លោក ផៃ ស៊ីផាន ប្រតិកម្មនឹងមន្រ្តីសង្គមស៊ីវិល ដែលចោទសម្តេច ហ៊ុន សែន ថាលូកលាន់កិច្ចការតុលាការ ចំពោះការដោះលែង សកម្មជនដីធ្លី២នាក់ នៅខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ បានសម្តែងការប្រតិកម្មទៅនឹង មន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួន បានដែលចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថាបានលូកលាន់ទៅក្នុងកិច្ចការរបស់តុលាការ ចំពោះការធានាដោះលែង សកម្មជនដីធ្លី២នាក់ នៅខេត្តកំពង់ស្ពឺ។

លោក ផៃ ស៊ីផាន ប្រតិកម្មនឹងមន្រ្តីសង្គមស៊ីវិល ដែលចោទសម្តេច ហ៊ុន សែន ថាលូកលាន់កិច្ចការតុលាការ ចំពោះការដោះលែង សកម្មជនដីធ្លី២នាក់ នៅខេត្តកំពង់ស្ពឺ

លោក ផៃ ស៊ីផាន បានលើកឡើងថា «បណ្តាញសារព័ត៌មានមួយចំនួន និងជន ឬក្រុមដែលអះអាងថា ជាអង្គការសង្គមស៊ីវិល បានលើកឡើងថា ការធ្វើអន្តរាគមន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីយប់មិញ ដែលយកបុត្រាជាទីស្រឡាញ់ របស់លោកទៅធានា ដើម្បីឲ្យជនជាប់ចោទមានលទ្ធភាព នៅក្រៅឃុំនោះ គឺជាអំពើលូកលាន់ ជ្រៀតជ្រែកនៅក្នុងការងាររបស់តុលាការ។…ចម្លើយរបស់ខ្ញុំ គឺដោយសារការគោរព របស់សម្តេចតេជោចំពោះ ឯករាជ្យភាពរបស់តុលាការ ទើបសម្តេចតេជោ យកបុត្រាទាំងពីរទៅធានាឲ្យនៅក្រៅឃុំ។ រីឯការវិនិច្ឆ័យក្តីជាឆន្ទានុសិទ្ធិរបស់ចៅក្រម។ កំណែទម្រង់យុត្តិធម៌នៅតែដំណើរការបន្តដោយម៉ឺងម៉ាត់ ទាំងយន្តការ បែបបទការងារ ពិនិត្យ និងតាមដានរាល់ការសម្រេច ដែលជាឆន្ទានុសិទ្ធិរបស់ចៅក្រម»

កាលពីម្សិលមិញ បន្ទាប់ពីទទួលបានដំណឹងអំពីការឃុំខ្លួនតំណាងពលរដ្ឋរងគ្រោះ ដោយបញ្ហាដីធ្លី២នាក់ ពីសំណាក់តុលាការខេត្តកំពង់ស្ពឺ, សម្តេចតេជោ ហ៊ុន សែន បានសម្តែងការខកចិត្ត ហើយបញ្ជាឱ្យកូនប្រុសរបស់សម្តេច២នាក់ នោះគឺ លោក ហ៊ុន ម៉ានី និង លោក ហ៊ុន ម៉ានិត ដើម្បីចេញទៅរៀបចំនីតិវិធីក្នុងការធានាដល់ពលរដ្ឋទាំង២នាក់នោះ ឱ្យបាននៅក្រៅឃុំ។

តំណាងប្រជាពលរដ្ឋរងគ្រោះក្នុងទំនាស់ដីធ្លីទាំង២នាក់ រួមមានអ្នកស្រី យូ រ៉ន និងអ្នកស្រី អ៉ិត រុំ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចាប់ខ្លួននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្នុងទំនាស់ដីធ្លីស្ថិតនៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគាត់រងគ្រោះ ដោយសារអាជ្ញាធរ ឃុបឃិតគ្នាឈូសឆាយរំលោភ យកដីធ្លី ដែលពួកគាត់រស់នៅ។ លោក ផៃ ស៊ីផាន បានលើកឡើងថា នេះជាគោលការណ៍នយោបាយយុត្តិធម៌។

ដោយឡែកពីកិច្ចការយុត្តិធម៌របស់តុលាការ គឺជាភារកិច្ចរបស់រដ្ឋាភិបាល ដែលមានក្រសួងយុត្តិធម៌ ជាសេនាធិការ តាមដាន និងពិនិត្យរាល់សកម្មភាពរបស់ចៅក្រម និងដំណើរការវិនិច្ឆ័យក្តី។ អាស្រ័យហេតុនេះទើប សម្តេចតេជោ បានបង្គាប់ឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យលើករណីនេះ។

លោកចោទជាសំណួរថា «ហេតុដូចម្តេចបានជាជន ឬក្រុម ដែលតាំងខ្លួនជាអង្គការសង្គមស៊ីវិល មានសិទ្ធិក្នុងកិច្ចការពារប្រជាពលរដ្ឋ មកតតាំង ចំអកឡកឡើយដល់នាយករដ្ឋមន្ត្រី ដែលកើតចេញពីប្រជាពលរដ្ឋ គ្មានសិទ្ធិការពារប្រជាពលរដ្ឋខ្លួនឯង ក្នុងពេលអន្តរកាល នៃកំណែទម្រង់យុត្តិធម៌នេះ?»

ប្រភពៈ freshnewsasia