សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី៨)

...ពួកភ្នាក់ងារ សម្ងាត់អាម៉េរិកាំង កាសែតញូវយ៉ក ថែមបានផ្សព្វ ផ្សាយជាសាធារណៈពីការដណ្តើមបានកោះនេះ។ ភាពដំណាលគ្នា នៃទស្សនកិច្ចរបស់ ប៉ុល ពត នៅហាណូយ ជាមួយនឹងរឿងនេះ ទាល់តែប្រហែល បីឆ្នាំក្រោយមក ទើបបានគេដឹងឮ។ អៀង សារី បាននិយាយប្រាប់ខ្ញុំ (អ្នកនិពន្ធ) នៅពេលក្រោយមកទៀតថា ក្នុងឱកាសនៃ ការជួបពិភាក្សា ជាច្រើនលើក គណៈប្រតិភូរបស់គាត់បានលើកឡើងពីបញ្ហាជម្លោះព្រំដែន ជាមួយនឹងវៀតណាមដែរ ប៉ុន្តែ ឥតបានការ។

តាមគាត់ឲ្យដឹងថា កម្ពុជាប្រាថ្នាឈានឲ្យដល់ កិច្ចព្រមព្រៀងមួយ ដោយផ្អែកលើមូលដ្ឋាន នៃសេចក្តីប្រកាសនៅឆ្នាំ ១៩៦៧ របស់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (គឺប្រទេសវៀតណាមខាងជើង) ដែលកាលណោះបានទទួល ស្គាល់កម្ពុជាក្នុង «ព្រំដែនបច្ចុប្បន្ន» ដែលស្នើឡើងដោយ សម្តេច ព្រះនរោត្តម សីហនុ។ ប៉ុន្តែ វៀតណាម បានប្រឆាំងជំទាស់គ្រប់ការជជែកពិភាក្សាទាំងអស់។

សេចក្តីប្រកាសទាំងឡាយ របស់វៀតណាម ដែលមានក្រោយៗ មកទៀតបានប្រើប្រាស់ ការបកស្រាយមួយផ្សេងទៅវិញ បើកម្ពុជាពិតជាចង់សម្រេច កិច្ចព្រមព្រៀង មិត្តភាពមួយ ដោយផ្តោតជាពិសេសទៅលើកិច្ចការ ជំនួញ ទំនាក់ទំនងផ្នែកកុងស៊ុល និងការកម្រិតព្រំដែលនោះ វានឹងគ្មានការចរចាភ្លាមៗ ស្តីពីរឿងព្រំដែនឡើយ។ ការគិតធ្វើឲ្យបានសម្រេចកិច្ចព្រមព្រៀងមិត្តភាព មួយដែលលើកឡើង ដោយពួកខ្មែរក្រហម ដើម្បីសាកល្បងបន្ទន់ចិត្តវៀតណាម នឹងធ្វើឲ្យវៀតណាម ទទួលស្គាល់ ភាពមិនអាចប៉ះពាល់បាននៃព្រំដែនប្រទេសទាំងពីរឬយ៉ាងណា? រឿងនេះមិនដែលត្រូវលើក យកមកជជែកគ្នាទាល់តែសោះ។

ថ្ងៃទី២ ខែសីហា ឆ្នាំ១៩៧៥ ឡេយន់ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ផាំ ហ៊ុង សមាជិកការិយាល័យនយោបាយនិង ស៊ន់ ធុយ មនុស្សជើងចាស់ ក្នុងកិច្ចចរចា សន្តិភាពក្រុងប៉ារីស បានឡើងយន្តហោះឆ្ពោះមកក្រុងភ្នំពេញដើម្បីធ្វើទស្សនកិច្ចខ្លីមួយ។ ក្រោយពី បានបង្ហាញឲ្យកម្ពុជា ឃើញពីកម្លាំងយោធារបស់ខ្លួនមួយត្រួសរួចមក វៀតណាមអាចបង្ហាញឲ្យឃើញភស្តុតាង នៃភាពទន់ភ្លន់របស់ខ្លួនម្តង។ ឡេយន់ ដែលជាសមាជិក ស្ថានិកបក្សកុម្មុយនីស្តឥណ្ឌូចិន ហើយមុន នឹងកាន់មុខតំណែង ជាអគ្គលេខាបក្សរបស់វៀតណាម ខាងត្បូងអស់ រយៈពេលជាច្រើនឆ្នាំទៀត។

