ក្រុម​​​និស្សិត​​​ដាក់​​​ញត្តិ​​​ស្នើ​​​ឲ្យ​​​រដ្ឋ​​​សភា​​​កោះ​​​ហៅ​​​លោក​​ កឹម សុខា 

ដោយ​​​លោក​​ កឹម សុខា អនុប្រធាន​​​គណ​បក្ស​​​ប្រឆាំង មិន​​​ព្រម​​​ពិភាក្សា​​​អំពី​​​ខ្សែ​​​អាត់​​​សំឡេង ដែល​​​គេ​​​ចោទ​​​ថា​​​លោក​​​បាន​​​និយាយ​​​ជាមួយ​​​ស្រី​​​កំណាន់​​​ម្នាក់​​​នោះ និស្សិត​​​មួយ​​​ក្រុម​​​​​ដែល​​​ខ្វល់​​​នឹង​​​រឿង​​​នេះ​​​បាន​​​បែរ​​​ទៅ​​​រក​​​រដ្ឋ​​​សភា​​​កាលពី​​​ម្សិល​​មិញ ក្នុង​​​យុទ្ធនាការ​​​របស់​​​ពួកគេ​​​ដើម្បី​​​ស្វែង​​​រក​​​ការ​​​ពិត។

និស្សិត​​​ប្រហែល​​​៥០​​​នាក់​​​ដែល​​​អះអាង​​​ថា​​​​​ មិន​​​ជាប់​​​ពាក់ព័ន្ធ​​​នឹង​​​ផល​​​ប្រយោជន៍​​​នយោ​បាយ បាន​​​ដាក់​​​ញត្តិ​​​ទៅ​​​រដ្ឋ​​​សភាស្នើ​​​សុំ​​​ឲ្យ​​​កោះ​​​ហៅ​​​លោក កឹម សុខា មក​​​ឆ្លើយ​​​សំណួរ​​​ទាក់ទិន​​​នឹង​​​ខ្សែ​​​អាត់​​​សំឡេង​​​នេះ ដែល​​​ក្នុង​​​ខ្សែ​​​អាត់​​​សំឡេង​​​នោះ​​​គេ​​​ឮ​​​បុរស​​​ម្នាក់​​​និង​​​ស្ត្រី​​​ម្នាក់​​​ជជែក​​​គ្នា​​​អំពី​​​រឿង​​​ស្នេហា ការ​​​មាន​​​ផ្ទៃ​​​ពោះ និង​​​ការ​​​បង់​​​ថ្លៃ​​​ផ្ទះ។

ក្រុម​និស្សិត​ដើរ​កាត់​រដ្ឋសភា​​ក្នុង​រាជធានីភ្នំពេញ កាលពី​ម្សិលមិញ បន្ទាប់ពី​ដាក់​ញត្តិ​​​ទាម​ទារ​​ឲ្យ​កោះ​ហៅ​​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ ដើម្បី​ធ្វើ​ការ​សាកសួរ​​​ពាក់​ព័ន្ធ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

ក្រុម​និស្សិត​ដើរ​កាត់​រដ្ឋសភា​​ក្នុង​រាជធានីភ្នំពេញ កាលពី​ម្សិលមិញ បន្ទាប់ពី​ដាក់​ញត្តិ​​​ទាម​ទារ​​ឲ្យ​កោះ​ហៅ​​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ ដើម្បី​ធ្វើ​ការ​សាកសួរ​​​ពាក់​ព័ន្ធ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

