​ហេតុអ្វី​បានជា​ក្មេង​អាយុ​២​ឆ្នាំ​ពិបាក​ចាត់ការ​ម្លេះ​?

​ហេតុអ្វី​បានជា​ក្មេង​អាយុ​២​ឆ្នាំ​ពិបាក​ចាត់ការ​ម្លេះ​?

​នៅពេល​ដែល​កូន​មាន​អាយុ​២​ឆ្នាំ​គឺជា​ដំណាក់កាល​ដែល​ពិបាក​មើលថែ​បំផុត ព្រោះ​គេ​ចាប់ផ្តើម​មាន​ច​រឹត​ដែល​ចេះ​ប្រឆាំងនឹង​អ្នក​ហើយ​។ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​?

យល់ចិត្ត​កូន​
នៅពេល​ដែល​កូន​ដល់​ដំណាក់កាល​នេះ កូន​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ចេះ​ខឹង ចេះ​ច្រណែន ចេះ​ខ្មាសអៀន ឬ​សប្បាយ​ជាដើម ហើយ​នៅពេល​ដែល​គេ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត គេ​នឹង​អាច​យក​ការ​យំ​មក​បញ្ចេញ​ប្រាប់​អ្នក ដោយសារ​តែ​គេ​មិនទាន់​ចេះ​និយាយ ដូចនេះ​នៅពេលនេះ អ្នក​គួរតែ​រក្សា​អារម្មណ៍ឲ្យ​ស្ងប់ ដោយ​មិន​ត្រូវ​ស្រែក​ដាក់​កូន ហើយ​ត្រូវ​ជួយ​គេ​ឲ្យមាន​អារម្មណ៍ល្អ​វិញ ទើប​គេ​មិន​យំ​ទៀត​។​

លើកទឹកចិត្ត​ឲ្យគេ​និយាយ​
មាន​ពេលខ្លះ​ដោយសារ​តែ​ប្រដាប់ប្រដា​ល់លេង​របស់​គេ​ត្រូវ​អ្នកដទៃ​ដណ្តើម ឬ​ដោយសារតែ​គេ​មិន​ព្រម​គេង ទើប​គេ​ស្រែកយំ ហើយ​រករឿង ដូចនេះ​អ្នក​អាច​ទុកឲ្យ​គេ​យំ​ឆ្អែត ហើយ​ទើប​សួរ​គេ​ពី​មូលហេតុ ហើយ​បង្រៀន​គេ​ពី​របៀប​ដោះស្រាយ និង​រំងាប់​អារម្មណ៍ នោះ​ពេល​ក្រោយ​គេ​នឹង​មិន​ធ្វើ​បែប​នេះ​ទៀត​ទេ​។​

ត្រូវ​ដាក់​វិន័យ​
កូន​ដែល​មាន​អាយុ​២​ឆ្នាំ​ភាគច្រើន​មិន​ព្រម​ធ្វើ​តាម​អ្នក​ឡើយ ដូចនេះ​អ្នក​ត្រូវតែ​ដាក់​វិន័យ​ឲ្យគេ​ធ្វើតាម ដោយ​ម៉ោង​បាយ​ត្រូវតែ​អង្គុយ​លើ​តុ​ញ៉ាំ លេង​រួច​ត្រូវតែ​រៀប​ប្រដាប់ប្រដា​ល់លេង​ទុក ដោះ​ស្បែកជើង​រួច​ត្រូវ​តែ​ទុក​នៅ​ក្នុង​ទូរ​ឲ្យ​ស្រួល ទើប​គេ​អាច​ធ្វើ​តាម​អ្នក​។​

បណ្តោយ​តាម​គេ​
នៅពេល​ដែល​រងារ គេ​មិន​ព្រម​ពាក់​អាវដៃវែង​ចេញ​ក្រៅ ឬ​គេ​មិន​ព្រម​ញ៉ាំ​បាយ ហើយ​ទោះបីជា​អ្នក​អង្វរ​យ៉ាងណា​ក៏ដោយ​ក៏​គេ​មិន​ព្រម​ធ្វើ​តាម​អ្នក​ដែរ ដូចនេះ​អ្នក​គួរតែ​បណ្តោយ​តាម​គេ ឲ្យគេ​ធ្វើ​អ្វី​ដែល​គេ​ចង់ នោះ​ពេល​ដែល​គេ​ធ្វើ​រួច គេ​នឹង​ជួប​ផលវិបាក​ផ្សេងៗ​ដូចជា ៖ រងារ ឬ​ឃ្លាន ហើយ​គេ​នឹង​រត់​មក​រក​អ្នក​ដើម្បី​ចង់​ញ៉ាំ​អាហារ ពេល​នោះ​អ្នក​អាច​ប្រាប់​គេ​ឲ្យ​ចាំ​ដល់​អាហារ​មួយ​ពេល​ទៀត ទើប​គេ​ដឹង​ថា​ភាព​រឹង​គឺ​អាច​នាំឲ្យ​គេ​ជួប​ផលវិបាក​បែបនេះ ដូចនេះ​ថ្ងៃក្រោយ​គេ​នឹង​មិន​រឹង​មិន​ស្តាប់​អ្នក​ទៀត​ទេ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។