លោក HTIN KYAW មនុស្ស​ជំនិត​លោកស្រី​ស៊ូ​ជី ក្លាយជា​ប្រធានាធិបតី​ភូមា

លោក HTIN KYAW សហការី​ជំនិត​ម្នាក់​របស់​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី បាន​ក្លាយជា​ប្រធានាធិបតី​ថ្មី​ភូមា ។ លោក​ជា​មនុស្ស​ដំបូង​គេ​ដែល​ជ្រើសតាំង​តាម​បែប​ប្រជាធិបតេយ្យ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​សភា​ថ្មី​កាលពី​ថ្ងៃ​ទី​១៥ មីនា ។

គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ NLD ដែល​ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​ធំធេង​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ខែវិច្ឆិកា បាន​ស្នើ​បេក្ខភាព​របស់​លោក HTIN KYAW ជា​មនុស្ស​ជំនិត​របស់​លោកស្រី​ស៊ូ​ជី ដែល​ពុំ​អាច​ក្លាយជា​ប្រធានាធិបតី​ដោយសារ​រដ្ឋធម្មនុញ្ញ​បន្សល់​ទុក​ពី​របប​យោធា ។ លោក​ត្រូវ​បាន​ជ្រើសតាំង​ក្រោម​ស្នូរ​ទះដៃ​យ៉ាង​កងរំពង​ដោយ​៣៦០​សំឡេង ក្នុង​ចំណោម​សមាជិក​សភា​ទាំងអស់​៦៥២​រូប ។

ប្រធានាធិបតី និង​រដ្ឋាភិបាល​ថ្មី​ដែល​សមាសភាព​ត្រូវ​ប្រកាស​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នឹង​ចូល​កាន់​តំណែង​នា​ថ្ងៃ​ទី​១ មេ​សា ។ ក្រោយ​ពី​ដណ្តើម​បាន​ជ័យជម្នះ​ដ៏​ត្រ​ចេះ​ត្រចង់​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ គណបក្ស LND ពិត​ណាស់​អាច​ឱ្យ​មានការ​ជ្រើសរើស​បេក្ខជន​របស់​ខ្លួន​ជា​ប្រធានាធិបតី ទោះបី​ក្នុង​សភា​មាន​វត្តមាន​សមាជិក​សភា​ជា​យោធា​មិនបាច់​ឆ្លងកាត់​ការ​បោះ​ឆ្នោត​១​ភាគ​៤​ក្តី ។ ក៏​ប៉ុន្តែ​គណបក្ស​នេះ​ពុំ​អាច​លើក​បេក្ខភាព​លោកស្រី​ស៊ូ​ជី ព្រោះ​រដ្ឋធម្មនុញ្ញ​ហាមឃាត់​ជន​ណា​ម្នាក់​ដែល​កូន​មាន​សញ្ជាតិ​បរទេស​ឡើង​ធ្វើ​ប្រធានាធិបតី ។ លោកស្រី​ស៊ូ​ជី មានកូន​ប្រុស​២​នាក់​ជនជាតិ​អង់គ្លេស ។ ទោះបី​យ៉ាងណា លោកស្រី​ស៊ូ​ជី ធ្លាប់​អះអាង​រួច​ហើយ​ថា លោកស្រី​នឹង​នៅ​ពីលើ​ប្រធានាធិបតី ៕