គន្លឹះ ៨ ដើម្បី​បើក​អាជីវកម្ម​ឲ្យ​ជោគជ័យ​ពី​សេដ្ឋី​ឥណ្ឌា Narayana Murthy ស្ថាបនិក ក្រុមហ៊ុន Infosys

លោក Narayana Murthy គឺ​ជា​សេដ្ឋី​សហគ្រិន ជនជាតិ​ឥណ្ឌា ដ៏​ល្បីល្បាញ​មួយ​ខាង​ឧស្សាហកម្ម​បច្ចេកវិទ្យា ដោយ​លោក​គឺ​ជា​សហ​ស្ថាបនិក​និង ជា​អតីត​ប្រធាន​គ្រប់​គ្រង​ ក្រុមហ៊ុន Infosys ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជា​ច្រើន​ដូចជា​ ការ​ប្រឹក្សា​យោបល់​ខាង​ពាណិជ្ជកម្ម បច្ចេកវិទ្យា និង វិស្វកម្ម​ជា​ដើម។ ខាង​ក្រោម​នេះ​ជា​គោលការណ៍​ផ្ទាល់​ខ្លួន​របស់​លោក​ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា​មហាសេដ្ឋី​មួយ​រូប​នៅ​ឥណ្ឌា។

 

១) ត្រូវ​មាន​ភាព​រហ័សរហួន​ទាំង​ប្រាជ្ញា និង រៀង​កាយ ៖ លោក Narayana Murthy រៀប​រាប់​ថា​ ក្នុង​មួយ​ថ្ងៃ​នៃ​ជីវិត​អាជីវកម្ម អ្នក​នឹង​ជួប​បញ្ហា និង ភាព​ប្រកួត​ប្រជែង​រាប់​មិន​អស់ ដំណោះ​ស្រាយ​ជាមួយ​អតិថិជន ដូច្នេះ​គឺ​ទាមទារ​ឲ្យ​អ្នក​ត្រូវ​ត្រៀម​រួច​ជា​ស្រេច​នូវ​គំនិត​ថ្មី និង សកម្មភាព​ដើម្បី​អនុវត្ត​រាល់​បញ្ហា​ប្រឈម​ក្នុង​ថ្ងៃ​និមួយៗ។

 

២) ត្រូវ​ចេះ​ផ្តល់​ដំបូន្មាន និង ជួយ​ដល់​បុគ្គលិក​ខ្លួន​ដែល​សមត្ថភាព​នៅ​មាន​កម្រិត ៖ មិន​ខុស​គ្នា​ពី​មេដឹកនាំ​ដទៃ​ទៀត​ដែរ​លោក Narayana Murthy ថ្លែង​ថា​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​អ្នក​ត្រូវ​តែ​បណ្តុះ​បុគ្គល​ដទៃ​ផ្សេង​ទៀត​ឲ្យ​ក្លាយ​ជា​អ្នក​ដឹកនាំ​ដូច​រូប​អ្នក ជា​ពិសេស​សមាជិក​ក្រុម​ការងារ​ខ្លួន​ដែល​សមត្ថភាព​ពួក​គេ​នៅ​មាន​កម្រិត ព្រោះ​វា​មិន​ត្រឹម​ជួយ​ឲ្យ​ពួក​គេ​មាន​ភាព​ជា​អ្នក​ដឹកនាំ​ប៉ុណ្ណោះ​ទេ អាជីវកម្ម​របស់​អ្នក​ក៏​កាន់​តែ​រឹងមាំ​ដូចគ្នា​ដែរ។

 

៣) ជា​អ្នក​លើក​ទឹក​ចិត្ត ៖ លោក Narayana Murthy និយាយ​ថា​ ការ​លើក​ទឹក​ចិត្ត​គឺ​ជា​ចរិត​លក្ខណៈ​មួយ​យ៉ាង​ល្អ​ នៃ​បុគ្គល​ដែល​មាន​ភាព​ជា​អ្នក​ដឹក​នាំ​អស្ចារ្យ។ ការ​លើក​ទឹក​ចិត្ត​ឲ្យ​នរណា​ម្នាក់​ធ្វើ​អ្វី​មួយ​ដែល​ខ្លួន​ស្រលាញ់ ការ​លើក​ទឹក​ចិត្ត​ពេល​មនុស្ស​បរាជ័យ មិន​ត្រឹម​តែ​ជា​កាតព្វកិច្ច​របស់​បុគ្គល​ជា​អ្នក​ដឹក​នាំ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​កាតព្វកិច្ច​របស់​មនុស្ស​ទូទៅ​ ដែល​ត្រូវ​ធ្វើ​ផង​ដែរ។

