តុលាការ​ផ្ដន្ទាទោស​យុវជន​គំរាម​ធ្វើ​បដិវត្ត​ពណ៌​តាម​ហ្វេសប៊ុក​ដាក់​ពន្ធនាគារ​១​ឆ្នាំ​កន្លះ

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​យុវជន គង់ រ៉ៃយ៉ា និស្សិត​សាកលវិទ្យាល័យ​ខេមរៈ ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ បន្ទាប់​ពី​យុវជន​រូប​នេះ ប្រកាស​ធ្វើ​បដិវត្ត​ពណ៌​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​ឆ្នាំ​មុន។ យុវជន គង់ រ៉ៃយ៉ា និង​មន្ត្រី​សិទ្ធិ​មនុស្ស ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​នេះ ថា​ជា​រឿង​អយុត្តិធម៌។

ក្រោយ​ពី​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ហេង សុខណា ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​មីនា យុវជន គង់ រ៉ៃយ៉ា ដែល​មាន​សម្លៀកបំពាក់​ពណ៌​ទឹក​ក្រូច និយាយ​ទាំង​ទឹក​មុខ​ស្រពោន​ពេល​ចេញ​ពី​បន្ទប់​សវនាការ​ថា គ្មាន​អ្វី​ចម្លែក​នោះ​ទេ​ចំពោះ​តុលាការ​ស្រុក​ខ្មែរ ដែល​កាត់​សេចក្តី​ដោយ​អយុត្តិធម៌​នោះ។

យុវជន​រូប​នេះ​បន្ត​និយាយ​ទាំង​ប៉ូលិស​រារាំង​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ទៅ​ជិត​ថា វា​មិន​ត្រឹម​តែ​អយុត្តិធម៌​សម្រាប់​លោក​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក៏​រង​ភាព​អយុត្តិធម៌​ដែរ។

មាន​វ័យ ៦៧​ឆ្នាំ ឪពុក​យុវជន គង់ រ៉ៃយ៉ា គឺ​លោក កាំង គង់ សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​តុលាការ​ថា វា​មិន​យុត្តិធម៌​ឡើយ​សម្រាប់​កូន​ប្រុស​របស់​លោក ដែល​គ្រាន់​តែ​បញ្ចេញ​មតិ ហើយ​ត្រូវ​បាន​តុលាការ​កាត់​ទោស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ៖ «ខ្ញុំ​នឹង​សុំ​ប្ដឹង​ទៅ​ឧទ្ធរណ៍ ដើម្បី​ឲ្យ​បន្ធូរបន្ថយ​ទោស​ទៅ​ទៀត ព្រោះ​ទោស​នេះ​ធ្ងន់ធ្ងរ​ពេក»

យុវជន គង់ រ៉ៃយ៉ា អាយុ ២៤​ឆ្នាំ គឺ​ជា​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​ខេមរៈ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥ ក្រោយ​ពី​យុវជន​រូប​នេះ បង្ហោះ​សារ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ សូរីយា កូកូ (Soriya Koko)។ សារ​នោះ​សរសេរ​ថា «តើ​មាន​បង​ប្អូន​ណា​ហ៊ាន​ធ្វើ​បដិវត្ត​ពណ៌​ជាមួយ​ខ្ញុំ​ទេ? ថ្ងៃ​ណា​មួយ​នៅ​ពេល​ខាង​មុខ​នេះ ខ្ញុំ​នឹង​ធ្វើ​បដិវត្ត​ពណ៌ ដើម្បី​ផ្លាស់ប្ដូរ​របប​ដ៏​ថោក​ទាប​មួយ​នេះ​ចេញ​ពី​សង្គម​ខ្មែរ ទោះ​បី​ជា​ត្រូវ​ជាប់​គុក ឬ​ស្លាប់​ក៏ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ»

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​តាម​ដាន​ការ​ប្រកាស​សាលក្រម​នេះ មាន​ប្រសាសន៍​ថា ការ​ផ្ដន្ទាទោស​នេះ គឺ​គ្មាន​ភាព​យុត្តិធម៌​ឡើយ ព្រោះ​អ្វី​ដែល​យុវជន គង់ រ៉ៃយ៉ា បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​នោះ គ្រាន់​តែ​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ ពុំ​បាន​បណ្ដាល​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​ឡើយ។ លោក​បន្ថែម​ថា ចំណាត់​ការ​នេះ គឺ​ជា​ការ​គំរាម​កំហែង និង​បំបិទ​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ៖ «ខ្ញុំ​គិត​ថា​វា​មិន​មាន​ភាព​យុត្តិធម៌​សម្រាប់​គាត់​ទេ ព្រោះ​បើ​យើង​មើល​ឲ្យ​ស៊ី​ជម្រៅ​ទៅ វា​គឺ​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​បុគ្គល និង​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​ទេ ប៉ុន្តែ​នៅ​កម្ពុជា ភាគ​ច្រើន​ឲ្យ​តែ​បញ្ចេញ​មតិ​ទៅ​ប៉ះពាល់ គេ​តែង​តែ​យក​បទល្មើស ដើម្បី​ធ្វើ​ការ​ផ្ដន្ទាទោស មិន​បាន​គិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ទេ។ យើង​មើល​ថា តើ​ការ​បញ្ចេញ​មតិ​របស់​គាត់ វា​ធ្វើ​ឲ្យ​ប៉ះពាល់​អី​ហើយ​នៅ

លោក អំ សំអាត សង្កេត​ឃើញ​ថា សង្គម​កម្ពុជា គ្មាន​អ្វី​ស្មើ​ភាព​គ្នា​ទេ ទាំង​ការ​អនុវត្ត​ច្បាប់ ការ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​ប្រមូល​ផ្តុំ​គ្នា​ក្តី។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា និស្សិត​មួយ​ក្រុម​នៃ​សាកលវិទ្យាល័យ​ខេមរៈ ដែល​ជា​មិត្ត​រួម​ថ្នាក់​ជាមួយ​យុវជន គង់ រ៉ៃយ៉ា បាន​ដាក់​លិខិត​ទៅ​ស្ថាប័ន​ចំនួន​បី គឺ​ក្រសួង​យុត្តិធម៌ ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​មហាផ្ទៃ សុំ​ឲ្យ​អន្តរាគមន៍​ទៅ​តុលាការ ដើម្បី​សុំ​ដោះលែង​យុវជន គង់ រ៉ៃយ៉ា។ ពួក​គេ​អះអាង​ថា ចាប់​តាំង​ពី​ពួក​គាត់​បាន​សិក្សា និង​ស្គាល់ គង់ រ៉ៃយ៉ា មក សង្កេត​ឃើញ​ថា លោក រ៉ៃយ៉ា មាន​អាកប្បកិរិយា​ល្អ មិន​ដែល​បង្ក​ការ​រំខាន ឬ​ធ្វើ​សកម្មភាព​អ្វី​មួយ​ប៉ះពាល់​សង្គម ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។ ម្យ៉ាង​ទៀត គាត់​គ្រាន់​តែ​បញ្ចេញ​មតិ​ក្នុង​នាម​ជា​អ្នក​សិក្សា​ថ្នាក់​ឆ្នាំ​មូលដ្ឋាន មាន​ការ​យល់​ដឹង​អត្ថន័យ​ពាក្យ​បដិវត្តន៍​ពណ៌​នៅ​មាន​កម្រិត​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។