ លោកស្នងការ​រង​បាន​បញ្ជាក់​បន្ថែម​ថា  ក្រុម​នេះ​អាច​នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ទាំងអស់ ជាមួយនឹង​វត្ថុ​តាង​មួយ​ចំនួន​ផង នេះ​បើ​តាម​បទបញ្ជា​របស់​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។ ដោយឡែក ម្ចាស់​ក្លិប​ខារ៉ាអូខេ​ខាងលើ​នេះ ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ដែរ ថែម​ទាំង​អាច​ប្រឈម​នឹង​ការ​បិទ​អាជីវកម្ម​របស់​ខ្លួន​ទៀត​ផង បើ​តុលាការ​រក​ឃើញ​ថា មាន​កំហុស ។

សូម​បញ្ជាក់​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ប្រើប្រាស់​ថ្នាំ​ញៀន​យ៉ាង​វក់វី​ក្នុង​ក្លិប​ខារ៉ាអូខេ​ខាងលើ​នេះ ហាក់​កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មន្ត្រី​នានា រួម​ទាំង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​បាត់ដំបង​ផង ខណៈ​សកម្មភាព​ប្រើប្រាស់​ចែកចាយ និង​ជួញដូរ​ថ្នាំ​ញៀន​នេះ ត្រូវ​គេ​មើលឃើញ​ថា បាន​និង​កំពុង​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ​មិន​ថា នៅ​ទីក្រុង ឬ​ទី​ជនបទ​ឡើយ ។ មន្ត្រី​នានា និង​ប្រជាពលរដ្ឋ​ប្រាថ្នា​ចង់​ឃើញ​សកម្មភាព​បង្ក្រាប​របស់​សមត្ថកិច្ច​នេះ ធ្វើ​ឡើង​ដូច​ភ្លៀងរលឹម កុំ​បន្ធូរ​ដៃ បើ​ទោះជា​ជន​ប្រព្រឹត្ត​ជា​ខ្សែស្រឡាយ​អ្នកមាន​ទ្រព្យ ឬ​មន្ត្រី​មាន​អំណាច​ក្ដី គួរតែ​ត្រូវ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ជា​ពិសេស ត្រូវ​តាមដាន​ឬ​បង្ក្រាប​ទៅ​លើ​ទីតាំង​ក្លិប​កម្សាន្ត​នេះ​តែ​ម្ដង ដែល​បច្ចុប្បន្ន​តាម​បណ្ដា​ក្លិប​កម្សាន្ត​ទាំងនោះ កំពុង​ពង្វក់​ក្រុម​យុវជន និង​បើកដៃ​ឱ្យ​ជន​ទុច្ចរិត​ប្រព្រឹត្ត​ថ្នាំ​ញៀន​យ៉ាង​វក់វី​បំផុត ៕