ខុសប្លែកពីសហការីគាត់ ផាំ ហ៊ុង គឺជាមនុស្សភាគខាងត្បូង ធាត់ដុះក្បាលពោះ ហើយធ្លាប់បានដឹកនាំធ្វើការប្រយុទ្ធ នៅភាគខាងត្បូង និងរក្សាការទាក់ទង ជាមួយមេ ដឹកនាំខ្មែរក្រហម ដែលនៅព្រំដែនម្ខាងទៀត។ នេះគឺជាលើកទីមួយ ហើយដែល ឡេយន់ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ កាលដែលអ្នកទាំងពីរ មកកាន់ក្រុង ភ្នំពេញ គឺពុំមែនមកធ្វើទេសចរណ៍។ គណៈប្រតិភូវៀតណាម បានចាកចេញពីក្រុងភ្នំពេញ ដែលក្លាយទៅជាទីក្រុងខ្មោច មួយទៅហើយ តាំងពីមានការជម្លៀស ប្រជាជន របស់ខ្លួនទាំងអស់ចេញ ទាំងកំរោលកាលពីខែមេសា។

តាមការស្នើសុំរបស់កម្ពុជា របាយការណ៍ផ្សេងៗ ស្តីពីទស្សនកិច្ចនេះត្រូវបានកាត់បំព្រួញជាអតិបរមា។ បើទុកជាការទទួលភ្ញៀវយ៉ាងសោះកក្រោះ ដែលត្រៀមបម្រុងសម្រាប់ គាត់ក៏ដោយ ក៏ឡេយន់ នៅតែបង្ហាញឲ្យឃើញថា គាត់ជាមនុស្សដែលងាយស្រុះស្រួលជានិច្ច។ គាត់ទទួលស្គាល់ថា កោះពូឡូវ៉ៃ ពិតជាចំណែកមួយ នៃទឹកដីរបស់កម្ពុជា ប្រាកដមែន ហើយគាត់សន្យានឹងប្រគល់ឲ្យវិញក្នុងពេលឆាប់ៗ សេចក្តីថ្លែងការណ៍ រួមមួយត្រូវបានភាគីទាំងពីរ ចុះហត្ថលេខា ក្នុងនោះភាគីនីមួយៗ បានសន្យាធ្វើការ ដោះស្រាយអធិករណ៍របស់ខ្លួនតាមរយៈការចរចាគ្នា ប៉ុន្តែសេចក្តីថ្លែងការណ៍នេះ ពុំដែលត្រូវប្រកាសផ្សាយឲ្យដឹងឮជាសាធារណៈ ទាល់តែសោះ ហើយក៏ពុំមានការលៀង សាយភោជន៍ និងការថ្លែងសុន្ទរកថា ជាកិច្ចគួរសមដែរ។

របាយការណ៍ខ្លីកំបុតមួយ នៃទស្សនកិច្ចនេះ ត្រូវបានផ្សាយបន្តដំណាលគ្នា ដោយវិទ្យុហាណូយ និងវិទ្យុភ្នំពេញនៅថ្ងៃទី៣ ខែសីហា ឆ្នាំ១៩៧៥ «ការផ្លាស់ប្តូរយោបល់គ្នា ដ៏ស្មោះស្ម័គ្រ បានប្រព្រឹត្តទៅរវាងវៀតណាម និងគណៈប្រតិភូ    កម្ពុជា មួយក្រុមក្នុងបរិយាកាសមួយប្រកប ដោយភាតរភាពជាបងប្អូន។ ការផ្លាស់ប្តូរយោបល់ទាំងនោះ បានផ្តោតទៅលើបញ្ហាផ្សេងៗ ដែលជាផលប្រយោជន៍ រួមរវាងប្រទេសទាំងពីដោយស្មើភាពគ្នា»។
 
