ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​៣​នាក់ ​ក្នុង​ចំណោម​៦​នាក់

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ចំនួន​៣​នាក់​ក្នុង​ចំណោម​៦​នាក់ ដែល​ពួក​គេ​បាន​នាំ​គ្នា​យក​ដាវ​សាំ​ម៉ូ​រ៉ៃ កាប់​មក​លើ​ជន​រង​គ្រោះ​ម្នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែមីនា​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមីនា​ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​គល់​ស្ពាន​រង្វង់​មូល វត្ត​ដំណាក់ ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​៦​នាក់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​២​គ្រឿង​មក​ឈប់​ពីមុខ​ក្លិប​កំសាន្ត យីហោ ហ្សិ​ប​ហប រួច​ឃើញ​ដៃគូ​ដែល​មាន​ទំនាស់​ពី​មុន ក៏​ដក​ដាវ​សាំ​ម៉ូ​រ៉ៃ កាប់​យក​តែ​ម្តង បណ្តាល​ឱ្យ​របួស​ត្រង់​ដៃ​ខាងស្តាំ​ចំនួន​១​ដាវ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ដើរ​ចេញពី​ក្នុង​ក្លិប ហើយ​បំរុង​ទៅ​និយាយ​គ្នា​លេង​ជាមួយ​មិត្តភក្តិ (​មូលហេតុ​ដោយសារ​ក្រុម​ទាំង​២​នេះ​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ពី​មុន​មក​)​។ ប្រភព​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​៣​នាក់​ក្នុង​ចំណោម​៦​នាក់​មាន​ទី​១/​ឈ្មោះ សយ លុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​បុគ្គលិក​នៅ​អង្គរ​ឃ្យុ​ង​យូ ទី​២/ ឈ្មោះ​សយ យុ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ អ្នក​ទាំង​២​នាក់ រស់នៅ​ជាមួយ​បងស្រី ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប និង​ទី​៣/ ឈ្មោះ​វ៉ើ​ង សុ​ភី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ច្បាស់លាស់ ស្នាក់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ពី​ជនសង្ស័យ​ទាំង​៣​នាក់​មាន​៖​ដាវ​សាំ​ម៉ូ​រ៉ៃ ចំនួន​១​ដើម​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ប៉ែន រក្សា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ត្រូវ​ចំ​ដៃ​ខាងស្តាំ បណ្តាល​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ប្រភព​បាន​បន្ថែម​ថា បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់​ក្នុង​ចំណោម​៦​នាក់ ជា​បន្តបន្ទាប់ ពេល​នោះ​ពួក​គេ​ឃើញ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ពួក​គេ ហើយ​ក៏​នាំ​គ្នា​លោត​ចុះ​ទឹកស្ទឹង ដើម្បី​ព្យាយាម​ហែល​ទឹក រត់គេច​ខ្លួន​ពី​សមត្ថកិច្ច​ទាំង​យប់ ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង កម្លាំង​ជំនាញ​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