ស្រី ចំរើន អាយុ​​​២៤​​​ឆ្នាំ ដែល​​​បាន​​​ប្រាប់​​​ថា​​​ខ្លួន​​​ជា​​​និស្សិត​​​ច្បាប់ ប៉ុន្តែ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​សាកល​​​វិទ្យាល័យ​​​របស់​​​ខ្លួន​​​នោះ​​​បាន​​​និយាយ​​​ថា ”បំណង​​​នៃ​​​ការ​​​ដាក់​​​ញត្តិ​​​នេះ​​​គឺ​​​ដើម្បី​​​ទាម​ទារ​​​​ឲ្យ​​​ប្រធាន​​​រដ្ឋសភា​​​កោះ​​​ហៅ​​​ឯកឧត្តម ​កឹម សុខា …​​​មក​​​បំភ្លឺ​​​អំពី​​​ខ្សែ​​​អាត់​​​សំឡេង​​​នោះ ​និង​​​និយាយ​​​ថា​​​តើ​​​វា​​​ពិត​​​ឬ​​​មិន​​​ពិត”។

នៅ​​​ពេល​​​សួរ​​​ថា​​​ហេតុអ្វី​​​បាន​​​ជា​​​គាត់​​​និង​​​សកម្មជន​​​និស្សិត​​​គ្នីគ្នា​​​របស់​​​គាត់ ចង់​​​ឲ្យ​​​លោក ​កឹម សុខា និយាយ​​​ជា​​​សាធារណៈ​​​អំពី​​​ខ្សែ​​​អាត់​​​នេះ​​​ម៉្លេះ លោក ចំរើន បាន​​​និយាយ​​​ថា ​ប្រធាន​​​​ស្តីទី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ប្រកប​​​ដោយ​​​ភាព​​​ស្មោះ​​​ត្រង់​​​ចំពោះ​​​អ្នក​​​បោះ​​​ឆ្នោត។

លោក​​​បាន​​​និយាយ​​​ថា ”ករណី​​​នេះ​​​មិន​​​មែន​​​​​​គ្រាន់តែ​​​ជា​​​បញ្ហា​​​បុគ្គល​​​ទេ ពីព្រោះ​​​គាត់​​​ជា​​​បុគ្គល​​​សាធារណៈ មិន​​​មែន​​​ជា​​​បុគ្គល​​​ឯកជន​​​ឡើយ។ ជា​​​ពិសេស ពីព្រោះ​​​គាត់​​​ជា​​​តំណាង​​​រាស្ត្រ​​​ខេត្ត​​​កំពង់​​​ចាម។ ប្រជា​​​ពលរដ្ឋ​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គាត់។ ក្នុង​​​នាម​​​ជា​​​មេដឹកនាំ​​​ស្តីទី​​​នៃ​​​គណបក្ស​​​នយោបាយ​​​មួយ គាត់​​​ត្រូវ​​​តែ​​​បំភ្លឺ​​​ការ​សង្ស័យ​​​​របស់​​​ប្រជា​​​ពលរដ្ឋ​​​និង​​​យុវជន ដែល​​​ចង់​​​ដឹង​​​ការ​​​ពិត”។

លោក ឡេង ប៉េងឡុង អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋសភា ​​បាន​​​មាន​​​ប្រសាសន៍​​​ថា ញត្តិ​​​នោះ​​​នឹង​​​បញ្ជូន​​​ទៅ​​​លោក ហេង សំរិន ប្រធាន​​​រដ្ឋសភា ប៉ុន្តែ​​​ថា​​​វា​​​ឆាប់​​​ពេក​​​ហើយ​​​ក្នុង​​​ការ​​និយាយ​​​​​​ថា​​​តើ ​លោក កឹម សុខា នឹង​​​ត្រូវ​​​កោះ​​​ហៅ​​​តាម​​​សំណើ​​​​​ឬ​​​យ៉ាង​​​ណា​​​នោះ។

cam-photo-students-channaលោក កឹម សុខា មិន​​​បាន​​​និយាយ​​​ជា​​​សាធារណៈ​​​អំពី​​​ភាព​​​ពិត​​​នៃ​​​ខ្សែ​​​អាត់​​​សំឡេង​​​នោះ​​​ទេ ផ្ទុយ​​​ទៅ​​​វិញ​​​បាន​​​ណែនាំ​​​អ្នក​​​គាំទ្រ​​​កុំ​​​ឲ្យ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​បង្ក​​​ហេតុ ហើយ​​​សន្តិសុខ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​រារាំង​​​សកម្មជន​​​និស្សិត​​​ទាំង​​​នោះ​​​មិន​​​ឲ្យ​​​ចូល​​​វេទិកា​​​បក្ស​​​នា​​​ដើម​​​ខែ​​​នេះ។

