ឋានន្តរស័ក្តិ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ទូ​ទាំង​ប្រទេស​ ឋិត​ក្នុង​កណ្តាប់ដៃ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​

​អនុលោម​តាម​មាត្រា​១០៨​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៧១៤/០១៦​ ចុះ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ បាន​តម្រូវ​ឲ្យ​មានការ​ធ្វើ​សមាហរណកម្ម​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ទៅ​ក្នុង​ថ្នាក់​ និង​ឋានន្តរស័ក្តិ​នៃ​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​តែ​មួយ​ តាម​រយៈ​គណៈកម្មការ​មួយ​ដើម្បី​ពិនិត្យ​លក្ខណៈ​វិនិច្ឆ័យ​ ដែល​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ បន្ទាប់​ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​ទាំងអស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ។​

​មាត្រា​១០,​ មាត្រា​១១,​ មាត្រា​៧៨,​ មាត្រា​៧៩​ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ និង​មាត្រា​៧​នៃ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៥/៣៩៨​ ស្តី​ពី​ឋានន្តរស័ក្តិ​ និង​ថ្នាក់​សម្រាប់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ បាន​ចែង​បញ្ញត្តិ​ថា​ "​ក្របខ័ណ្ឌ​ចៅក្រម​ រួម​មាន​៣​ឋានន្តរស័ក្តិ​ គឺ​ ៖​ -​ឧត្តម​ចៅក្រម​,​ -​វរៈ​ចៅក្រម​,​ -​អនុ​ចៅក្រម​ ។​ ថ្នាក់​សម្រាប់​ឋានន្តរស័ក្តិ​នេះ​ត្រូវ​កំណត់​ដោយ​ព្រះរាជក្រឹត្យ​ ។​ ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា​ រួម​មាន​៣​ឋានន្តរស័ក្តិ​ គឺ​ ៖​ -​ឧត្តម​ព្រះរាជអាជ្ញា​,​ -​វរៈ​ព្រះរាជអាជ្ញា​,​ អនុ​ព្រះរាជអាជ្ញា​ ។​ ថ្នាក់​សម្រាប់​ឋានន្តរស័ក្តិ​នេះ​ ត្រូវ​កំណត់​ដោយ​ព្រះរាជក្រឹត្យ​ ។​ "​ ។​

​គណៈកម្មការ​ដើម្បី​ពិនិត្យ​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​ថ្នាក់​ និង​ឋានន្តរស័ក្តិ​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​មួយ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៥/៦៩៨​ ចុះ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៥​ ដែល​មាន​សមាសភាព​ដូច​តទៅ​ ៖​ ១-​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ជា​ប្រធាន​,​ ២-​ឯកឧត្តម​ ហ៊ី​ សោភា​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ជា​អនុប្រធាន​,​ ៣-​លោក​ជំទាវ​ ចាន់​ សុទ្ធា​វី​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ជា​សមាជិក​,​ ៤-​ឯកឧត្តម​ កើត​ រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ជា​សមាជិក​,​ ៥-​ឯកឧត្តម​ សំ​ ប្រជាមានិត​ អគ្គលេខាធិការ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ជា​សមាជិក​អចិន្ត្រៃយ៍​,​ ៦-​ឯកឧត្តម​ ច័ន្ទ​ មនោ​ អគ្គលេខាធិការ​នៃ​ក្រសួងយុត្តិធម៌​ ជា​សមាជិក​,​ ៧-​ឯកឧត្តម​ ផូ​វ​ សំភី​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការរដ្ឋបាល​តុលាការ​ ជា​សមាជិក​,​ ៨-​ឯកឧត្តម​ ប៉ែន​ ពេជ្រ​សាលី​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យការ​ និង​ព្រហ្មទណ្ឌ​ ជា​សមាជិក​ និង​៩-​ឯកឧត្តម​ កើត​ សេ​កា​ណូ​ អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​កិច្ចការ​តុលាការ​ ជា​សមាជិក​ ។​

​គណៈកម្មការ​ដើម្បី​ពិនិត្យ​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​ថ្នាក់​ និង​ឋានន្តរស័ក្តិ​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​នេះ​ មាន​តួនាទី​ និង​ភារកិច្ច​ ដូច​តទៅ​ ៖​ -​រៀបចំ​ និង​កំណត់​លក្ខណៈ​វិនិច្ឆ័យ​នៃ​ក្របខ័ណ្ឌ​ ឋានន្តរស័ក្តិ​ និង​ថ្នាក់​របស់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​បច្ចុប្បន្ន​ ដើម្បី​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​ក្របខ័ណ្ឌ​ ឋានន្តរស័ក្តិ​ និង​ថ្នាក់​ថ្មី​ ស្រប​តាម​ព្រះរាជក្រឹត្យ​ស្តី​ពី​ឋានន្តរស័ក្តិ​ និង​ថ្នាក់​សម្រាប់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ ។​ -​រៀបចំ​ និង​សម្រេចការ​ធ្វើ​សមាហរណកម្ម​ក្របខ័ណ្ឌ​ ឋានន្តរស័ក្តិ​ និង​ថ្នាក់​របស់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​បច្ចុប្បន្ន​ទៅ​ក្នុង​ក្របខ័ណ្ឌ​ ឋានន្តរស័ក្តិ​ និង​ថ្នាក់​ថ្មី​ ។​ -​រៀបចំសេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ស្តី​ពី​ការ​ធ្វើ​សមាហរណកម្ម​នេះ​ជូន​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​សម្រាប់​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ព្រះប្រធាន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ។​ -​អនុវត្តន៍​ការងារ​ផ្សេង​ទៀត​តាម​ការ​ចាំបាច់​ ដើម្បី​ធានា​ដល់​ការ​ធ្វើ​សមាហរណកម្ម​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ ទៅ​ក្នុង​ក្របខ័ណ្ឌ​ ឋានន្តរស័ក្តិ​ និង​ថ្នាក់​ថ្មី​ ស្រប​តាម​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ ៕​

ឋានន្តរស័ក្តិ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ទូ​ទាំង​ប្រទេស​ ឋិត​ក្នុង​កណ្តាប់ដៃ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​

Related