បើសិនជាភាពស្មោះអស់ពីដួងចិត្ត ក្នុងការពិភាក្សាផ្សេងៗ មានបង្កប់ទៅដោយពាក្យ ភូតកុហកនោះ បរិយាកាសមុខជាឆេះឆួលជាថ្មី ប៉ុន្តែបែរជាចុះថយបន្តិចទៅវិញ នៅពេលដែលវៀតណាម សម្រេចប្រគល់កោះពូឡូវ៉ៃមកឲ្យកម្ពុជា។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៧៥ ង្វៀង វ៉ាន់លិញ បានជួប នួន ជា មេដឹកនាំជាន់ខ្ពស់ម្នាក់ ក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ របស់បក្សកម្ពុជា ដើម្បីផ្តល់ព័ត៌មាន ពីការដកថយរបស់កងទ័ពវៀតណាមចេញពីកោះនោះ។

នួន ជា បានថ្លែងអំណរគុណ ប្រទេសវៀតណាម ចំពោះការសម្រេចចិត្តនេះ ហើយបានបញ្ជាក់ថា «កំហុសក្នុងការមិនសូវស្គាល់ព្រំដែន» នោះហើយដែលជាមូលហេតុ នាំឲ្យមានព្រឹត្តការណ៍ ឈ្លោះទាស់ទែងគ្នានេះ។ តាមពិតមូលហេតុដើមនៃការពើបប្រយុទ្ធស៊ីសាច់ហុតឈាម ដែលកើតមានជាបន្តបន្ទាប់ក្រោយជ័យជម្នះនោះ គឺមកពីការផ្តោតចិត្តខ្លាំងពេកចំពោះបញ្ហាព្រំដែន និងគំនិតជាតិនិយម ដ៏ពុះពោរនៃភាគីទាំងពីរនេះឯង។

ប៉ុន្តែក្នុងចំណោមប្រទេសទាំងពីរ  គ្មានប្រទេសណាមួយ ចាប់ផ្តើមមុនគេក្នុងការប្រឈមមុខគ្នានេះឡើយ។ ជាពិសេសខាងវៀតណាម បានរក្សាទុកជម្លោះនេះ មិនឲ្យសាធារណមតិដឹងឮទេ។ ដោយខំប្រឹងបំបាត់ឧបសគ្គផ្សេងៗ ដែលជួនកាលប្រើកម្លាំង ជួនកាលប្រើនយោបាយការទូតផងនោះ ក្រុងហាណូយ បានសម្រេចចិត្ត ថែរក្សាសាមគ្គីភាពមួយដែលមានតែ សំបកក្រៅ ជាមួយក្រុងភ្នំពេញជាបន្តទៅទៀត។

នៅខែកក្កដា ឆ្នាំ១៩៧៥ បន្ទាប់ពីការស្នាក់នៅពីរខែកន្លះក្នុង «ក្រុងព្រៃនគររំដោះ» ខ្ញុំបានជិះយន្តហោះឆ្ពោះទៅក្រុងហាណូយ ទៀតមុននឹងចាកចេញពីប្រទសវៀតណាម។ ក្នុងឱកាសនៃការសម្ភាសន៍ជាមួយ វ៉ាង ទុង អគ្គនិពន្ធនាយកទិនានុប្បវត្តិ ញិនហ្សិន របស់បក្សកុម្មុយនីស្តវៀតណាម ខ្ញុំបានស៊ើបសួរព័ត៌មានអំពីស្ថានភាពនៃទំនាក់ទំនង ជាមួយប្រទេស កម្ពុជាដែរ។ គាត់បានឆ្លើយយ៉ាងរហ័សប្រាប់ខ្ញុំថា «ធម្មតា»។ បន្ទាប់ពី...(នៅមានត)

សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី៨)

សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី៨)