ក្រុម​មន្រ្តី​របស់​អាមេរិក និង​កូតឌីវ័រ​ពិភាក្សា​ពី​ចំណាយ​លើ​ការ​អភិវឌ្ឍ

ក្រុម​មន្រ្តី​របស់​អាមេរិក និង​កូតឌីវ័រ​ពិភាក្សា​ពី​ចំណាយ​លើ​ការ​អភិវឌ្ឍ

បុរស​ម្នាក់​ធ្វើ​ការ​នៅ​រោងចក្រ​ជ័រ​នៅ​ក្នុង​ភូមិ Songon ភាគ​ខាង​ជើង​នៃ​ក្រុង Abidjan ប្រទេស​កូឌីវ័រ កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។គណៈប្រតិភូ​មួយ​ក្រុម​របស់​ទីភា្នក់ងារ​ជំនួយ​បរទេស​របស់​អាមេរិក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូតឌីវ័រ នៅ​ក្នុង​ខែ​កុម្ភៈ​​ដើម្បី​ពិភាក្សា​ពី​ការ​អនុវត្ត​នៃ​ជំនួយ​ដ៏​ធំ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដើម្បី​ប្រយុទ្ធ​នឹង​ភាព​ក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​។
ក្រុង ABIDJAN—

គណៈប្រតិភូ​មួយ​ក្រុម​របស់​ទីភា្នក់ងារ​ជំនួយ​បរទេស​របស់​អាមេរិក​ដែល​មាន​ឈ្មោះ​ថា Millennium Challenge Corporation (MCC) បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូតឌីវ័រ (Ivory Coast) នៅ​ក្នុង​ខែកុម្ភៈ​ដើម្បី​ពិភាក្សា​ពី​ការ​អនុវត្ត​នៃ​ជំនួយ​ដ៏​ធំ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដើម្បី​ប្រយុទ្ធ​នឹង​ភាព​ក្រីក្រ និង​ជំរុញ ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​នៅ​ភាគ​ខាង​លិច​ទ្វីប​អាហ្វ្រិក​មួយ​នេះ។ 

ប្រាំ​ឆ្នាំ​បន្ទាប់​ពីអំពើ​ហិង្សា​ក្រោយ​ការ​បោះឆ្នោត​បាន​រីកសាយភាយ​ពាសពេញ​ប្រទេស​កូតឌីវ័រ (Ivory Coast) ប្រទេស​នេះ​មាន​សិទ្ធិ​ទទួល​បានជំនួយ​ប្រភេទ Compact មួយ​ពី​ទីភ្នាក់ងារ​ជំនួយ Millennium Challenge Corporation (MCC) ដែល​ជា​ទីភ្នាក់ងារ​ជំនួយ​បរទេស​របស់​អាមេរិក។

ជំនួយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​សញ្ញា​បង្ហាញ​ថា ដៃ​គូ​បរទេស​មាន​សេចក្តីទុក​ចិត្ត​ឡើងវិញ​លើប្រទេស​កូតឌីវ័រ​ ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ស្ទុះងើប​ឡើង​វិញ​ក្នុង​អត្រា​៩ភាគរយជា​រៀងរាល់​ឆ្នាំចាប់​តាំង​ពី​ឆ្នាំ២០១២។

លោក Kamran Khan ជា​អនុប្រធាននាយកដ្ឋាន​ Compact Operations របស់​ទីភ្នាក់ងារ MCC។ លោក​បាន​និយាយ​កាល​ពី​ថ្ងៃទី១០ ខែកុម្ភៈ​ថា ប្រទេស​កូតឌីវ័រ​បាន​ទទួល​ជោគជ័យ​លើ​សូចនាករ​ ១៣ នៅ​ក្នុង​ចំណោម​សូចនាករ​ទាំងអស់​ ២០ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​សិទ្ធិ​ទទួល​បានជំនួយ។

«សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​គឺ​ពឹង​ផ្អែក​លើ​ការ​រីកចម្រើន​ប្រទេស​កូតឌីវ័រ​មាន​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ការ​បង្កើត​គោលការណ៍ និង​ស្ថាប័ន​ប្រជាធិបតេយ្យ​ និងការ​ធ្វើ​ឲ្យ​មានស្ថេរភាព​លើ​ស្ថាន​ភាពនយោបាយ​នៅ​ក្នុង​ប្រទេស កំណើន​សេដ្ឋកិច្ច​ ក៏ដូចជាការ​រីកចម្រើន​របស់​ប្រទេស​នេះ​លើលើ​សូចនាករ​ជា​ច្រើន​ទៀត»។​

