ដល់​រដូវ​កាល​ដាក់​កុងត្រូលជជុះ បើ​អត់​បង់ មិន​ឱ្យ​ដឹក​ទំនិញ​ទៅ

​ប្រជា​​​កសិករ​​ជា​ច្រើន​​​រស់នៅ​​ក្នុង​ខេត្ត​បាត់​ដំប​ង និង​ខេត្ត​​ប៉ៃលិន បាន​​សម្តែង​ការ​មិន​​ពេញ​ចិត្ត​ចំពោះ​ភាស៊ី​​ចំណតរថយន្ត​មួយ​​កន្លែង
ដែ​ល​​គេ​ដាក់​ចាំ​ទារ​លុយ​​ពី​រថ​យន្ត​កសិ​ករ​​ដឹក​កសិ​ផល​ឆ្លង​ដែន​ពី​ស្រុក​សំឡូត​ ទៅ​លក់​តាម​ស្តង់​នានា​ក្នុង​​ខេត្ត​​ប៉ៃលិ​ន ។

ការ​​ដាក់​​ភាស៊ី (​កុងត្រូលជជុះ​) ចាំ​​ទារ​លុយ​ពី​កសិករ​​នេះ ធ្វើ​ឡើងជា​យូរ​​ថ្ងៃខែ​មក​​ហើយ ជា​ពិសេស​ឱ្យ​​តែ​ដល់​រដូវ​​ប្រមូល​ផល​ពោត និង​​ដំឡូង​​មី គឺ​​តម្រូវ​​ឱ្យ​បង់ប្រាក់​ចាប់ពី​៣​ពាន់​​រៀល រហូត​ដល់​១​ម៉ឺន​​រៀល​ តាម​រថយន្ត​តូច ឬ​ធំ ។ បើ​ពុំ​ដូច្នោះ​​ទេ គេ​មិន​អនុញ្ញាត​​ឱ្យ​ដឹក​កសិក​​ផលទៅ​លក់ដូរ​​បាន​នោះ​​ឡើយ ដោយ​អ្នកយាម​​កន្លែង​នោះ​​អះអាង​ថា អភិបាលស្រុក​​សំឡូត​ជា​អ្នកបញ្ជា​ឱ្យ​យក​ភាស៊ី​ថ្លៃ​កសិ​ផល​​ខាង​លើ ។

​បើ​​តាម​ប្រជាពលរដ្ឋ​​ជា​ច្រើន​នាក់​ដែល​ដឹក​កសិផល​​ពោត និង​ដំឡូង​មី ​បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ​មីនា ​២០១៦ ​នេះ​ថា ចំណត​ភាស៊ី (​កុងត្រូលជជុះ​) ដែល​គេ​​ដាក់​ចាំ​ទារ​​លុយ​ពី​ពួក​គាត់ គឺ​ស្ថិត​​​ក្នុងភូមិ​កំពង់​​ទូក ឃុំ​​មាន​​ជ័យ ស្រុក​សំឡូត ខេត្តបាត់​ដំបង នៅ​ជាប់​នឹង​​ព្រំប្រទល់​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដោយ​​ត្រូវ​បាន​គេ​ដាក់​ប្រចាំការ​នៅ​ទីនោះ​​ជា​យូរ​ថ្ងៃខែ​ឆ្នាំ​មក​​ហើយ ដើម្បី​ទារ​លុយ​​ពី​ប្រជា​កសិករ​ទាំង​អស់​ដែល​ដឹក​កសិផល ឆ្លង​ដែន​ចូល​ទៅ​​លក់ដូរ​នៅ​ខេត្ត​ប៉ៃ​លិន កាត់​តាម​​ចំណុច​នោះ

ដោយ​ក្នុង​១​រថយន្ត​ច្នៃ​តូច​​ចំណុះ​២ ទៅ៣​​តោន គេ​ទារ​ចំនួន​​៣​ពាន់​រៀល បើ​រថយន្ត​ច្នៃ​ធុន​​កណ្តាល​ គេ​ទារ​ឱ្យ​ប​ង់​៥​ពាន់​​រៀល រហូត​ដល់​​រថយន្ត​​យី​​ឌុ​ប គេ​​ទារ​ឱ្យ​បង់​ចំនួន​១​ម៉ឺន​រៀល​​ឯណោះ ។ ពួក​គាត់​បន្ត​ទៀត​ថា បើ​ដឹក​១​ថ្ងៃ​២​ជើង ម្ចាស់​រថយន្ត​ ត្រូវ​តែ​បង់ប្រាក់​ចំនួន​២​ដង​ដែរ ដោយ​មិន​មាន​ការ​យោគយល់​នោះ​​ឡើយ បើសិនជា​មិន​បង់ប្រាក់​​ទេ មិន​អនុញ្ញាត​​ឱ្យ​ពួក​គាត់ ​ដឹក​កសិផល​ចូល​ទៅ​លក់ដូរ​​នៅ​តាម​ស្តង់​ពោត ឬ​ដំឡូង​មី​ក្នុង​ខេត្ត​ប៉ៃលិន​បាន​​ឡើយ ។

ពួក​គាត់​ប​ញ្ជា​ក់​ទៀត​​ថា បើសិនជា​ទារ​ថ្លៃ​​ភាស៊ី​ចំណតរថយន្ត​​បែប​នេះ ពួក​គាត់​គ្មាន​សល់​លុយកាក់​អ្វី​​ឡើយ ខណៈ​នៅ​ឆ្នាំ​នេះ​ ការ​ដាំ​ដំឡូង​មី​ចុះ​ថយ​ទិន្នផល និង​តម្លៃ​ធ្លាក់​ចុះ លុះ​មា​នភា​ស៊ី​ចំណតរថយន្ត (​កុងត្រូលជជុះ​) ​ថែម​ទៀត ពួក​គាត់​កាន់តែ​មានការ​លំបាក​យ៉ាង​​ខ្លាំង​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត ។ ពួក​គាត់​សំណូមពរ​ឱ្យ​អាជ្ញាធរ​ខេត្ត​ទាំង​២​ចុះ​ត្រួតពិ​និត្យ​ចំ​ពោះ​កុងត្រូលជជុះ​មួយ​កន្លែង​នេះ​ផង ព្រោះ​​ចំណត​ភាស៊ី​រថយន្ត​គេ​ដាក់​តែ​កន្លែង​អ្នក​បើក​បរ​រថយន្តឈ្នួល​ប៉ុណ្ណោះ នេះ​ពួក​គាត់​ដឹក​ពី​ចម្ការ​របស់​ខ្លួន​ទៅ​លក់ដូរ​នៅ​ខេត្ត​ផ្សេង​​ទេ ។