តុលាការផ្តន្ទាទោស​យុវជន​ដែលរងការចោទប្រកាន់​ឲ្យ​មាន​បដិវត្តន៍ពណ៌ ១ឆ្នាំ​៦ខែ​

តុលាការ​រាជធានីភ្នំពេញបាន​កាត់ទោស​យុវជន​ ម្នាក់​ឈ្មោះ គង់ រ៉ៃយ៉ា ដែលរងការចោ​ទប្រកាន់ពី​បទញុះញង់​ឲ្យមានបដិវត្តន៍​ពណ៌​ប្រឆាំងរដ្ឋាភិបាល ឲ្យ​ជាប់ពន្ធនាគារ​១ឆ្នាំ​៦ខែ។​

នៅរសៀល​ថ្ងៃ​អង្គារនេះ ចៅក្រមជំនុំជម្រះ លោក​ ហេង សុខណា ​បានប្រកាស​សាលក្រម​ផ្តន្ទាទោស​យុវជនគង់ រ៉ៃយ៉ា ពី​បទ​ញុះ​ញង់​​​បង្ក​បទ​ឧក្រិដ្ឋជាអាថ៌ ដោយ​សារ​ការ​បង្ហោះ​សារលើហ្វេសប៊ុក​ពី​បដិវត្តន៍ពណ៌។​

តុលាការផ្តន្ទាទោស​យុវជន​ដែលរងការចោទប្រកាន់​ឲ្យ​មាន​បដិវត្តន៍ពណ៌ ១ឆ្នាំ​៦ខែ​យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ​២០១៥

ក្រោយពី​ប្រកាស​សាលក្រម យុវជន គង់ រ៉ៃយ៉ា ដែល​ត្រូវ​សមត្ថកិច្ច​ដាក់​ខ្នោះដៃបណ្តើរ​ចេញ​បី​បន្ទប់​សវនាការ ប្រាប់អ្នក​សារព័ត៌មានថា​លោក​នឹង​ប្តឹង​ឧទ្ធរណ៍​លើ​ករណី​នេះ​។ លោក​បញ្ជាក់​ថា​​៖ តុលាការខ្មែរតែ​ប៉ុណ្ណឹង

ឪពុក​របស់​យុវជន​ គង់ រ៉ៃយ៉ា គឺ លោក គាំង គង់ ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ការ​ប្រ​កាសសាលក្រម​នេះ​ថាការសម្រេចសេចក្តី​មក​លើរូប​កូន​ប្រុស​លោក​នេះមាន​សភាព​ធ្ងន់​​ធ្ងរ ដោយ​លោក​ថាធ្វី​ដែល​កូន​ប្រុសលោកបាន​សរសេរ​គ្រាន់តែ​ជា​ការ​សម្តែង​មតិប៉ុណ្ណោះ។ លោកបន្ថែម​ថា៖ បាទការ​សម្រេចនេះ​មិន​យុត្តិធម៌ទេព្រោះថា​គ្រាន់​ថាការ​បញ្ចេញ​មតិ​ដាក់គុក​ដល់​១ឆ្នាំ​៦ខែគឺវា​ដូចជាធ្ងន់ធ្ងរពេក…ខ្ញុំ​សូម​ថា​ប្តឹងទៅ​ឧទ្ធរណ៍ដើម្បី​បន្ថូបន្ថយ(ទោស)ខ្លះ

លោក គាំង គង់ ក៏បាន​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​កូន​ប្រុស​របស់​លោក​ផង​ដែរ។

មេធាវីការ​ពារក្តី​ឲ្យ​យុវជន​ គង់ រ៉ៃយ៉ា គឺ លោក សំ សុខគង់ មាន​ប្រ​សាសន៍ថាលោក​គ្រោងទៅ​ជួប​កូន​ក្តីរបស់​លោក​នៅ​ពន្ធនាគារនៅសប្តាហ៍​ក្រោយ ដើម្បី​ពិភាក្សា​ពីការ​ដាក់ពាក្យ​បណ្តឹងទៅកាន់​សាលា​ឧទ្ធរណ៍​បន្តទៀត ដើម្បី​ជំទាស់​​ទៅ​នឹង​សេចក្តីសម្រេច​របស់​ចៅក្រម​សាលាដំបូង​នេះ។

ប្រធាន​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការលីកាដូនិង​ជាអ្នក​ចូល​រួម​ស្តាប់​ការប្រ​កាសសាលក្រមនេះ លោក អំ សំអាត​ ចាត់ទុក​ការ​សម្រេច​របស់ចៅក្រម​សាលា​ដំបូង​នេះថា​ជាការ​រឹតត្បិត​ការបញ្ចេញមតិរបស់​ប្រ​ជា​ពលរដ្ឋ​​នៅ​លើ​បណ្តាញ​សង្គម។​

លោក​បន្ថែម​ថា៖ “បាទ​ខ្ញុំ​គិតថា​នេះគ្រាន់​តែ​ជា​យុទ្ធសាស្រ្ត​មួយក្នុងការ​គម្រាម​កំហែង​ទៅដល់អ្នកដែលបញ្ចេញ​​មតិ ​ហើយការ​បញ្ចេញ​មតិរបស់គាត់​ហ្នឹង​អាចប៉ះពាល់​ដល់​គណបក្សនយោបាយណាមួយ​ឬអាច​​ប៉ះពាល់​ផល​ប្រ​យោជន៍ណាមួយ​នោះ នេះ​វាជាការគំរាម​​កំហែង”

​យុវជន គង់ រ៉ៃ​យ៉ា ជានិស្សិត​នៃ​សាកលវិទ្យាល័យខេមរៈ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី​២១ខែសីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធការចោទ​ថា​ញុះញង់​ឲ្យ​​មាន​​បដិវត្តន៍ពណ៌តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។​ នៅក្នុង​សវនាការកាល​ពីកន្លងទៅ  ​យុវជន គង់ រ៉ៃយ៉ា បានអំពាវនាវ​ដល់តុលាការ​រាជធានីភ្នំពេញ ឲ្យ​បន្ថូរបន្ថយទោស ដោយ​អះអាង​ថា​ខ្លួន​មិន​មាន​បំ​ណង​ធ្វើ​បដិវត្តន៍អ្វីនោះទេ។​

មុនការប្រកាសសាលក្រមនេះ និស្សិតមួយចំនួន​នៅសាកលវិទ្យាល័យខេមរៈ​បាន​អំពាវនាវ​ឲ្យ​តុលាការ​លើក​លែង​ ការចោទប្រកាន់នេះ ដោយ​ថា​យុវជន​គង់ រ៉ៃយ៉ា​ មិន​មាន​ខ្សែ​បណ្តាញ​និង​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម មិន​​ធ្លាប់​បង្ក​ចលាចលណា​មួយ​ក្នុង​សង្គម​និង​ពុំ​មាន​លទ្ធ​ភាព​ក្នុង​ការ​ ធ្វើ​ឲ្យមាន​ភាព​វឹកវរ​ដល់​សង្គម​នោះ​ឡើយ៕​

ប្រភពៈ VOD