តើ​មហាសេដ្ឋី​លេខ ១៣៥ ពិភពលោកEyal Ofer ​ មាន​ដំណើរ​ជីវិត​​ដូចម្ដេច​ខ្លះ​ក្នុង​ការ​រក​ស៊ី​របស់​លោក​?

លោក Eyal Ofer គឺ​ជា​មហាសេដ្ឋី​សញ្ជាតិ​អ៊ីស្រាអែល​ដ៏​ល្បីល្បាញ​មួយ​រូប ដែល​រក​ស៊ី​វិនិយោគ​ខាង​វិស័យ​អចលនទ្រព្យ និង ផ្នែក​ដឹក​ជញ្ជូន។ លោក Eyal Ofer គឺ​ជា​ប្រធាន​ក្រុមហ៊ុន Ofer Global ក្រុមហ៊ុន Zodiac Maritime Ltd និង ក្រុមហ៊ុន Global Holding ហើយ​លោក​ថែម​ទាំង​ជា​ប្រធាន​មូលនិធិ​សប្បុរសធម៌​គាំ​ទ្រ​ដល់​ផ្នែក​វិស័យ​អប់រំ Eyal Ofer Family Foundation ទៀត​ផង។ មក​ដល់​ដើម​ឆ្នាំ​ ២០១៦ នេះ​លោក​ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​ជា​សេដ្ឋី​មាន​ជាង​គេ​លើ​ពិភពលោក​មួយ​រូប​ក្នុង​ចំណាត់​ថ្នាក់​លេខ ១៣៥ ជា​មួយ​ទ្រព្យសម្បត្តិ ៨,៩ ពាន់​លាន​ដុល្លារ។ តើ​មហាសេដ្ឋី​លេខ ១៣៥ ពិភពលោក​រូប​នេះ​ មាន​ដំណើរ​ជីវិត​យ៉ាង​ដូចម្ដេច​ខ្លះ​នា​ពេល​កន្លង​មក?

 

លោក Eyal Ofer កើត​នៅ​ឆ្នាំ ១៩៥០ ក្នុង​ទីក្រុង Haifa ប្រទេស អ៊ីស្រាអែល មាន​ឪពុក​ឈ្មោះ Sammy Ofer មាន​សញ្ជាតិ អ៊ីស្រាអែល កើត​នៅ រ៉ូម៉ានី គឺ​ជា​ឈ្មួញ​រក​ស៊ី​ខាង​ការ​ដឹក​ជញ្ជូន​និង​ក៏​ជា​អ្នក​មាន​មួយ​រូប​ប្រចាំ​អ៊ីស្រាអែល​ផង​ដែរ។ លោក Eyal Ofer បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា Atlantic College នៅ​ភាគ​ខាង​ត្បូង​ប្រទេស Wales។ ក្នុង​វ័យ​ជា​យុវជន លោក​បាន​ចំណាយ​ពេល​ក្នុង​វិស្សមកាល​រដូវ​ក្តៅ​ធ្វើ​ការងារ​ឲ្យ​ក្រុមហ៊ុន គ្រួសារ​របស់​លោក ផ្នែក​ដឹក​ជញ្ជូន ឃ្លាំង​ស្តុក​ទំនិញ និង​ការ​ធ្វើ​ដំណើរ​ឆ្លង​កំពង់ផែ​អន្តរជាតិ​ជា​រឿយៗ​ទៀត​ផង។ ក្រោយ​មក​ទៀត​លោក​បាន​ធ្វើ​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ឲ្យ​ទ័ព​អាកាស​អ៊ីស្រាអែល​ពី​ឆ្នាំ ១៩៦៧ ដល់ ១៩៧៣ និង​បន្ទាប់​មក​ទៀត​លោក​បាន​ចូល​សិក្សា​នៅ​សាលា​ច្បាប់​នៅ​ក្នុង​ទីក្រុង ឡុងដុង។

 

ក្រោយ​ពី​ធ្វើ​ការ​ខាង​ផ្នែក​ដឹក​ជញ្ជូន​ក្នុង​ភាព​ជា​យុវវ័យ​ លោក Eyal Ofer បាន​ចាប់​អារម្មណ៍​ខ្លាំង​ ទៅ​លើ​វិស័យ​ដឹក​ជញ្ជូន ការ​ធ្វើ​ដំណើរ​កម្សាន្ត និង វិស័យ​អចលនទ្រព្យ ក្នុង​ក្រុមហ៊ុន​គ្រួសារ​លោក​ផ្ទាល់​គឺ​ក្រុមហ៊ុន Ofer Global Groupដែល​ជា​ក្រុមហ៊ុន​ឯកជន​មួយ​មាន​មូលដ្ឋាន​ នៅ​ប្រទេស ម៉ូណាកូ ផ្តោត​សំខាន់​លើ ការ​ដឹក​ជញ្ជូន អចលនទ្រព្យ ធនាគារ និង ការ​វិនិយោគ​នៅ​អឺរ៉ុប អាមេរិក​ខាង​ជើង និង នៅ​អាស៊ី។ នៅ​ក្នុង​ឆ្នាំ ២០១៤ លោក​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​មួយ​ដែល​បាន​ក្លាយ​ជា​សមាជិក នៃ​ការ​ដោះដូរ​ការ​ដឹកជញ្ជូន​ឆ្លង​កាត់​ តំបន់​បាលកង់ រួម​ទាំង​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​សកល​លោក​ទាំង​មូល មួយ​ឆ្នាំ​ក្រោយ​មក​ទៀត​លោក​បាន​ជាប់​ឈ្មោះ លំដាប់​ទី ៧ ក្នុង​ចំណោម​ ១០ រូប​ជា​សេដ្ឋី​មាន​ឥទ្ធិពល​ជាង​គេ​លើ​លោក​ខាង​ឧស្សាហកម្ម​ដឹកជញ្ជូន។

 

នៅ​ឆ្នាំ ១៩៨០ លោក​បាន​បើក​ក្រុមហ៊ុន អចលនទ្រព្យ ក្នុង​ទីក្រុង ញូវយ៉ក សហរដ្ឋ​អាមេរិក វិនិយោគ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​តំបន់ Miller Global Properties ដោយ​លោក​មាន​តំណែង​ជា​សហប្រធាន។ ក្រោយ​មក​ទៀត​លោក​បាន​បើក​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​គ្នា​នៅ ញូវយ៉ក ដោយ​ជា​ក្រុមហ៊ុន​ឯក​ជន ក្រោម​ការ​គ្រប់គ្រង​នឹង​វិនិយោគ​របស់​លោក​តែ​ម្នាក់​ឯង​គត់។

http://www.forbes.com/profile/eyal-ofer/?list=billionaires

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com