PNN ​បញ្ចេញ​កម្មវិធី​កម្សាន្ត​ថ្មី «វេទិកា​លោក​ព្រហ្ម​ម៉ាញ»

ស្ថានីយ​ទូរទស្សន៍ថ្មី​ និង​ទំនើប​បំផុត​នៅ​កម្ពុជា​ PNN បាន​ផ្តល់​ជូន​ពលរដ្ឋ​កម្ពុជា​នូវ​កម្មវិធី​កំប្លែង​ថ្មី​ ធានា​ធ្វើ​ឲ្យ​អារម្មណ៍​កាន់​តែ​ស្រស់​ថ្លា​ជាមួយ​តារា​ជើង​ចាស់​ពោរពេញ​វោហារ​មិន​ចេះ​រីង​ស្ងួត គឺ​លោក​ព្រហ្មម៉ាញ​ក្នុង​កម្មវិធី ថ្មី​និង​ប្លែក។

 
លោក​ព្រហ្មម៉ាញ​ជា​តារា​អាយ៉ៃ​ជើង​ចាស់​មួយ​រូប​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា​ទាំង​ក្នុងនិង​ក្រៅ​ប្រទេស​ពោរពេញ​ដោយ​ទេព​កោសល្យ​កំប្លែង​ស្ងួត​លាយ​ឡំ​ជាមួយ​ការ​អប់រំ​ផង​នោះ​ នឹង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ថ្មី​របស់​ស្ថានីយ​ទូរទស្សន៍ PNN ឈ្មោះ​ថា «វេទិកា​លោក​ព្រហ្មម៉ាញ» ផ្ទាល់​តែ​ម្តង​ ដែលផ្តល់​ឱកាស​​ដល់​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ទទួល​បាន​នូវ​ទស្សនីយ​ភាព​ថ្មី​មិន​ធ្លាប់​មាន​ពី​មុន​មក។

 

PNN ​បញ្ចេញ​កម្មវិធី​កម្សាន្ត​ថ្មី «វេទិកា​លោក​ព្រហ្ម​ម៉ាញ»

 

កម្មវិធី​ថ្មី​នេះ​នឹង​ចាក់​ផ្សាយ​រៀង​រាល់​ថ្ងៃ​ពុធ​ វេលា​ម៉ោង៨:៣០​នាទី​យប់​ វត្តមាន​​លោក​ព្រហ្ម​ម៉ាញ​ក្នុង​នាម​ជា​ពិធីករ​កម្មវិធី​ជាមួយ​នឹង​សម្លៀក​បំពាក់​ស្តាយន៍​ថ្មី​ប្លែក​គួរ​ឲ្យ​ទាក់​ទាញ​លាយ​ឡំ​នឹង​សំនៀង​វោហារ​កំប្លែង​ ក៏​ដូច​ជា​កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​ភ្ញៀវ​កិត្តិយស​កម្មវិធី​នេះ​ផ្ទាល់​តែ​ម្តង​។

 

ភ្ញៀវ​កិត្តិយស​ដំបូង​ដែល​នឹង​ចូល​ខ្លួន​ទទួល​កិច្ច​សម្ភាសន៍​ផ្ទាល់​ក្នុង​កម្មវិធី​ថ្មី​នេះ​ជា​ពិធីករ​ និង​ជា​តារា​ដ៏​ល្បី​ម្នាក់​របស់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ គឺ​លោក​ ប៉ែន ចំរ៉ុង។ សប្តាហ៍​ក្រោយ​ៗ​ទៀត​លោក​ ព្រហ្មម៉ាញ​ ក៏​នឹង​បង្ហាញ​វត្តមាន​ជាមួយ​តារា​ល្បីៗ​ជា​ច្រើន​ផ្សេង​ទៀត​ ​ ដូច​ជា​ សារ៉ាយ ស័ក្ខណា ​និង​ កញ្ញា នៅ សុនីតា ជា​ដើម។

 

