ចិន​នឹង​បង្កើត​មជ្ឈមណ្ឌល​យុត្តិធម៌​ដោះស្រាយ​ជម្លោះ​លើ​សមុទ្រ​អន្តរជាតិ​

:
តាម​ដំណឹង​ចុះផ្សាយ​របស់​កាសែត The People Daily បានឱ្យដឹងថា យោងតាម​របាយការណ៍​ការងារ​ប្រចាំឆ្នាំ​២០១៥ របស់​តុលាការ​កំពូល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានឱ្យដឹងថា ឆ្នាំ​២០១៦ ប្រទេស​ចិន​នឹង​បង្កើត​មជ្ឈមណ្ឌល​យុត្តិធម៌​ដោះស្រាយ​ជម្លោះ​លើ​សមុទ្រ​អន្តរជាតិ ដើម្បី​បម្រើ​និង​ធានា​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ  “​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​” និង​អំណាច​ខាង​សមុទ្រ​។​
​    ​
រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ កម្រិត​នៃ​ការយកចិត្តទុកដាក់រ​បស់​ប្រទេស​ចិន​ចំពោះ​យុទ្ធសាស្ត្រ​សមុទ្រ កំពុង​ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់​។ ឆ្នាំ​២០១២ ប្រទេស​ចិន​បានលើកឡើង​បង្កើត​យុទ្ធសាស្ត្រ​អំណាច​ខាង​សមុទ្រ​។ ឆ្នាំ​២០១៥  ប្រទេស​ចិន​លើកឡើង​ពី​ការធ្វើឱ្យ​សេដ្ឋកិច្ច​លើ​សមុទ្រ​កាន់តែ​រឹងមាំ និង​ពង្រីក​លំហ​នៃ​សេដ្ឋកិច្ច​លើ​សមុទ្រ​ថែម​មួយកម្រិត​ទៀត​។​
​    ​
លោក ចូ​វ ឈាំ​ង​ (Zhou qiang)​ ប្រធាន​តុលាការ​កំពូល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​មានប្រសាសន៍ថា ចាប់តាំងពី​ការបង្កើត​តុលាការ​ដោះស្រាយ​ជម្លោះ​លើ​សមុទ្រ​នៅ​ឆ្នាំ​១៩៨៤​មក កិច្ចការ​កាត់ក្ដី​ជម្លោះ​លើ​សមុទ្រ​របស់​ប្រទេស​ចិន​បានធ្វើការ​ជំនំជម្រះ​ករណី​មាន​ឥទ្ធិពល​មួយចំនួន ដោយ​ផ្អែក​តាមច្បាប់ ដែល​បាន​រក្សា​ការពារ​សិទ្ធិ​និង​ប្រយោជន៍​សមុទ្រ​របស់​ប្រទេស​ចិន​ដោយមាន​ប្រសិទ្ធិភាព​។ លោក​បានចង្អុលបង្ហាញ​យ៉ាង​ពិសេស​ថា តុលាការ​ដោះស្រាយ​ជម្លោះ​លើ​សមុទ្រ​ក្រុង​សៀ​ស​មិន ដែល​ជំនំជម្រះ​លើ​ករណី​នាវា​ប៉ា​ណា​ម៉ា​បុក​គ្នា​ជាមួយ​នាវា​ចិន​សញ្ញា​មីន​សៀ​អ៊ី​(Min xia yu)​លេខ​០១៩៧១ លើ​ដែនសមុទ្រ​ចិន បានបង្ហាញ​យ៉ាងច្បាស់​អំពី​សិទ្ធិ​គ្រប់គ្រង​ផ្នែក​យុត្តិធម៌​របស់​ប្រទេស​ចិន​ចំពោះ​ដែនសមុទ្រ​ប្រជុំ​កោះទាវ​អ៊ី​(Diaoyu )​។​
​    ​
កាលពី​ពេលមុន លោក ចូ​វ ឈាំ​ង ក៏​ធ្លាប់បាន​សង្កត់ធ្ងន់ថា ត្រូវអនុវត្ត​សិទ្ធិ​គ្រប់គ្រង​ផ្នែក​យុត្តិធម៌​លើ​សមុទ្រ​តាមច្បាប់ ចំពោះ​រាល់​សកម្មភាព​អភិវឌ្ឍន៍ និង​ប្រើប្រាស់​សមុទ្រ ក្នុង​ដែនសមុទ្រ ដែល​ប្រទេស​ចិន​គ្រប់គ្រង​។ ហើយ​ត្រូវការពារ​ដោយ​ស្មើភាព​នូវ​សិទ្ធិ និង​ប្រយោជន៍​ស្របច្បាប់ នៃ​គូក្ដី​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​ចូលរួម​យ៉ាងសកម្ម​ធ្វើឱ្យ​ពេញលេញ​នូវ​ច្បាប់​សមុទ្រ​អន្តរជាតិ​នេះ​។​
​    ​
យោងតាម​ស្ថិតិ បរិមាណ​ដឹកជញ្ជូន​តាម​សមុទ្រ​អន្តរជាតិ​របស់​ប្រទេស​ចិន​មាន​ចំនួន​១​ភាគ​៣​នៃ​បរិមាណ​ដឹកជញ្ជូន​តាម​សមុទ្រ​អន្តរជាតិ​ពិភពលោក​។ ហើយ​ការដឹកជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ប្រទេស​ចិន​ចំនួន​៩០%​គឺ​ប្រព្រឹត្ត​តាមផ្លូវ​សមុទ្រ ដោយ​ផលិតផល​តាម​សមុទ្រ​សរុប​មាន​ចំនួន​៩,៦%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ចិន​៕

ចិន​នឹង​បង្កើត​មជ្ឈមណ្ឌល​យុត្តិធម៌​ដោះស្រាយ​ជម្លោះ​លើ​សមុទ្រ​អន្តរជាតិ​