ប្រេសិត​សិទ្ធមនុស្ស​របស់​អង្គការសហប្រជាជាតិ​ជំរុញ​ឲ្យ​មានការ​កាត់ទោស​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​

​ហ្សឺ​ណែវ​៖ លោក Marzuki Darusman ដែលជា​ប្រេសិត​សិទ្ធមនុស្ស​របស់​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​អំពាវនាវ​ឲ្យ​មានការ​កាត់ទោស​ប្រមុខ​មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន រួមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ពីបទ​ប្រព្រឹត្ត​បទល្មើស​ប្រឆាំង​មនុស្សជាតិ​។​

 

​លោក​បាន​ជម្រាប​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធមនុស្ស​របស់​អង្គការសហប្រជាជាតិ​ថា កូរ៉េខាងជើង​កំពុង​ប្រើប្រាស់​ធនធាន​ដ៏​ធំ​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែ និង​អាវុធ​វិនាសកម្ម​ដ៏​ច្រើន​ផ្សេងទៀត ខណៈពេលដែល​ប្រជាពលរដ្ឋ​របស់ខ្លួន​ជាច្រើន​កំពុង​ខ្វះខាត​ស្បៀងអាហារ និង​ប្រជាពលរដ្ឋ​ផ្សេងទៀត​ធ្វើការ​ក្នុងស្ថានភាព​ដូច​ទាសករ​។ 

 

​លោក​បាន​បន្តថា “​ឥឡូវនេះ​យើង​ស្ថិតនៅក្នុង​ស្ថានភាព​គ្រោះថ្នាក់ ហេតុ​ដូច​ច្នេះ​ហើយ​ត្រូវមាន​មូលដ្ឋាន​មួយ​តម្រូវ​ឲ្យ​ប្រទេស​នានា​ធ្វើការ​បោះជំហាន​ទៅមុខ​ក្នុងការ​ធានា​ឲ្យ​បាន​នូវ​សុ​វត្ថ​ភាព​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​”

 

​គ​ណះ​ប្រតិភូ​របស់​សាធារណរដ្ឋ​ប្រជាជន​ប្រជាធិបតេយ្យ​កូរ៉េ (DPRK) បានធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ស្តីពី​កិច្ចចរចារ​សន្តិភាព​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​។  សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការអំពាវនាវ​របស់លោក Darusman ឲ្យ​មានការ​ទទួលខុសត្រូវ​ខ្ពស់ បើទោះបីជា​ប្រទេស​ទាំងនេះ​មិនបាន​និយាយ​ចំឈ្មោះ​លោក គីម ជុង​អ៊ុន​ក៏ដោយ​។  

 

​លោក​ឯកអគ្គរដ្ឋទូត Robert King ដែលជា​បេសកជន​ពិសេស​របស់​សហរដ្ឋអាមេរិក​ទទួលបន្ទុក​កិច្ចការ​ក្នុងប្រទេស​កូរ៉េខាងជើង បាន​រិះគន់​ចំពោះ​ការរំលោភ​សិទ្ធមនុស្ស​ដ៏​ធ្ងន់ធ្ងរ​ដែល​ប្រព្រឹត្ត​ដោយ​សាធារណរដ្ឋ​ប្រជាជន​ប្រជាធិបតេយ្យ​កូរ៉េ ដោយ​លោក​បាន​បន្តទៀតថា សហរដ្ឋអាមេរិក​គួរតែ​សហការ​ជាមួយ​ប្រទេស​ផ្សេងៗ​ដើម្បី​ស្វែងរក​មធ្យោបាយ​ក្នុងការ​បង្កើន​នូវ​ការទទួលខុសត្រូវ​ខ្ពស់​។​

 

​ប្រទេស​ចិន ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​ចូលខ្លួន​សម្របសម្រួល ដោយ​និយាយថា បញ្ហា​សិទ្ធមនុស្ស​មិនគួរ​ពាក់ព័ន្ធ​ជា​រឿង​នយោបាយ​នោះទេ ហើយ​បានស្នើ​ឲ្យ​មាន​កិច្ច​ដំណោះស្រាយ​ប្រកបដោយ​ការយល់ដឹង​ខ្ពស់​ជាមួយ​ប្រទេស​កូរ៉េខាងជើង​។  

 

​ផងដែរ​ប្រទេស​ចិន​បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​របស់លោក Darusman ដែលថា​ប្រជាជន​កូរ៉េខាងជើង​ដែល​ភៀសខ្លួន​ឆ្លង​ចូល​ព្រំដែន​ប្រទេស​ចិន កំពុង​បង្ខំ​​ឲ្យ​ត្រលប់​ទៅ​ប្រទេស​របស់ខ្លួន​វិញ​ដោយ​ខុសច្បាប់​។  

 

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង​លោក Ri Su Yong បាន​ថ្លែង​សន្ទរកថា​ទៅកាន់​កិច្ចប្រជុំ​ទីក្រុង​ហ្សឺ​ណែវ​កាលពី​ថ្ងៃទី​១​ខែ​មិនា​នេះ​ថា ខ្លួន​និង​ធ្វើពហិការ​មិន​ចូលរួម​រាល់​កិច្ចប្រជុំ​ទាក់ទង​ទៅ​និង​ការពិនិត្យ​បញ្ហា​របស់ខ្លួន​៕

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS