ប្រព័ន្ធ​សុខាភិបាល​ត្រូវការ​ធ្វើ​កំណែ​ទម្រង់​ក្នុង​ទ្រង់ទ្រាយ​ធំ

ភ្នំពេញៈ ប្រព័ន្ធ​​គ្រប់គ្រង​វិស័យ​សុខាភិបាល​​កម្ពុជា​បាន​ខកខាន​ក្នុង​​ការ​បំពេញ​តាម​តម្រូវការ​ថ្នាក់​ជាតិ​ និង​កាតព្វកិច្ច​អាស៊ាន​ហើយ​​ត្រូវការ​ការ​ធ្វើ​កំណែ​ទម្រង់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។ នេះ​បើ​យោង​តាម​​របាយការណ៍​ថ្មី​​មួយ​​ដែល​ចេញ​កាលពី​ថ្ងៃ​ចុង​សប្តាហ៍។

ប្រព័ន្ធ​សុខាភិបាល​ត្រូវការ​ធ្វើ​កំណែ​ទម្រង់​ក្នុង​ទ្រង់ទ្រាយ​ធំស្ថានភាព​អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ស្ពឺ​កាលពី​ពេល​ថ្មីៗ​នេះ។ ហុង មិនា

របាយការណ៍​នេះ​បាន​រកឃើញ​ថា​គ្រូពេទ្យ​កម្ពុជា​ជាង​ពាក់​កណ្តាល​​មិន​បាន​ចុះ​​បញ្ជី​​ទេ​ហើយ​ទន្តពេទ្យ​ និង​គិលានុបដ្ឋាក​តែ ២ ភាគ ៣ ​(៦៦​ ភាគរយ) ប៉ុណ្ណោះ​បាន​ចុះ​បញ្ជី។ ការ​ពិនិត្យ​នេះ​​ផ្អែក​លើ​ការ​វាយតម្លៃ​ខ្លួនឯង​ដោយ​​ក្រុម​ប្រឹក្សា​​ត្រួតពិនិត្យ ៥ គឺ​វិស័យ​វេជ្ជសាស្រ្ត ពេទ្យធ្មេញ គិលានុបដ្ឋាក​ឱសថស្ថាន និង​ពេទ្យ​ឆ្មប​ហើយ​​បាន​រកឃើញ​ថា​ប្រព័ន្ធ​សុខាភិបាល​ត្រូវ​បាន​ញាំញី​ដោយសារ​ទំនាស់​ផលប្រយោជន៍​យន្តការ​ទទួល​ពាក្យ​បណ្តឹង​​ទន់ខ្សោយ​ និង​ច្បាប់​ដែល​ពុំ​បាន​ផ្តល់​អាណតិ្ត​ដល់​ក្រុម​ប្រឹក្សា​ក្នុង​ការ​អនុវត្ត​ ឬ​វាយតម្លៃ​បទដ្ឋាន​។ លោក​ កយវីរិយ៉ា ប្រធាន​ក្រុម​ប្រឹក្សា​គិលានុបដ្ឋាក​កម្ពុជា​យល់​ស្រប​ថា​កម្ពុជា​ពុំ​បំពេញ​បាន​នូវ​កាតព្វកិច្ច​អាស៊ាន​របស់​ខ្លួន​ឡើយ។​ លោក​បន្ត​ថា៖ «យើង​មិន​ទាន់​ត្រៀម​ខ្លួន​ដើម្បី​បើក​ទីផ្សារ​យើង​ដូច្នេះ​យើង​នៅ​ឆ្ងាយ​ពី​ក្រោយ​បណ្តា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​»​។ លោក​បាន​ថ្លែង​ថា៖ «មាន​ការ​ខ្វះខាត​នៃ​ការ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​យើង​ត្រូវ​ការ​ធនធាន​ និង​​អ្នក​ជំនាញ​​ច្រើន​ថែម​ទៀត​»។ លោក​បាន​បន្ថែម​ថា​គ្មាន​​ទំនាស់​​ផលប្រយោជន៍​ទេ​ខណៈ​ដែល​ក្រុមប្រឹក្សា​នេះ​បាន​ទទួល​ខុស​ត្រូវ​អង្កេត​លើ​សមត្ថភាព​វិជ្ជាជីវៈ​របស់​គិលានុបដ្ឋាក​ខណៈ​ពេល​ដែល​សមាគម​គិលានុបដ្ឋាក​កម្ពុជា​ជា​អ្នក​តំណាង​ផលប្រយោជន៍​របស់​ពួកគេ។ លោក​បាន​ថ្លែង​ទៀត​ថា៖ «នាពេល​អនាគត​ដ៏ខ្លី​ខាង​មុខ» ក្រុម​ប្រឹក្សា​សង្ឃឹម​ថា​នឹង​ឲ្យ​គិលានុបដ្ឋាក​បំពេញ​ក្រេឌីត ៣០០ ម៉ោង​រៀងរាល់ ៣ ឆ្នាំ ដើម្បី​រក្សា​​អាជ្ញាប័ណ្ណ​វេជ្ជសាស្រ្ត​របស់​ខ្លួន​។

