ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ឆ្នាំង ៖ ទារិកាអាយុ​៨​ខែ​ម្នាក់​បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត និង​មនុស្សប្រុស​ស្រី​៤​នាក់​ទៀត ​​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​​បង្ក​ឡើង​ដោយ​សារ​​​តែ​​រថយន្តក្រុង​មួយ​គ្រឿងព្យាយាម​បើក​ជែងវ៉ា​រថយន្ត​មួយគ្រឿង​ទៀតរួច​ជ្រុល​ទៅ​បុក​ម៉ូ​តួ​​ស​ណ្តោ​ង​រ៉ឺ​ម៉ក​ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ​មី​នា ​​នៅ​លើ​​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​​ក្នុងភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​​

​មន្ត្រី​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​ បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ម៉ូតូ​មួយ​គ្រឿងម៉ាក​ស្មា​ស់រី​វ៉ូ ពណ៌​បៃតង មាន​សណ្តោង​រ៉ឺ​ម៉ក​ពីក្រោយដែល​​មាន​​មនុស្ស​ជិះ​សរុប​៤​នាក់​​ ​​បើកបរ​ដោយ​បុរស​ឈ្មោះ ថន សុខ​ខៃ ​អាយុ​៣៣​ឆ្នាំ ​​ពី​ត្បូង​ទៅ​​ជើង លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្តក្រុង​មួយ​គ្រឿង​​ បើកបរ​ដោយ​ជន​​ពុំ​ស្គាល់ឈ្មោះ ​​ទិសដៅ​ពីជើង​ទៅ​ត្បូង ​ដោយ​ព្យាយាម​បើក​ជែង​វ៉ា​រថយន្តមួយ​គ្រឿង​ទៀត​​ក៏​​ជ្រុលចង្កូត​​ទៅ​​បុក​ម៉ូតូ​សណ្តោងរ៉ឺ​ម៉ក​ពេញទំហឹង​​ បណ្តាល​​អ្នក​ជិះ​ក្នុង​រ៉ឺ​ម៉ក​រង​របួសធ្ងន់​និង​ស្រាល​ ​ត្រូវ​បាន​ដឹកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត តែ​ជា​អកុសលទារិកា​ម្នាក់​​​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ ។

​ប្រភព​ដដែល​បាន​បន្ត​ថា ទារិកា​ដែល​ស្លាប់​​ ឈ្មោះ ខុន សុ​វ​ណ្ណា អាយុ​៨​ខែ ។ ចំណែក​អ្នករង​របួស​ទាំង​៤នាក់ មាន ១-ឈ្មោះ ផា​ន់ ស​ម្ប​តិ្ត អាយុ​១៧ឆ្នាំ ​​២-ឈ្មោះ ស៊ី្រម តយ អាយុ​១៧ឆ្នាំ ៣-ឈ្មោះ ថន សុខ​ខៃ អ្នក​បើក​ម៉ូតូ និង៤-​ឈ្មោះ ស៊ន ចាន់​ស៊ី អាយុ​២៨ឆ្នាំ ជា​ប្រ​ព​ន្ឋ​ថន សុខ​ខៃ ។ ​អ្នក​រង​គ្រោះ​​ទាំងអស់​​មាន​ទីលំនៅភូមិ​កំពង់​ខ្លាញ់ ឃុំ​ជល​សារ ស្រុក​ជល​គី​រី ។

​ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្តក្រុង​បាន​ព្យាម​បើក​រត់​រហូត​ដល់មុខ​សាលាស្រុក​បរិបូរណ៍ក៏​​ឈប់​រថយន្ត​រួច​ចុះ​រត់​គេចខ្លួន​បាត់​ស្រមោល ។ ​ចំណែក​​​រថយន្ត​និង​ម៉ូតូសណ្តោង​រ៉ឺម៉ក​​​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅរក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នី​តិ​វិធី ៕​​