បង្ក្រាប​បន​ល្បែងស៊ីសង​ដុះ​ស្លែ ជ្រក​ក្រោម​ស្លាក​ភោជនីយដ្ឋាន

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៤ ខែមីនា​នេះ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​រួម​មាន​បៀ អាប៉ោង ដុះ​ស្លែ​មួយ​កន្លែង​ជ្រក​ក្រោម​ស្លាក​ភោជនីយដ្ឋាន​យីហោ​«​តាំង ប៊ុ​ន​ហេង​» ស្ថិត​នៅ​ខាងកើត​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ប្រភព​ពី​មន្ដ្រី​សម​ត្ថិ​កិច្ច​បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​បន​ល្បែងស៊ីសង ដែល​ធ្វើ​ឡើង​តាម​បទបញ្ជា​របស់​ស្នងការ​នគរបាល​ខេត្ត​នា​ពេល​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ប្រមាណ​ជាង​១០​នាក់ ស្រី​២​នាក់​រួម​ទាំង​ថៅកែ​ភោជនីយដ្ឋាន និង​រឹបអូស​វត្ថុ​តាង​មាន​បៀ អាប៉ោង ម៉ូតូ​៥​គ្រឿង រថយន្ត​ស៊េរី​ទំនើប​៤​គ្រឿង រួម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត​។ តាម​ប្រភព​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា អ្នក​ញៀន​ល្បែងស៊ីសង ដែល​ចូល​លេង​នៅ​ក្នុង​ភោជនីយដ្ឋាន​យីហោ «​តាំង ប៊ុ​ន​ហេង​»​នេះ ភាគច្រើន​ជា​មន្ត្រីរាជការ ដែល​មាន​តួនាទី និង​កងកម្លាំង​សមត្ថកិច្ច​ផង​ដែរ​។

ចំពោះ​ទីតាំង​បើក​ល្បែងស៊ីសង​នេះ បាន​ចាប់​ដំណើរការ​ជា​យូរ​ឆ្នាំ​មក​ហើយ តែ​អាចោរ​ជើង​មួយ​(​អាប៉ោង​)​ទើបនឹង​ចាប់ផ្តើម​ប្រមាណ​២​ទៅ​៣​ស​ប្តា​ហ៍​តែ​ប៉ុណ្ណោះ​។ តាម​ប្រភព​ពី​អ្នក​ញៀន​ល្បែងស៊ីសង​ប្រមាណ​១០​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ចូល​លេង​មួយ​ចំនួន​ធំ ដែល​ជា​អ្នកមាន​លុយ និង​មាន​អំណាច​ត្រូវ​សមត្ថកិច្ច​បើកផ្លូវ​ឲ្យ​រត់​តាម​ទ្វារ​ក្រោយ​ជា​ថ្នូរ​នឹង​ការ​ទទួល​លាភ​សក្ការ​។

ជា​ការ​កត់សម្គាល់​ឱ្យ​ឃើញ​ថា ល្បែងស៊ីសង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​គេ​បើក​ឲ្យ​លេង​រីក​ដូច​ផ្សិត និង​យ៉ាង​អនាធិបតេយ្យ​បំផុត ជា​ពិសេស​ល្បែងភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត និង​កន្ទុយលេខ (​ឆ្នោត​) ប៉ុន្តែ​ការ​បង្ក្រាប​ហាក់ដូចជា​មាន​ភាព​យឺតយ៉ាវ ហើយ​ការ​បង្ក្រាប​នូវ​ទីតាំង​មួយ​ចំនួន នៅ​ពេល​ដែល​ធ្វើការ​បង្ក្រាប​មិន​បាន​១​ស​ប្តា​ហ៍​ផង​ត្រូវ​បាន​គេ​បើក​ដំណើរការ​វិញ​ធម្មតា ដូច​វែក​ចក​យ៉ាង​ដូច្នោះ​ដែរ ទាំងនេះ​ប្រហែល​ដោយសារ​តែ​មានការ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ​។

លោក សិ​ទ្ឋ ឡោះ ស្នងការ​រង​ទទួល​ផ្នែក​ព្រហ្ម​ទ​ណ្ទ​ខេត្ត បាន​ប្រតិកម្ម​ជុំវិញ​បញ្ហា​ការ​រិះគន់​ខាងលើ ហើយ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា សមត្ថកិច្ច​របស់​លោក​បាន​ចុះ​ទៅ​បង្ក្រាប​បន​ល្បែងស៊ីសង​នៅ​ក្នុង​ភោ​ជនី​ដ្ឋា​ន​ខាងលើ​នោះ​ពិតមែន ។ លោក​បាន​បញ្ជាក់​ថា ចំពោះ​អ្នក​ដែល​មិន​បាន​ពាក់​ព​ន្ឋ័ ដែល​បាន​ទៅ​អង្គុយ​ហូប​កាហ្វេ​នៅ​ក្នុង​ហាង​នោះ សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​ពួក​គាត់​នោះ​ទេ​។ លោកស្នងការ​រង សិ​ទ្ឋ ឡោះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចំពោះ​ព័ត៌មាន​លេចឮ​ថា មាន​សមត្ថកិច្ច​បាន​បើកដៃ​ឱ្យ​អ្នកលេង​ល្បែង​មួយ​ចំនួន​ឲ្យ​រត់​ចេញ​តាម​ទ្វារ​ក្រោយ ជា​ថ្នូរ​នឹង​កា​ទទួល​លាភ​សក្ការ​នោះ គឺ​មិន​មាន​ជា​ដាច់ខាត​។

លោក​បន្ត​ថែម​ទៀត​ថា សមត្ថកិច្ច​ចុះ​បង្ក្រាប​នៅ​ក្នុង​ហេតុការណ៍​នោះ ដោយ​គោរព​ទៅ​តាម​បទបញ្ជា និង​វិន័យ​កងកម្លាំង​នគរបាល​ជាតិ មិន​ប្រាសចាក​ពី​ក្រមសីលធម៌​ជា​ដាច់ខាត ។ ជា​ចុង​ក្រោយ​លោកស្នងការ​រង​បាន​បន្ថែម​ថា ចំពោះ​ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត​ទាំង​១០​នាក់ ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​រឹបអូស​វត្ថុ​តាង​ប្រមូល​យក​មក​បាន​នោះ កម្លាំង​ជំនាញ​របស់​លោក​បាន​កសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​តែ​ម្តង៕