បក្ស​ជាប់​ឆ្នោត​មាន​ថវិកា​ជាង​ ៧០០ ​លាន​រៀល​សម្រាប់​បំពេញ​ការងារ

ភ្នំពេញៈ ថ្នាក់​ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា និង​ទទួល​បាន​រថយន្ត​មួយ​គ្រឿង​ និង​ថវិកា​សរុប​ជាង ៧០០ លាន​រៀល​សម្រាប់​បំពេញ​ការងារ​ក្នុង​នោះ​គណបក្ស​នីមួយៗ​មាន​សិទ្ធិ​ជ្រើសរើស​ទីប្រឹក្សា​ ៩ រូប​។

សេចក្តី​សម្រេច​ដែល​ត្រូវ​បាន​​ចែកចាយ​កាលពី​ម្សិលមិញ​មាន​​ ៥ ​ប្រការ​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន បញ្ជាក់​ថា​កញ្ចប់​ថវិកា​នេះ​ផ្តល់​ជូន​តាម​សមាមាត្រ​នៃ​ចំនួន​តំណាង​រាស្ត្រ​នៃ​បក្ស​នយោបាយ​​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។

សេចក្តី​សម្រេច​បន្ត​ថា​ថវិកា​នេះ​ត្រូវ​ស្នើ​សុំ​សម្រាប់​ការ​​ចំណាយ​ជាក់ស្តែង​តាម​ត្រីមាស​នីមួយៗ។ ថ្នាក់​ដឹកនាំ​តំណាងរាស្រ្ត​នៃ​បក្ស​នយោបាយ​នីមួយៗ​នឹង​មាន​ខុទ្ធកាល័យ​មួយ​សាលប្រជុំ​មួយ និង​ការិយាល័យ​របស់​ប្រធាន​មួយ​ហើយ​​សម្ភារ​សម្រាប់​ប្រើប្រាស់​ត្រូវ​ផ្គត់ផ្គង់​ដោយ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា។ លើស​ពី​នេះ​គណបក្ស​ជាប់​ឆ្នោត​នីមួយៗ​អាច​មាន​ទីប្រឹក្សា​ ៩ ​រូប ២ រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ៣ រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋ​លេខាធិការ ២ រូប​ស្មើ​អគ្គនាយក និង​ ២ ​រូប​ទៀត​ស្មើ​ប្រធាន​នាយកដ្ឋាន។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​បាន​បញ្ជាក់​ថា​ថវិកា​សរុប​មាន​ចំនួន​ ៧២០ លាន​រៀល​នឹង​ត្រូវ​ចែក​តាម​សមាមាត្រ​ក្នុង​នោះ​សម្រាប់​​ទីប្រឹក្សា​គណបក្ស​ប្រជាជន​ ៩ រូប និង​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ ៩ រូប​សល់​ពី​នេះ​នឹង​ត្រូវ​បែង​​ចែក​​តាម​សមាមាត្រ​អាសនៈ​គណបក្ស​ប្រជាជន​ ៦៨ ​និង​សង្គ្រោះ​ជាតិ​ ៥៥ ​។

ចំពោះ​រថយន្ត​លោក​ថ្លែង​ថា៖ «កាលពី​មុន​យើង​ថា​ផ្តល់​ម៉ាក​ឡិចស៊ីស​ក៏​ប៉ុន្តែ​ឥឡូវ​សម្រេច​លើ​ថ្នាក់ដឹកនាំ​លោក​អ្នក​សម្រេច​ពីព្រោះ​យើង​យក​ថវិកា​រដ្ឋសភា​យើង​មិន​ផ្តល់​ជា​ថវិកា​ឲ្យ​គាត់​ទិញ​ទេ​តែ​ផ្តល់​ជា​រថយន្ត»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