វិភាគ៖ ក្លឹប Leicester City នឹងលើកពានដំបូង ក្នុងលីកកំពូល អង់គ្លេសនៅរដូវកាលនេះ

ភ្នំពេញ៖ បើទោះបីជាយប់មិញនេះ ក្លឹប Leicester City យកឈ្នះក្លឹបបាតតារាង Newcastle United ក្នុងលទ្ធផលប្រផិតប្រផើយ ១-០ ក្នុងក្របខណ្ឌ លីកកំពូលអង់គ្លេស (Premier League) តែ LookingToday យល់ឃើញថា ក្លឹបនេះនឹងលើក ពាននៅរដូវកាលនេះ ជាក់ជាមិនខាន ។

មូលហេតុដែល LookingToday យល់ឃើញដូច្នោះ ដោយសំអាងទៅលើ ហេតុផលមួយចំនួន ដែល Leicester City ជួបក្លឹបធំៗចំនួន ៣ តែចាញ់តែ ១ប្រកួតតែប៉ុណ្ណោះដូចជា៖

ក្លឹប Leicester City ធ្លាប់ធ្វើដំណើរទៅ កាន់ក្លឹបកាំភ្លើងធំ តែចាញ់ដោយលទ្ធផល ២-១ លទ្ធផលនេះនៅ តែសបញ្ជាក់ថា ទោះលេងក្នុងឬក្រៅទឹកដី ក្លឹប ដែលគ្រោងនឹងកាន់សាសនាព្រះពុទ្ធមួយនេះ នៅតែមានឥទ្ធិពល បំបែកពង់មាន់ម្ចាស់ទឹកដីបាន ហើយមិនឲ្យម្ចាស់ទឹកដី លត់ចាស់ដៃនោះទេ។

ក្លឹប Leicester City ធ្លាប់ធ្វើដំណើរទៅកាន់ ក្លឹបមេឃខៀវ Manchester City ដោយលត់ម្ចាស់ផ្ទះ ក្នុងលទ្ធផល ៣-១ ចំណុចនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា Leicester មានសមត្ថភាពបំផុត ដោយអាចលត់ក្លឹបធំមួយនេះបាន និងក៏មានលទ្ធភាពលើកពាន នៅរដូវកាលនេះផងដែរ ។

រីឯមួយវិញទៀត ក្នុងអំឡុងពេលទទួល ហង្សក្រហម Liverpool ក្លឹប Leicester City បានលត់ហង្សក្រហម ក្នុងលទ្ធផល ២-០ ។

ចំណុចសម្អាងផ្សេងទៀត ដែល LookingToday យល់ឃើញនោះគឺ សង្វាក់លេងរបស់ក្លឹបមួយនេះ ដោយលេងស៊ីសង្វាក់គ្នា តាំងពីចំណុចខ្សែការពារ រហូតដល់ខ្សែប្រយុទ្ធ ។

ផ្នែកខ្សែការពារ ដ៏រឹងមាំបំផុត ដែលកត់សម្គាល់នោះ ធ្វើឲ្យក្លឹបផ្សេងៗ ពិបាកវាយលុកនោះគឺមាន កីឡាករ Wes Morgan ,Robert Huth,Danny Simpson,Christian Fuchs ខណៈដែលមានខ្សែបម្រើ Riyad Mahrez ពាក់លេខ៧ និង Ngolo Kante ដែលមានសមត្ថភាព បញ្ចូនបាល់យ៉ាងល្អ និង ខ្សែប្រយុទ្ធ Jamie Vardy ដែលជាកីឡាករឆ្នើមជួយឲ្យ ក្លឹបនេះ ឈរលើកំពូលតារាង ។

បញ្ជាក់ផងដែរថា ក្លឹប Leicester City នៅពេលបច្ចុប្បន្នឈរលើ កំពូលតារាងក្នុងចំណោម ៣០ ប្រកួត មាន ៦៣ពិន្ទុក្នុងដៃ ដោយលើសក្លឹប Tottenham Hotspur ដែលឈរលេខរៀងទី២នៃតារាង លីកកំពូលអង់គ្លេស ៥ពិន្ទុ ពោលគឺ ៦៣ និង ៥៨ពិន្ទុ៕

ទស្សនាវីដេអូឃ្លិប ដូចខាងក្រោមនេះ៖

វិភាគ៖ ក្លឹប Leicester City នឹងលើកពានដំបូង ក្នុងលីកកំពូល អង់គ្លេសនៅរដូវកាលនេះ