 

៤) ត្រូវ​គោរព​ចំពោះ​គូ​ប្រជែង​របស់​ខ្លួន ៖ លោក Narayana Murthy ពន្យល់​ថា​លោក​បាន​ចាត់​ទុក​គូ​ប្រជែង​របស់​លោក​ជា​គ្រូ​មួយ​រូប ដែល​លោក​រៀន​សូត្រ​ពី​ពួក​គេ ព្រោះ​ថា​អ្នក​មិន​អាច​ខ្លាច​ជា​អ្នក​ឈ្នះ​បាន​ឡើយ​ប្រសិន​បើ​អ្នក​មាន​តែ​ម្នាក់​ឯង​គ្មាន​គូប្រជែង ហើយ​អ្នក​នឹង​មិន​អាច​អភិវឌ្ឍ​ខ្លួន​បាន​ល្អ​ប្រសើរ​ឡើយ​ ប្រសិន​បើ​គ្មាន​ការ​ប្រជែង​ពី​ពួក​គេ។

 

៥) ត្រូវ​ផ្តោត​ចិត្ត​លើ​គំនិត​របស់​ខ្លួន ៖ ដើម្បី​ធ្វើ​ឲ្យ​ក្តី​ស្រមៃ​របស់​អ្នក​ក្លាយ​ជា​ការ​ពិត អ្នក​មិន​ត្រូវ​ខ្វល់​ខ្វាយ​ពី​ គំនិត​អ្នក​ដទៃ​ច្រើន​ពេក​នោះ​ទេ ព្រោះ​អ្វី​ដែល​អ្នក​គិត​មិន​ដូច​ពួក​គេ​គិត ឡើយ ហើយ​អ្វី​ដែល​អ្នក​អាច​មើល​ឃើញ​ថា​នឹង​កើត​ឡើង​នៅ​ពេល ១០ ឆ្នាំ​ខាង​មុខ ពេល​ខ្លះ​អាច​ជា​រឿង​ដែល​គេ​មើល​មិន​ឃើញ​និង គិត​មិន​ដល់។

 

៦) ត្រូវ​ចាំ​ក្នុង​ចិត្ត​ជា​និច្ច​ថា​អ្វី​ដែល​អ្នក​បង្កើត​គឺ​ជា​រឿង​អស្ចារ្យ ៖ ប្រសិន​បើ​អ្នក​ចង់​បង្កើត​អ្វី​មួយ​ឲ្យ​អស្ចារ្យ លុះ​ត្រា​តែ​អ្នក​ខ្លួន​ឯង​ជឿ​លើ​ខ្លួន​ឯង​ជាមុន​សិន​ថា​វា​ពិត​ជា​អស្ចារ្យ​សម្រាប់​អ្នក។

 

៧) ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ចាប់​យក​ឱកាស ៖ លោក Narayana Murthy រៀប​រាប់​ថា​មិន​មែន​មាន​តែ​អ្នក​ទេ​ដែល​ឆ្លាត​ជាង​គេ​នោះ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ឆ្លាត​ជាង​អ្នក ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ប្រជែង​ជា​មួយ​ពួក​គេ​គឺ​ត្រៀម​ខ្លួន​ដើម្បី​ចាប់​យក​ឱកាស​ថ្មី ព្រោះ​ការ​ឆក់​យក​ឱកាស​ថ្មី​ជួយ​ឲ្យ​អ្នក​បាន​ដើរ​ទៅ​ដល់​កន្លែង​មួយ​ថ្មី បង្កើត​អ្វី​មួយ​ដែល​ថ្មី​មុន​មនុស្ស​ដទៃ​រក​ឃើញ។

 

៨) ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ៖ ការ​ធ្វើ​ខ្លួន​ជា​មនុស្ស​ដែល​ទុក​ចិត្ត​បាន គឺ​ជា​កាតព្វកិច្ច​សំខាន់​បំផុត​សម្រាប់ មេដឹកនាំ​គ្រប់​រូប ព្រោះ​មនុស្ស​អាច​វិនិច្ឆ័យ ទៅ​លើ​សំដី​សន្យា​របស់​អ្នក​ រួម​ជាមួយ​ទង្វើ​របស់​អ្នក ព្រោះ​ថា​ប្រសិន​បើ​អ្នក​មិន​អាច​ធ្វើ​បាន​ដូច​ការ​និយាយ​របស់​អ្នក​ទេ យូរ​ទៅ ទាំង​គុណ​តម្លៃ និង កិត្តិយស​របស់​អ្នក​និង​បាត់បង់ ការ​គោរព​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: youtube.com, en.wikipedia.org, Forbes.com