ក្រុមហ៊ុនភេសជ្ជៈSponsor ចូលរួមឧបត្ថម្ភដល់ក្រុម Victory សម្រាប់ឆ្នាំ២០១៦

ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈ Sponsor ដែលជាក្រុមហ៊ុនភេសជ្ជៈ កីឡាដ៏ធំជាងគេ ក្នុងប្រទេសកម្ពុជា បានចុះ អនុស្សរណៈ យោគយល់គ្នា (MOU) ជាមួយក្រុមបាល់ទាត់ Victory រយៈពេលមួយឆ្នាំ គឺក្នុងឆ្នាំ២០១៦នេះ ដោយឧបត្ថម្ភទៅលើ សម្លៀកបំពាក់ និងភេសជ្ជៈ Sponsor ដល់ក្រុមបាល់ទាត់ Victory រាល់ការប្រកួត ពានរង្វាន់ក្នុង និងក្រៅប្រទេស។

លោក សាន ត្រាន តំណាងឲ្យក្រុមហ៊ុនភេសជ្ជៈ Sponsor បានមានប្រសាសន៍ថា “នេះជាផ្នែកមួយទៀត ដែលភេសជ្ជៈ Sponsor ចូលរួមចំណែកក្នុង ការអភិវឌ្ឍន៏ វិស័យកីឡា ក្នុងប្រទេសកម្ពុជា ហើយជាមោនទភាព ក្រុមបាល់ទាត់ Victory Youth ដែលក្រុមមួយក្នុង ក្រុមបាល់ទាត់ Victory បាន គ្រងតំណែងពានរង្វាន់ Tiger Street Football Festival 2016 ទូទាំងប្រទេស នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះ”។

សម្រាប់ក្រុមបាល់ទាត់ Victory បានគ្រងតំណែងពានរង្វាន់ Tiger Street Football Festival ២ជំនាន់មកហើយ គឺក្នុងឆ្នាំ ២០១៥ ដោយក្រុមបាល់ទាត់ Victory និង ឆ្នាំ២០១៦ ក្រុមបាល់ទាត់ Victory Youth ចំពោះ ពានរង្វាន់បាល់ទាត់ ហ្វូតសាលភេសជ្ជៈ Sponsor វិញ ក្រុមបាល់ទាត់Victory ក៏គ្រង តំណែង ២ជំនាន់ដែរ គឺឆ្នាំ២០១៤ និង២០១៥។

លោកបានបន្តថា សម្មិផលរបស់ក្រុមបាល់ទាត់ Victory ទាំងនេះ បានធ្វើឲ្យក្រុមហ៊ុន ភេសជ្ជៈ Sponsor សម្រេចចិត្តឧបត្ថម្ភ ដល់ក្រុមពួកគាត់ ដើម្បី ចូលរួមចំណែក លើកស្ទួយវិស័យកីឡា ព្រោះក្រុមហ៊ុន ភេសជ្ជៈ Sponsor តែងតែលើកស្ទួយវិស័យ កីឡាគ្រប់ប្រភេទ ជាពិសេស កីឡាបាល់ទាត់ តែម្តង។

លោក ខុន សន្ទនា ជាអ្នកគ្រប់គ្រង ក្រុមបាល់ទាត់ Victory បានថ្លែងថា “រូបលោកតំណាងឲ្យ ក្រុមបាល់ទាត់ Victory មានចិត្តសប្បាយ រីករាយណាស់ ដែលក្រុមហ៊ុនភេសជ្ជៈ កីឡាដ៏ធំជាងគេ ក្នុងប្រទេសកម្ពុជា បានជ្រើសរើសឧបត្ថម្ភ ដល់ក្រុមបាល់ទាត់ របស់លោក ពេញមួយឆ្នាំ គឺក្នុងឆ្នាំ ២០១៦នេះ។ ខ្ញុំនឹងខិតខំប្រឹងប្រែង ឲ្យអស់ទាំងកម្លាំងកាយចិត្ត ហ្វឹកហាត់ដល់ ក្រុមបាល់ទាត់ ល្អប្រសើរ ដើម្បីចូលរួម ដណ្តើមពាន រង្វាន់ព្រឹត្តិការណ៍ នានា ក្នុងការជូនកិត្តយស ដល់ក្រុមហ៊ុនភេសជ្ជៈ Sponsor ឲ្យតែបាន”។

បញ្ជាក់ថា៖ឆ្នាំ២០១៥ ក្រុមបាល់ទាត់ Victory ទទួលបានជើងឯក និងជើងឯករងជាច្រើនដូចជា គ្រងតំណែងជើងឯក ពានរង្វាន់ បាល់ទាត់ ហ្វូតសាល ភេសជ្ជៈ Sponsor 2015 , គ្រងតំណែងជើងឯក ពានរង្វាន់ Tiger Street Football Festival 2015, គ្រងតំណែងជើងឯក រងពានរង្វាន់ Soccer League 2015 (ស.ស.យ.ក) រីឯឆ្នាំ២០១៦ គឺគ្រងតំណែងពានរង្វាន់ Tiger Street Football Festival 2016៕

ក្រុមហ៊ុនភេសជ្ជៈSponsor ចូលរួមឧបត្ថម្ភដល់ក្រុម  Victory សម្រាប់ឆ្នាំ២០១៦

ក្រុមហ៊ុនភេសជ្ជៈSponsor ចូលរួមឧបត្ថម្ភដល់ក្រុម  Victory សម្រាប់ឆ្នាំ២០១៦