ជីវិត​​ស្ត្រី​មេ​ម៉ាយ​​កូន​​២ របរ​ឡើង​ត្នោត​អាច​​ចិញ្ចឹម​ពួក​​គាត់​បាន​​ទេ?

ខេត្តកំពង់ឆ្នាំង ៖ តាំងពី​ព្រលឹម​ស្រាង​ៗ ស្ត្រី​មេម៉ាយ​ទុរគត​ម្នាក់​បាន​ទុក​កូនប្រុស​តូច​ៗ២​នាក់​ចោល​ក្នុង​ខ្ទម​ស្លឹក​តូច​មួយ ហើយ​ម្នីម្នា​រែក​បំពង់​ទៅ​ឡើងត្នោត​ក្នុងភូមិ ដើម្បី​យក​ទឹក​រំងាស់​ស្ក​យក​ទៅ​លក់ ដើម្បី​បាន​ប្រាក់​បន្តិច​ប​ន្ទួ​ចម​ក​ចិញ្ចឹម​កូន​របស់​គាត់ ។

រហូត​ដល់​ម៉ោងជាង​៨​ព្រឹក ទើប​ការងារ​ដ៏​ប្រថុយប្រថាន និង​ធ្លាប់​មាន​តែ​ជា​មនុស្ស​ប្រុស​ធ្វើ​នេះ​បាន​រួចរាល់ និង​រែក​ទឹកត្នោត​ជា​ច្រើន​បំពង់​ត្រឡប់​មក​ផ្ទះ​វិញ ។ ជួល​កាល​ភ្ញាក់​ពី​ដំណេក រក​ម្តាយ​មិនឃើញ កូន​ៗ​របស់​គាត់ ក៏​ដឹក​ដៃ​គ្នា​ទៅ​តាម​ម្តាយ​ដល់​ដើម​ត្នោត និង​ជួន​ពេល​ខ្លះ​ទៀត នៅ​មិន​អស់​ងងុយ កូន​ប្អូន​បន្ត​ដេក​លង់លក់​លើ​ដី ក្បែរ​គល់​ត្នោត​ទៀត​ផង ដែល​មើលទៅ​ពិតជា​កំសត់​ពេក​ណាស់​។

នេះ​គឺជា​ជីវិត​ស្ត្រី​មេម៉ាយ​ក្រខ្សត់​ត្រដររស់ ដើម្បី​កូន​ប្រថុយ​អាយុជីវិត សុខចិត្ត​ឡើងត្នោត ដែល​មិនមែន​ជា​ជំនាញ​របស់​ខ្លួន ប្តូរ​មក​វិញ​នូវ​ប្រាក់​កម្រៃ​បន្តិចបន្តួច ដែល​មិន​ស័ក្តិសម​ទៅ​នឹក​កម្លាំង​ពលកម្ម និង​ការ​ប្រមាថ​ជីវិត​យ៉ាងនោះ​ដែរ ។ តែ​មិនដឹង​ថា ត្រូវ​ទៅ​ធ្វើ​អ្វី​ផ្សេង​​ពី​នេះ​ឱ្យ​បាន​ប្រាក់ ហើយ​ថា តើ​មាន​ស្ត្រី​ប៉ុន្មាន​នាក់ ដែល​ចង់​ធ្វើ​បែប​នេះ? ។

ក្នុង​វ័យ​ទើបតែ​៣៣​ឆ្នាំ ស្ត្រី​មេម៉ាយ​ឈ្មោះ​ញ៉ឹ​ក ចំរើន រស់នៅ​ភូមិ​ព្រះ​រាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​រៀបរាប់​ថា គាត់​មាន​បងប្អូន​៦​នាក់ រូប​គាត់​ជា​កូន​បង​គេ​បង្អស់ ត្រូវ​ម្តាយ​ស្លាប់​ចោល ឪពុក​នៅ​រស់ តែ​បែក​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធចុង ។​កាល​ដែល​ឪពុក​នៅ​ជាមួយ គាត់​ជា​អ្នក​ឡើងត្នោត យូ​ៗ​ម្តង ឪពុក​បាន​ប្រើ​គាត់​ឱ្យ​ឡើងត្នោត​ជំនួស​ម្តងម្កាល លុះ​ឪពុក​បែក​ទៅ​មាន
ប្រពន្ធ គាត់​គ្មាន​មុខរបរ​អ្វី​ធ្វើ ក៏​ឡើងត្នោត ដើម្បី​ចិញ្ចឹម​ជិ​វិត​និង​កូន​ៗ ហើយ​ការ​ចាប់​មុខរបរ​នេះ ទើបតែ​មួយ​ឆ្នាំ​នេះ​ទេ ។

ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃនេះ គឺ​ខ្វះខាត​ខ្លាំង​ណាស់ ព្រោះ​ត្នោត​ធ្វើ​មិនសូវ​ចេញ​បាន​ស្ករ​ក្នុង​១​ថ្ងៃ តែ​២​គីឡូក្រាម​ទេ បាន​ប្រាក់​ត្រឹមតែ​៥​ពាន់​រៀល​ប៉ុណ្ណោះ ហើយ​បើ​ខែវស្សា អស់​ផ្កាត្នោត គាត់​បាន​ទៅ​ស៊ីឈ្នួល​ភ្ជួរ​រាស់​ឱ្យ​គេ​មួយ​ព្រឹក​បាន​៥​ពាន់​រៀល តែបើ​ដក​ស្ទួ​ង​វិញ​បាន​១.៥០០០​រៀល​ដែរ ។ ខែ​ច្រូត ក៏​ដូច​គ្នា​ដែរ គឺ​១.៥០០០​រៀល​ក្នុង​១​ថ្ងៃ ។

សព្វ​ថ្ងៃនេះ ពេល​ខ្លះទៅ​ជឿ​របស់​តាម​តៀម​គេ​លក់​មក​ហូប​ចុក មាន​ខ្លាញ់ ពង​ទា ទឹកត្រី ជាដើម ។ ចំណែក​អ្នកលក់​បន្លែ ត្រី ដឹក​តាម​ម៉ូតូ​កាត់មុខ​ផ្ទះ ក៏​ត្រូវ​គាត់​ទិញ​គេ​ជឿ​ដែរ គ្រាន់តែ​ជំពាក់​គេ​តាម​តូប និង​ម៉ូតូ​លក់​ត្រី​ជាង​១០​ម៉ឺន​រៀល​ទៅ​ហើយ​សព្វ​ថ្ងៃនេះ ។ ពេល​ខ្លះ​លក់​ស្ករ​បាន គឺ​សង​បណ្តោះ​គេ​ខ្លះទៅ តែ​ពេល​ខ្លះ​អត់​មែនទែន ជឿ​ខ្លាញ់​គេ​២០០​រៀល មក​ឆា​ត្រឡប់​ស្លឹក​ផ្ទី ដែល​ដក​តាម​ភូមិ​ហូប​ជាមួយ​កូន​មួយ​ពេល​ទៅ ។

ចំណែក​ពេល​ខ្លះ​ទៀត អត់​ទាំង​អង្ករ​ដាំបាយ​ឱ្យ​កូន​ហូប​ទៀត ពិតជា​លំបាក​ណាស់ (​ថា​ហើយ​ស្ត្រី​រូប​នោះ ស្ទុះ​ទៅ​យក​ធុង​ដាក់​អង្ករ​ឱ្យ​មើលឃើញ​មាន​អង្ករ​ប្រហែល​២​កំប៉ុង ) ។ ស្ត្រី​មេម៉ាយ​ទុរគត​រូប​នោះ និយាយ​មិន​លាក់លៀម​ថា តាម​ពិត គាត់​មាន​ប្តី​២​នាក់​ទៅ​ហើយ តែ​កម្ម​អកុសល​របស់​គាត់ ប្តី​មួយ​ណា​ដូច​មួយ​ណា ឱ្យ​តែ​គាត់​មាន​ផ្ទៃពោះ ប្តី​នោះ​ចុះ​ចោល​គាត់​តែ​ម្តង ។