តុលាការ​​កំពង់ស្ពឺ​ដោះ​លែង​ស្ត្រី​២នាក់​ ក្រោយ​សម្តេច​តេជោសែន​ប្រតិ​កម្ម

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​២​នាក់​ដែល​តុលាការបាន​ចេញ​ដីកាឃុំខ្លួនកាលពី​ពេល​កន្លង​ទៅ ក្នុង​ករណី​តវ៉ា​រឿង​ទំនាស់​ដីធ្លី នៅ​ភូម​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវ​បាន​តុលាការ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​សម្តេច​តេ​ជោ​នាយក​​​រដ្ឋមន្ត្រី ។

ស្ត្រី​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ​យូ​រ៉​ន អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច និង​ម្នាក់​ទៀត​ឈ្មោះ​អ៊ី​ត រុំ អាយុ​​៥៥​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា ត្រូវ​បាន​ចៅក្រម​សាលាដំបូង ចោទប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ទោស​លើ​អ្នក​កាន់​អចលនវត្ថុ​ដោយ​សុចរិត កាលពី​ថ្ងៃ​ទី​២៧ និង​៣០ មីនា ២០១៥ ។

គួរ​រំលឹក​ថា ស្ត្រី​ទាំង​២​នាក់ ត្រូវ​បាន​តុលាការខេត្ត​កំពង់ស្ពឺ ធ្វើការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​១២ មីនា ២០១៦ បន្ទាប់​ពី​កោះ​ហៅ​​ឱ្យ​ចូលខ្លួន​មក​កាន់​សាលាដំបូង​ខេត្ត ក្នុង​បទ​ចោទ​ខាងលើ ។ ក្រោយ​ពី​មានការ​ឃុំខ្លួន ត្រូវ​សាច់ញាតិ​របស់​ស្ត្រី​ទាំង​២​នាក់ បាន​ស្វែងរក​ការ​អន្តរាគមន៍ ដើម្បី​ជួយ​ដល់​ស្ត្រី​ទាំង​២​រូប ។

រហូត​ដល់​រឿង​នេះ បាន​ជ្រាប​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ឈាន​ដល់​ការ​ចាត់​ឱ្យ​កូនប្រុស​២​នាក់​របស់​សម្តេច ឱ្យមក​ធ្វើការ​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​តុលាការ ដើម្បី​ដោះ​លែង​ស្ត្រី​ទាំង​២​នាក់ ឱ្យ​មាន​សេរីភាព​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មីនា ២០១៦ នេះ ។