ទោះបី​ជា​​មាន​របាយការណ៍​ដែល​បាន​គូសបញ្ជាក់​ពី​​​ដំណើរការ​ទទួល​ និង​ដោះស្រាយ​បណ្តឹង​មិន​ល្អ​ក្នុង​ក្រុម​ប្រឹក្សា និង​​ក្រសួង​សុខាភិបាល​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​វិន័យ​លើ​អ្នក​វិជ្ជាជីវៈ​សុខាភិបាល​ដែល​មិន​តាម​ស្តង់ដារ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​ប្រជាជន​បញ្ជូន​បណ្តឹង​របស់​ខ្លួន​ទៅ​​ក្រុម​ប្រឹក្សា​និយតកម្ម​ និង​តុលាការ​មិនមែន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឡើយ​។

លោក​បាន​ថ្លែង​ថា៖ «មាន​មេធាវី​ល្អ​ និង​យក​ទៅ​​ប្តឹង​តុលាការ…កុំ​ទៅ​​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​ នេះ​គ្មាន​​អ្វី​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ទេ… ពួកគេ​មាន​គណៈវិជ្ជាជីវៈ​ផ្ទាល់​ខ្លួន​​គេ​គោរព​តាម​ក្រម​សីលធម៌​របស់​ខ្លួន​ផ្ទាល់»។

ក្រុមប្រឹក្សា​បួន​នៃ​ក្រុម​ប្រឹក្សា​ទាំង​ប្រាំ​បាន​វាយ​តម្លៃ​ចំណុច​រចនាសម្ព័ន្ធ និង​អភិបាលកិច្ច​ល្អ​ថា​ទន់ខ្សោយ ឬ​អវត្តមាន​ដោយ​ក្រុម​ប្រឹក្សា ៣ នៃ​ក្រុម​ប្រឹក្សា​ទាំង ៥ ក៏​បាន​រៀបរាប់​​អភិបាលកិច្ច​ខាង​ក្រៅ​ និង​គណនេយ្យភាព​សាធារណៈ​ថា​ទន់ខ្សោយ ឬ​អវត្តមាន​។

ការ​ហៅ​ទូរស័ព្ទ​ជាច្រើន​ដង​ទៅ​លោក​ លី សុវណ្ណ អ្នក​នាំ​ពាក្យ​​ក្រសួង​សុខាភិបាល​ និង​លោកស្រី កែ សុវណ្ណរតន៍ តំណាង​​រាស្ត្រ​​គណបក្ស​ប្រឆាំង​ដែល​ទទួល​បន្ទុក​គណៈកម្មការ​សុខាភិបាល​នៅ​រដ្ឋសភា​ពុំ​មាន​ការ​ឆ្លើយតប​ទេ​កាលពី​ម្សិលមិញ។

ក្រុម​ប្រឹក្សា​វេជ្ជសាស្រ្ត​កម្ពុជា និង​ក្រុម​ប្រឹក្សា​ទន្តពេទ្យ ពេទ្យឆ្មប និង​ឱសថស្ថាន​ត្រូវ​បាន​​ទាក់ទង​ដើម្បី​ស្នើសុំ​ការ​អត្ថាធិប្បាយ​ប៉ុន្តែ​ពុំ​បាន​ឆ្លើយតប​ទេ​កាលពី​ម្សិលមិញ​។

ការសិក្សា​ដែល​មាន​ចំណង​ជើង​ថា «ការ​​​ពង្រឹង​ច្បាប់​គ្រប់គ្រង​វិជ្ជាជីវៈ​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា៖ ការ​វាយតម្លៃ​លឿន​» ​ត្រូវ​បាន​ចេញ​ផ្សាយ​ក្នុង​ Human Resources for Health នៅ​ថ្ងៃ​ទី ១០ ​​ខែ​មីនា​។

វិស័យ​សុខាភិបាល​កម្ពុជា​បាន​រង​ការ​រិះគន់​ជាយូរ​មក​ហើយ​​រហូត​​ដល់​ពលរដ្ឋ​ក្រីក្រ​ខ្លះ​ពេល​ឈឺ​មិន​ហ៊ាន​ទៅ​ពេទ្យ​ទៀត​ផង​ព្រោះ​អត់​លុយ​បង់​ថ្លៃ​ព្យាបាល​៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