លោក​ព្រហ្មម៉ាញ​រួម​និង​ភ្ញៀវ​កិត្តិយស​របស់​លោក​ នឹង​ជ្រើស​យក​ទិដ្ឋភាព​ពិត​ជា​ច្រើន​ដែល​កំពុង​កើត​ឡើង​ក្នុង​ជីវិត​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​​សង្គម​​កម្ពុជា​បច្ចុប្បន្ន ជា​ពិសេស​គឺ​បញ្ហា​ចរាចរណ៍ មក​ពិភាក្សា​វែក​ញែក​ ធ្វើ​ឲ្យ​ទស្សនិក​ជន​ទទួល​បាន​ភាព​សប្បាយ​រីក​រាយ។

 

PNN ​បញ្ចេញ​កម្មវិធី​កម្សាន្ត​ថ្មី «វេទិកា​លោក​ព្រហ្ម​ម៉ាញ»

 

ផលិតករ​កម្មវិធី​អ្នក​នាង ធៀន នារុំ សង្ឃឹម​ថា​ប្រិយ​មិត្ត​របស់ PNN នឹង​ពេញ​ចិត្ត​ជា​មួយ​ចំណី​ចក្ខុ​ថ្មី​នេះ។ «គ្រប់​គ្នា​ពិតជា​ស្គាល់​ច្បាស់​ លោក​ ព្រហ្មម៉ាញ ​គឺ​មាន​អំណោយ​ទាន​ខ្លាំង​លើ​ទេព​កោសល្យ​កំប្លែង។​  ការ​សម្រេច​ចិត្ត​របស់ PNN ជ្រើស​យក​លោក​ ព្រហ្ម​ ម៉ាញ ចូល​រួម​ក្នុង​កម្មវិធី​កំប្លែង​និង​កម្សាន្ត​​ថ្មី​របស់​ខ្លួន គឺ​ជា​រឿង​ត្រឹម​ត្រូវ​មួយ។ក្រុម​ការងារ​យើង​ជឿ​ជាក់​ថា​​ ជាមួយ​នឹង​ទស្សនៈ​ថ្មីៗ​បន្ថែម​ទៀត​ទស្សនិក​ជន​ទាំង​អស់​នឹង​កាន់​តែ​ពេញ​ចិត្ត​ទទួល​ស្គាល់​ស្នាដៃ​កំប្លែង​របស់​លោក​កាន់​តែ​ខ្លាំង​ថែម​ទៀត»។

 

PNN បាន​បង្កើត​កម្មវិធី​កម្សាន្ត​​ថ្មីៗ​ជាច្រើន​សម្រាប់​ចាក់​ផ្សាយ​ក្នុង​ម៉ោងមាស​របស់​ខ្លួន​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បម្រាម​របស់​ក្រសួង​ព័ត៌មាន​នៃ​ការចាក់​ផ្សាយ​កម្មវិធី​ក្នុង​ចន្លោះ​ម៉ោង​៧​ដល់​ម៉ោង​៩​យប់។ សេចក្តី​ណែនាំ របស់​​ក្រសួង​ព័ត៌មាន​កម្ពុជា​តម្រូវ​ឲ្យ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ទាំ​ងអស់​រាប់​បញ្ចូល​ទាំង​ក្រុម​ហ៊ុន​ទូរទស្សន៍​ខ្សែ​កាប​ឲ្យ​ចាក់​ផ្សាយ​តែ​កម្មវិធី​ និង​ភាព​យន្ត​ផលិត​ក្នុង​ស្រុក​ប៉ុណ្ណោះ​នៅ​ម៉ោងមាស​របស់ខ្លួន។
 

កម្មវិធី​នេះ​មាន​ទាំង​ការ​សន្ទនា​ជាមួយ​តារា​ ភាព​កំប្លុក​កំប្លែង ល្បែង​កម្សាន្ត​និង​ការ​សម្តែង​ផ្ទាល់​ក្នុង​កម្មវិធី​ពី​សំណាក់​បុគ្គល​ និង​តារា​ល្បីៗ​មួយ​ចំនួន​ទៀត​ផង៕

 

អត្ថបទ៖ពាណិជ្ជកម្ម