ពាន KRE-Cup ឆ្នាំនេះ កើនដល់ ២៤ក្រុម ក្រោយមានការចុះឈ្មោះ ច្រើនហួសពីការស្មាន

ភ្នំពេញ៖ លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត បានបង្ខំចិត្តបង្កើនក្រុម ចូលរួមប្រកួតពានរង្វាន់ Khmer Real Estate Cup ឆ្នាំ២០១៦នេះ រហូតដល់ ២៤ក្រុម បន្ទាប់ពីទទួលបានការ ចុះឈ្មោះចូលរួមប្រកួត ដ៏ច្រើនលើសលប់ ពីសំណាក់ក្រុមបាល់ទាត់ មិនអាជីពក្នុងប្រទេសកម្ពុជា ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ដែលជាអ្នកផ្ដួចផ្ដើមគំនិត បង្កើនពានមិនអាជីពនេះ បានថ្លែងប្រាប់គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី១៥ ខែមីនានេះថា ដំបូងឡើយ លោកបានកំណត់ត្រឹម ២០ក្រុមដូចឆ្នាំមុន ដើម្បីប្រកួតប្រជែងពាន Khmer Real Estate Cup រដូវកាលថ្មីនេះ ។ ប៉ុន្ដែប៉ុន្មានថ្ងៃចុងក្រោយនេះ មានក្រុមបាល់ទាត់រហូតដល់ជាង ៣០ក្រុមឯណោះ បានមកចុះឈ្មោះជាបន្ដបន្ទាប់ ហេតុនេះហើយ ទើបលោកសម្រេចបង្កើនដល់ ២៤ក្រុមដូច្នេះ ។

លោក គីម ហ៊ាន បានមានប្រសាសន៍ថា «និយាយទៅ ខ្ញុំពិតជាមានការ សប្បាយចិត្តណាស់ ដែលការបង្កើតពាន Khmer Real Estate Cup ៥ឆ្នាំកន្លងមកទទួលបាន ជោគជ័យជាបន្ដបន្ទាប់បែបនេះ ។ ខ្ញុំមិននឹកស្មានទេថា ឆ្នាំនេះមានក្រុមចុះឈ្មោះ ចូលរួមច្រើនដូច្នេះ ប៉ុន្ដែខ្ញុំតម្លើងបានត្រឹមតែ ២៤ក្រុមប៉ុណ្ណោះ ដើម្បីសម្រួលដល់ការប្រកួត ឲ្យដំណើរការល្អប្រសើរ ។ ហេតុនេះឲ្យខ្ញុំសុំទោសចំពោះក្រុម ដែលមិនបានចូលរួមផង» ។

អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត បានបញ្ជាក់ផងដែរថា តាមគម្រោងពីមុន លោករំពឹងថា នឹងទទួលបានថវិការ ២ពាន់ដុល្លារ ពី ២០ក្រុម ដែលចុះឈ្មោះ (ការចុះឈ្មោះមួយក្រុមត្រូវបង់ ១០០ដុល្លារ) ហើយលោកនឹង បន្ថែមថវិការផ្ទាល់ខ្លួន ៥០០ដុល្លារ ឲ្យគ្រប់ ២.៥០០ដុល្លារ សម្រាប់ផ្ដល់ជូនដល់ មន្ទីរពេទ្យគន្ធបុប្ឋា ប៉ុន្ដែឥលូវនេះថវិការ ទទួលបានពីការចុះឈ្មោះ គឺកើនដល់ ២.៤០០ដុល្លារទៅហើយ ដូច្នេះលោកនឹងបន្ថែម ថវិការផ្ទាល់ខ្លួន ៦០០ដុល្លារ ដើម្បីបង្គ្រប់ឲ្យបាន ៣.០០០ដុល្លារ សម្រាប់ផ្ដល់ជូនមន្ទីរ ពេទ្យគន្ធបុប្ឋាតែម្ដង ។

លោកបន្ដថា ថវិការទាំង ៣.០០០ដុល្លារ ដែលទទួលបានតាមរយៈ ការចូលរួមប្រកួតពានរង្វាន់ Khmer Real Estate Cup លើកទី៥នេះ លោកគ្រោងនឹងនាំយក ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ឋា ដើម្បីជាការរួមចំណែក ជួយដល់សង្គម នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ខាងមុខ ក្នុងនោះក៏នឹងមានការ ចូលរួមពីតំណាងក្រុម បាល់ទាត់នីមួយៗផងដែរ ។

គួរបញ្ជាក់ថា សម្រាប់ ២៤ក្រុម ដែលត្រូវប្រជែងពាន Khmer Real Estate Cup ឆ្នាំនេះ នឹងបែងចែកជា ២ពូល ហើយក្នុងមួយពូលមាន ១២ក្រុម ដើម្បីធ្វើការប្រកួតជម្រុះ រកជើងខ្លាំងក្នុងមួយពូល ៤ក្រុម ដែលមានពិន្ទុច្រើនជាងគេ ឡើងទៅប្រកួតវគ្គ ៨ក្រុមចុងក្រោយ ។ ប៉ុន្ដែការប្រកួតនឹង ធ្វើឡើងលើទីលាន ២ផ្សេងគ្នា ក្នុងពូលA ត្រូវប្រកួតលើទីលានដំរីស រីឯពូលB ត្រូវប្រកួតលើទីលានមេគង្គ ខណៈពិធីបើកការប្រកួត គឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមីនាចុងសប្ដាហ៍នេះ ៕

ពាន KRE-Cup ឆ្នាំនេះ កើនដល់ ២៤ក្រុម ក្រោយមានការចុះឈ្មោះ ច្រើនហួសពីការស្មាន

ពាន KRE-Cup ឆ្នាំនេះ កើនដល់ ២៤ក្រុម ក្រោយមានការចុះឈ្មោះ ច្រើនហួសពីការស្មាន

ពាន KRE-Cup ឆ្នាំនេះ កើនដល់ ២៤ក្រុម ក្រោយមានការចុះឈ្មោះ ច្រើនហួសពីការស្មាន