កាលពី​ឆ្នាំ​ទៅ ប្រទេស​កូតឌីវ័រ​ត្រូវ​បាន​គេ​ប្រកាស​ថា មាន​សិទ្ធិ​ទទួល​បានជំនួយ​មួយ​ភាគ​តូចពី​ទីភ្នាក់ងារ MCC ដែល​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ «ចំណុចចាប់​ផ្តើម» សម្រាប់​ប្រទេស​នេះ ហើយ​ឥឡូវនេះ កូតឌីវ័រអាច​ស្នើ​សុំ​ជំនួយ​ Compact​ ដោយ​បាន​ក្លាយ​ជា​ប្រទេស​ទី១០​នៅ​អាហ្រ្វិក​ខាង​លិច​ដែល​អាច​មាន​សិទ្ធិ​ធ្វើ​បែប​នេះ។​

ចំនួន​ជា​មធ្យម​នៃ​ជំនួយ​ Compact ​គឺ​មាន​រវាង​៣០០លាន​ ដុល្លារ​ ទៅ​៣៥០លាន​ដុល្លារ ក្នុង​រយៈពេល​៥ឆ្នាំ ហើយជំនួយ​នេះមាន​គោលបំណង​លុប​បំបាត់​ឧបសគ្គ​ចំពោះ​កំណើន​សេដ្ឋកិច្ច​តាម​រយៈ​ការ​វិនិយោគ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​កំណែ​ទម្រង់​គោលនយោបាយ។

នៅ​ក្នុង​ប្រទេស​កូតឌីវ័រ ឧបសគ្គ​សំខាន់ៗ​ចំនួន៤​ត្រូវ​បាន​រកឃើញ ​ពាក់ព័ន្ធ​ទៅ​នឹង​មធ្យោបាយ​ធ្វើ​ដំណើរ បន្ទុក​ពន្ធ តម្រូវ​ការ​សម្រាប់​ដី​ឧស្សាហកម្ម​បន្ថែម​ និង​ជំនាញ​បច្ចេកទេស​ក្នុង​ចំណោម​ពលរដ្ឋ​របស់​កូតឌីវ័រ។

លោក Khan បាន​និយាយ​ថា ចំណុច​សំខាន់​មួយ​គឺ​ត្រូវ​ចៀសវាង​អំពើ​ពុករលួយ និង​ធានា​ថា​ជំនួយ​នោះ​នឹង​ទៅ​ដល់​គោលដៅ​របស់​វា។ លោក​បាន​និយាយ​ថា ទីភ្នាក់ងារ MCC ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​ពី​ការ​វិវត្ត​នៅ​ក្នុង​ប្រទេស​នេះ។

«យើង​មាន​ស្តង់ដារ​ខ្ពស់​ខ្លាំង​ណាស់​សម្រាប់​ការ​ទទួល​ខុស​ត្រូវ​ ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​បញ្ហា​ផ្សេងៗ​ទៀត។ យើង​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​សមភាគី​របស់​យើង​ និង​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ ដូច​ដែល​យើង​មាន​ការ​ទទួល​ខុស​ត្រូវ​អញ្ចឹង​ដែរ។​ បន្ទាប់​ពីទទួល​បាន​សិទ្ធិ​ ប្រទេស​មួយ​ត្រូវ​ទទួល​បាន​ជោគជ័យ​លើ​សូចនាករ​ផ្សេងៗ។ ប្រសិន​បើ​ពួកគេ​មិន​អាច​ឆ្លង​ផុត​ទេ រចនាសម្ព័ន្ធ​នីតិបញ្ញត្តិ របស់​យើង​អនុញ្ញាត​ឲ្យ​យើងព្យួរ​ការ​ផ្តល់​ជំនួយ​នោះ»។

ប្រទេស​ម៉ាឡាវី (Malawi) ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នានា​ដែល​ត្រូវ​បាន​គេ​ព្យួរ​ជំនួយ​រយៈពេល​ខ្លី​មួយក្នុង​ឆ្នាំ២០១២ បន្ទាប់​ពី​ប្រទេស​នេះ​បាន​រំលោភ​លក្ខខណ្ឌ​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ​របស់​ទីភ្នាក់ងារ MCC។ ប្រទេស​ម៉ាឡាវី​ទទួល​បាន​សិទ្ធិ​ទទួល​ជំនួយ​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ក្រោយ​មក៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