ខឹម ចាន់​​​ដារ៉ាទី ជា​​​ស្ត្រី​​​ដែល​​​គេ​​​ថា​​​ឮ​​​សំឡេង​​​​​​ក្នុង​​​ខ្សែ​​​អាត់​​​នោះ ត្រូវ​​​បាន​​​នគរបាល​​​ប្រឆាំង​​​ភេរវកម្ម​​​សាកសួរ​​​កាលពី​​​ថ្ងៃ​​​សុក្រ ទាក់ទិន​​​នឹង​​​បណ្តឹង​​​បរិហារកេរ្តិ៍ ដែល​​​ប្តឹង​​​ដោយកញ្ញា ​ធី ​សុវណ្ណថា សកម្មជន​​​គណបក្ស​​​ប្រឆាំង ​ដែល​​​​​​រង​​​ការ​​​រិះគន់​​​ពី​​​សំណាក់​​​បុរស​​​​​ក្នុង​​​ខ្សែ​​​អាត់​​​នោះ ថា​​​បាន​​​ប្រើ​ប្រាស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដើម្បី​​​ប្រមូល​​​ប្រាក់។

ក្រោយ​​​ពី​​​ការ​​​សាកសួរកញ្ញា ចាន់​​​ដារ៉ាទី ​​ដែល​​​អះអាង​​​ថា​​​គ្រាន់តែ​​​ធ្វើការ​​​នៅ​​​ហាង​​​កាត់​​​សក់ ដែល​​​លោក សុខា ទៅ​​​ញឹកញាប់​​​នោះ បាន​​​បដិសេធ​​​ថា​​​មិន​​​មែន​​​ជា​​​ស្ត្រី​​​ក្នុង​​​ខ្សែ​​​អាត់​​​នោះ​​​ទេ និង​​​បាន​​​និយាយ​​​ថា នាង​​​មិន​​​ទាំង​​​​​​​ស្គាល់​​​កញ្ញា សុវណ្ណថា ជា​​​នរណា​​​ទៀត​​​ផង ​រហូត​​​ដល់​​​មាន​​​រឿង​​​អាស្រូវ​​​សាធារណៈ​​​នេះ។

លោក ចំរើន បាន​​​និយាយ​​​ថា ក្រុម​​​របស់​​​លោក​​​បាន​​​ប្តឹង​​​ទៅ​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​ដោយ​​​ចោទ​​​កញ្ញា ចាន់ដារ៉ាទី ពី​​​បទ​​​កុហក​​​អំពី​​​ទំនាក់​​​ទំនង​​​របស់​​​នាង​​​ជាមួយ​​​អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ។

លោក​​​ស្រី ទ្រី ឈួន មេធាវី​​​ការពារ​​​ក្តី​​​ឲ្យ​​​កញ្ញា ចាន់ដារ៉ាទី ​​​មាន​​​ប្រសាសន៍​​​ថា ​លោក​​​ស្រី​​​​​មិន​​​បារម្ភ​​​អំពី​​​បណ្តឹង​​​នេះ​​​ទេ។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”ខ្ញុំ​​​មិន​​​ចាប់​​​អារម្មណ៍​​​ករណី​​​នេះ​​​ទេ ដោយហេតុ​​​ថា ​មិន​​​មាន​​​ទោស​​​ព្រហ្ម​​​ទណ្ឌ”៕ និត​

 

The post ក្រុម​​​និស្សិត​​​ដាក់​​​ញត្តិ​​​ស្នើ​​​ឲ្យ​​​រដ្ឋ​​​សភា​​​កោះ​​​ហៅ​​​លោក​​ កឹម សុខា  appeared first on ខេមបូឌា ដេលី.