បើ​ចង់​បើក​អាជីវកម្ម​រក​ស៊ី​ដំបូង​ជាមួយ​ដៃគូ​វិនិយោគ​ត្រូវ​រក​បុគ្គល​មាន​ចរិត​លក្ខណៈ ទាំង ៦ នេះ​សិន

១) ត្រូវ​មាន​ភាព​ខ្លាំង​ប្រហាក់​ប្រហែល​អ្នក ៖ នៅ​គ្រប់​មនុស្ស​ទាំង​អស់​ម្នាក់ៗ​គឺ​មាន​ចំណុច​ខ្លាំង​រៀង​ខ្លួន​ ប៉ុន្តែ​ពួក​គេ​ក៏​មាន​ចំណុច​ខ្សោយ​របស់​ខ្លួន​ដែរ ដែល​ជា​ចំណុច​ត្រូវ​ការ​ជួយ​ពី​អ្នក​ដទៃ ដើម្បី​បំពេញ​ភាព​ខ្វះខាត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​ជា​ពិសេស​នៅ​ក្នុង​វិស័យ​អាជីវកម្ម។ អ្នក​ត្រូវ​ដឹង​ថា ភាព​ខ្លាំង​របស់​អ្នក​បង្ក​ភាព​ងាយ​ស្រួល​ដល់​ខ្លួន​ឯង​ ដើម្បី​កំណត់​កិច្ច​ការ​ខ្លួន​ថា​ត្រូវ​ធ្វើ​អ្វី ហើយ​ដៃ​គូ​របស់​អ្នក​ត្រូវ​ធ្វើ​អ្វី​ចំពោះ​ភាព​ខ្លាំង​របស់​គេ។ នៅ​ពេល​ដែល​អ្នក​ជួប​បញ្ហា​អ្វី​មួយ​ វា​ជា​រឿង​ល្អ​បំផុត​ នៅ​ពេល​មាន​មនុស្ស​ដទៃ​មើល​ឃើញ​ពី​ ទស្សនៈ​ថ្មី​មួយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ព្រោះ​វា​ជួយ​ឲ្យ​អ្នក​នឹង​ដៃ​គូ​ខ្លួន​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​ចំពោះ​អ្វី​ដែល​ជា​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន។

 

២) ជា​មនុស្ស​ដែល​ស្រេក​ឃ្លាន​ចំណេះ​ដឹង ៖ ដៃ​គូ​សហ​ស្ថាបនិក​ដ៏​ល្អ​ គឺ​ជា​បុគ្គល​ដែល​ស្រេក​ឃ្លាន​ចំណេះ​ដឹង​បំផុត ក្នុង​ការ​រៀន​សូត្រ​ពី​អ្វី​ដែល​ថ្មី ព្រោះ​ពួក​គេ​ដឹង​រាល់​ចំណេះ​ដឹង​នឹង​បទពិសោធន៍​ដែល​ខ្លួន​កំពុង​តែ​មាន​ គឺ​មិន​គ្រប់​គ្រាន់​ទេ។ ការ​មាន​ឆន្ទៈ​ក្នុង​ការ​ចង់​ចេះ​ចង់​ដឹង​ គឺ​ជា​បច្ច័យ​មួយ​ដ៏​ល្អ​ដែល​នាំ​ឲ្យ​ពួក​គេ​ដើរ​លើ​ផ្លូវ​ត្រូវ។

 

៣) ត្រូវ​មាន​ចំណូល​ចិត្ត​ដូច​គ្នា ៖ ការ​រក​មិត្ត​យល់​ចិត្ត​ម្នាក់​ គឺ​ពិត​ជា​ពិបាក​បំផុត​ ជា​ពិសេស​ដៃ​គូ​វិនិយោគ​ ឬ មិត្ត​សហ​ស្ថាបនិក​ ដែល​ដឹង​ពី​ចំណូលចិត្ត គោលបំណង របស់​អ្នក​ ទើប​ធ្វើ​ឲ្យ​អ្វី​ដែល​អ្នក​បង្កើត​រួម​គ្នា​អាច​ដើរ​ទៅ​មុខ​បាន។

 

៤) មាន​សមត្ថភាព និង ឆន្ទៈ​ក្នុង​ការ​ផ្លាស់​ប្ដូរ ៖ ការ​មាន​ដៃ​គូ​វិនិយោគ ដែល​មាន​សមត្ថភាព​គិត និង ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទៅ​តាម​កាលៈទេសៈ​ មាន​ការ​បត់បែន​រហ័ស​ក្នុង​ស្ថានភាព​លំបាក មាន​សមត្ថភាព​ក្នុង​ការ​សម្រេច​ចិត្ត​បាន​រហ័ស​និង​ត្រឹមត្រូវ ដើម្បី​ធ្វើ​អ្វី​មួយ​ឲ្យ​ល្អ​ប្រសើរ​ឡើង​គឺ​ជា​រឿង​ល្អ​បំផុត​ក្នុង​វិស័យ​អាជីវកម្ម​។

 

៥) មាន​សុចរិត​ភាព​ និង ភាព​ស្មោះ​ត្រង់ ៖ ភាព​មិន​ស្មោះ​ត្រង់ គេង​ចំណេញ ការ​យក​ប្រៀប​ គ្នា​ក្នុង​មាន​ជា​ដៃ​គូ​វិនិយោគ គឺ​សុទ្ធ​តែ​ជា​រឿង​ដែល​នាំ​ឲ្យ​អាជីវកម្ម​មួយ​អាច​ដួល​រលំ​ទៅ​វិញ ព្រោះ​ធ្វើ​ឲ្យ​អ្នក​ខាត​បង់​គ្រប់​អ្វីៗ​ទាំង​អស់​មិន​ថា​កម្លាំង ឬ ហិរញ្ញវត្ថុ របស់​អ្នក​ឡើយ ដូច្នេះ​ការ​ជ្រើស​រើស​ដៃ​គូ​វិនិយោគ​មិន​មែន​ត្រឹម​តែ​អ្នក​មាន​ហិរញ្ញវត្ថុ មាន​ជំនាញ​ច្បាស់​លាស់​នោះ​ទេ តែ​ត្រូវ​មាន​ចរិត​លក្ខណៈ​ស្មោះ​ត្រង់ និង ភាព សុចរិត។

 

៦) មាន​ចិត្ត​រឹងប៉ឹង ៖ ចិត្ត​រឹងមាំ​ គឺ​ទាក់​ទង​នឹង​សមត្ថភាព​ ដែល​អ្នក​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង និង​មនុស្ស​ដទៃ។ រាល់​ម្ចាស់​អាជីវកម្ម ឬ ស្ថាបនិក ក្រោម​ហ៊ុន​បង្កើត​ថ្មី​ គឺ​សុទ្ធ​តែ​ទាមទារ​ឲ្យ​មាន​ចិត្ត​រឹងប៉ឹង​ក្នុង​ដំណាក់​កាល​ដំបូង​ ព្រោះ​ភាព​ជោគជ័យ​នៃ​ក្រុមហ៊ុន​បង្កើត​ថ្មី​គឺ​ការ​ស៊ូ​ទ្រាំ​អត់​ធ្មត់​ និង ធ្វើ​ចិត្ត​ឲ្យ​រឹង​បំផុត​ដោយ​មិន​ត្រូវ​ចុះ​ចាញ់​ដោយ​ងាយៗ​ឡើយ​ពេល​ស្ថិត​នៅ​ក្រោម​សម្ពាធ​ណា​មួយ​នោះ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: entrepreneur.com